ធនាគារ ២ កន្លែងនៅភ្នំពេញ ត្រូវបានបិទទ្វារ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩!

ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពេលនេះក្រសួងសុខាភិបាល បានធ្វើតេស្ដសំណាករកឃើញករណីអ្នកឆ្លងជំងឹកូវីដ-១៩ ចំនួន ២ នាក់ផ្សេងទៀត ដោយបានប៉ះពាល់ផ្ទាល់ជាមួយស្ដ្រីអាយុ ៣៨ ឆ្នាំដែលរកឃើញវីរុសកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ 

ករណីឆ្លងថ្មីបានរកឃើញនៅលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំមានអាស័យដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ និងប្អូនស្រីបង្កើតរបស់គាត់ អាយុ ២១ ឆ្នាំអាស័យដ្ឋានជាមួយគ្នា និងជាបុគ្គលិកធនាគារ កាថេយូណៃធិត (ផ្លូវសម្តេចប៉ាន) រាជធានីភ្នំពេញ។ 

ក្រោយពីបានរកឃើញករណីឆ្លងវិជ្ជមានលើបុគ្គលិកធនាគារទាំង ២ ខាងលើនោះ ក្រសួងសុខាភិបាលបានស្នើរសុំការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើការផ្អាកដំណើរការធនារគារ កាថេយូណៃធីត (ផ្លូវសម្តេចប៉ាន) ជាបណ្ដោះអាសន្នសិនរយៈពេល ១៤ ថ្ងៃ និងធនាគារចិន កាណាឌីយ៉ា (ផ្លូវព្រះមុន្នីវង្ស) ក្នុងរយៈពេលខ្លី គិតចាប់ពីថ្ងៃទី ០៣ ខែធ្នូនេះតទៅ ដើម្បីក្រុមការងារក្រសួងបានចុះយកសំណាកបុគ្គលិកទាំងអស់នោះ និងតម្រូវឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃគ្រប់ៗគ្នា ព្រមទាំងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ -ល-។

គូសបញ្ជាក់ផងដែរ លទ្ធផលនៃការធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា កន្លងទៅនេះ ក្រសួងសុខាភិបាលប្រមូលសំណាកមកធ្វើវិភាគសរុបចំនួន ៨,៧៦៦ នាក់ហើយនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងនោះបានរកឃើញករណីឆ្លងថ្មីសរុប ១៩ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៣៣១ នាក់ ជាសះស្បើយ ៣០៤ នាក់ និងនៅសល់ចំនួន ២៧ នាក់ (សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ)។