ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន ២៨% មកហើយ!

ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ មានប្រវែង ១៩០ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានជាលទ្ធផល ២៨% មកហើយ និងមិនមានការបង្អាក់ការងារដោយសារវិបត្តិជំងឺកូវីដ-១៩ ឡើយ។  

យោងតាមប្រសាសន៍របស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ ឲ្យដឹងថា គិតមកដល់ដំណាច់ខែវិច្ឆិកា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានបាន ២៨% ហើយគម្រោងផែនការនៅកំពុងបន្ដជាធម្មតា ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ លោកបានបន្ថែមថា គម្រោងផ្លូវនេះមានប្រវែងសរុប ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៨.៣ គីឡូម៉ែត្រ, ខេត្តកណ្ដាល ៩.១ គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ៨០.៨ គីឡូម៉ែត្រ, ខេត្តកោះកុង ១.៩២ គីឡូម៉ែត្រ, និងខេត្តព្រះសីហនុ ៨៩.៨៩ គីឡូម៉ែត្រ។ 

គម្រោងសាងសង់ផ្លូវល្បឿនលឿនេះ នឹងត្រូវចាក់បេតុងអ៊ុតកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ មានប្រវែង ១៩០ គីឡូម៉ែត្រ ទទឹងតួផ្លូវ ២៤.៥ ម៉ែត្រ ដោយបែងចែកចេញជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) អនុញ្ញាតិឲ្យយានយន្ដបើកបរដល់ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះទៀតសោត ក៏ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមកំណាត់ផ្លូវ ដូចជាមានលូគ្រប់ប្រភេទចំនួន ២៦៣ កន្លែង, ស្ពានតូចចំនួន ៥ កន្លែងប្រវែង ១០៥ ម៉ែត្រ, ស្ពានធំនិងស្ពានមធ្យមចំនួន ៨០ កន្លែង ប្រវែង ៦,០១៥ ម៉ែត្រ, មានផ្លូវប្ដូរទិស ៧ កន្លែង, ផ្លូវប្រសព្វ ២៨ កន្លែង, ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧ កន្លែង, និងស្ពានរំលងផ្លូវ ២០ កន្លែង ថែមទាំងមានកន្លែងសម្រាក ៣ កន្លែង ចំណត ១ កន្លែង តំបន់ផ្ដល់សេវាថែទាំរថយន្ដ ៤ កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានទទួលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន តាមរយៈការបង្កើតក្រុមហ៊ុន Cambodian PP-SHV Expressway Co., Ltd ត្រូវចំណាយទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ ក្រោមលក្ខខណ្ឌ BOT (Build-Operate-Transfer) និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៥០ លានដុល្លារពីរដ្ឋាភិបាលចិន។