ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន កំពុងស្ថិតក្នុងការកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ

ប្រេស៊ីល៖ សកម្មភាពកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃយក្សអាម៉ាហ្សូន បានកើនឡើងខ្ពស់ខ្លាំងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលត្រឹមតែ ១២ ឆ្នាំចុងក្រោយនេះ ហើយបញ្ហានោះ នៅមិនទាន់អាចត្រូវបានដោះស្រាយ នៅឡើយ។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះ បានឱ្យដឹងអំពីហានិភ័យខ្ពស់ កំពុងតែបន្ត និងបំផ្លិញបំផ្លាញទ្រព្យសម្បត្តិធម្មជាតិ ដោយអនាធិបតេយ្យ នៅក្នុងប្រទេសប្រេស៊ីល នៃតំបន់ព្រៃអាម៉ាហ្សូន ជាព្រៃយក្សធំជាងគេបំផុតក្នុងពិភពលោក និងជាសួតរបស់ផែនដី ក្នុងការស្រូបយកឧស្ម័នពុល និងទាក់ទាញទឹកភ្លៀង។ បើទោះបីជារដ្ឋាភិបាលប្រេស៊ីល ដាក់ចេញនូវគម្រោង និងវិធានការទប់ស្កាត់យ៉ាងណាក្ដី តែលទ្ធផលនៅតែមិនមានប្រសិទ្ធភាព ថែមទាំងកើនឡើងខ្លាំងជាងឆ្នាំ ២០១៩ ថែមទៀត។

តាមរយៈរបាយការណ៍ចុងក្រោយ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ របស់រដ្ឋាភិបាលប្រេស៊ីល តាមរយៈទិន្នន័យប្រមូលបាន ដោយប្រើប្រាស់ផ្កាយរណប ក្នុងកម្មវិធីប្រមូលទីន្នន័យប្រចាំឆ្នាំហៅកាត់ថា PRODES បានឱ្យដឹងថា ការបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយធំបំផុត ដែលអត្រានោះបានកើនឡើងដល់ទៅ ៩.៥% បើធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ។ របាយការណ៍ដដែល បានបញ្ជាក់ថា ការបាត់បង់ព្រៃឈើក្នុងឆ្នាំនេះ មានចំនួនធំធេងដល់ទៅ ១១,០៨៨ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំ នៃទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេសចំនួន ៧ ដង រួមបញ្ចូលគ្នា។

ការបាត់បង់ដ៏ធំធេងនេះ គឺផ្ទុយពីច្បាប់ស្ដីពី បម្រែបម្រួលអាកាសធាតុរបស់ប្រេស៊ីលផ្ទាល់ ដោយក្នុងឆ្នាំ ២០០៩ កន្លងទៅ រដ្ឋាភិបាលប្រេស៊ីល បានប្ដេជ្ញាក្នុងការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើក្នុងកម្រិតអតិបរមា ៣,៩០០ គីឡូម៉ែត្រក្រឡា តែបើក្រលែកមកមើលលទ្ធផល នៃចុងឆ្នាំ ២០២០ នេះសបង្ហាញឱ្យឃើញថា រដ្ឋាភិបាលប្រេស៊ីល មិនបានឈានដល់គោលដៅ ដែលបានដាក់ចេញនោះឡើយ ជាលទ្ធផល ប៉ះពាល់យ៉ាងខ្លាំងដល់ជាតិ និងអន្តរជាតិផ្សេងទៀត។

ជុំវិញការបាត់បង់ព្រៃឈើក្នុងទំហំធំធេងនាឆ្នាំ ២០២០ នេះ លោក Hamilton Mourao ជា Vice President នៃប្រទេសប្រេស៊ីល បានលើកឡើងថា “ខណៈពេលដែលយើងនៅទីនេះមិនបង្ហាញការគាំទ្រទៅលើសកម្មភាពទាំងនោះ វាមិនបានបង្ហាញអំពីលទ្ធផលវិជ្ជមានណា ជុំវិញអ្វីដែលយើងបានខិតខំ ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កានោះឡើយ”។ បើទោះបីជារដ្ឋាភិបាលប្រេស៊ីល បានដាក់ចេញនូវគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក្ដី ជុំវិញការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះក៏ដោយ ការកាប់បំផ្លាញនៅតែមាន ហេតុនេះ រដ្ឋាភិបាល នឹងបន្តដាក់ចេញនូវក្រុមទាហាន ដើម្បីទប់ស្កាត់សកម្មភាពទាំងនោះនៅឆ្នាំ ២០២១ ខាងមុខបន្តទៀត៕