រោងចក្រផលិតដែកតម្លៃ ១៦.៧ លានដុល្លារ នឹងបើកដំណើរការក្នុងខែនេះ ចូលរួមផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា!

រោងចក្រផលិតដែកថែប ដ៏ធំមួយនៅស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រកាសចាប់ផ្ដើមបើកដំណើរការនៅក្នុងខែធ្នូនេះ បន្ទាប់ពីមានការតភ្ជាប់បណ្ដាញអគ្គិសនីរួចរាល់ពី EDC ដោយគេនឹងអាចបើកផលិតកម្មដែកថែបនេះបានយ៉ាងរលូន រំពឹងថាអាចផលិតដែកបាន ៥០០,០០០ តោន/ឆ្នាំ ក្នុងដំណាក់កាលដំបូង សម្រាប់ផ្គត់ផ្គង់ដល់វិស័យសំណង់ និងផលិតកម្មក្នុងស្រុក។ 

លោក Lin Xiangrong ប្រធានក្រុមហ៊ុនផលិតដែក ហុងឌីសេង (ខេមបូឌា) បានថ្លែងឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីចុងខែវិច្ឆិកាថា រោងចក្រផលិតដែកថែបនេះ ត្រូវបានវិនិយោគក្នុងតម្លៃទឹកប្រាក់ ១៦.៧ លានដុល្លារ ហើយក៏ថ្លែងអំណរគុណដល់ក្រុមការងារ EDC ដែលទើបបានបញ្ចប់គម្រោងតភ្ជាប់ខ្សែបញ្ជូនថាមពលរួចរាល់ ដើម្បីអាចចាប់ផ្ដើមប្រតិបត្តិការផលិតកម្មដែកថែបបាននៅខែធ្នូនេះ។ លោក កែវ រតនៈ ក៏បានលើកឡើងដែរថា គម្រោងនេះជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសចិន និងកម្ពុជាដែរ ដោយយើងរំពឹងថានឹងមានក្រុមហ៊ុនចិនធំៗជាច្រើនទៀត ផ្លាស់ប្ដូរមូលដ្ឋានមកវិនិយោគក្នុងប្រទេសកម្ពុជា ហើយភ្នាក់ងារអគ្គិសនីកម្ពុជា នឹងបន្ដរជួយគាំទ្រដល់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ដើម្បីមានប្រតិបត្តិការរលូនល្អ។ 

ការវិនិយោគក្រុមហ៊ុនផលិតដែកខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជួយផ្គត់ផ្គង់ដល់តម្រូវការផ្នែកសំណង់ និងផលិតកម្មផ្សេងៗបានមួយផ្នែក ដោយកម្ពុជានឹងអាចកាត់បន្ថយការនាំចូលដែកថែបពីបរទេស ហើយកែច្នៃសំណល់លោហធាតុសម្រាប់ការប្រើប្រាស់ក្នុងស្រុកបាន ដូចជាផលិតកម្ម ខ្សែលួស, ដែកថ្នាំងអំពៅ និងដែកសរសៃជាដើម។

គូសបញ្ជាក់ផងដែរថា បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជាបាននាំចូលសម្ភារៈសំណង់មានតម្លៃជាង ៥៦៥.៩១ លានដុល្លារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២០ ក្នុងនោះការនាំចូលដែកថែបមានចំនួន ២១៧,១៥១ តោន ស្មើនឹងតម្លៃ ១៤០.៨ លានដុល្លារ។