គម្រោងសាងសង់អគារពិសោធន៍វេជ្ជសាស្ត្រថ្មីមួយ កំពុងសាងសង់ឡើងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ៖ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់ក្រុងព្រះសីហនុ រដ្ឋបាលខេត្ត បានសម្រេចធ្វើការបង្កើត និងសាងសង់ជាអគារពិសោធន៍វេជ្ជសាស្ត្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនឆាប់ៗនេះ។

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានឱ្យដឹងថា គម្រោងសាងសង់អគារពិសោធន៍វិជ្ជសាស្ត្រថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ថិតនៅក្នុងបរិវេន នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានកំពុងដំណើរការទៅមុខ។ ទន្ទឹមគ្នានោះដែរ រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីជូនដំណឹង ឲ្យរុះរើសំណង់មិនរៀបរយ ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាដីចំណីផ្លូវសាធារណៈ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្តផងដែរ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលកំពុងដំណើរការសាងសង់ គឺជាមន្ទីរពិសោធន៍វេជ្ជសាស្រ្តថ្មីស្រឡាងមួយ ដែលត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីន ពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុផងដែរ។ 

ស្ថិតក្នុងគម្រោង អភិវឌ្ឍមន្ទីរពេទ្យ ពិតជាចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំទូលាយ បរិយាកាសស្ងប់ស្ងាត់គ្មានការរំខាន អនាម័យបរិស្ថាន បរិយាកាសល្អខ្យល់បរិសុទ្ធ មានសម្ភារបរិក្ខារទំនើបទាន់សម័យ និងក្រុមគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់។ល។ ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ដែលបានសាងសង់សំណង់មិនរៀបរយ នៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្ត ហើយជាដីចំណីផ្លូវសាធារណៈ និងជាដីត្រៀមបម្រុងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ត្រូវចូលរួមសហការធ្វើការរុះរើ និងប្រគល់ទីតាំងខាងលើជូនរដ្ឋបាលខេត្ត ធ្វើអភិវឌ្ឍន៍ដើម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល៕

 

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ