ប្រទេសនូវែលសេឡង់ កំពុងអញ្ជើញប្រជាជននៅជុំវិញពិភពលោក ធ្វើការផ្លាស់ប្តូរឆ្នាំខកចិត្ត ២០២០ របស់ពួកគេនេះ ឲ្យប្រែក្លាយទៅជាព្រៃឈើនៃក្តីសង្ឃឹម (Forest of Hope)

ដូចដែលយើងអាចដឹងបានថា ប្រជាជននៅទូទាំងពិភពលោកបាននិយាយថា ឆ្នាំ 2020 គឺជាឆ្នាំដែលពោពេញទៅដោយការខកចិត្តជាច្រើន និងឆ្នាំជាទីប្រវត្តិសាស្ត្រ ដែលពិភពលោកជួបប្រទះនឹងគ្រោះមហន្តរាយនៃរោគរាតត្បាត ការរាំងស្ទះប្រព័ន្ធធ្វើដំណើរ និងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាប្រទេសនូវែលសេឡង់ កំពុងតែសង្ឃឹម ក្នុងការផ្លាស់ប្តូរស្ថានភាពអាក្រក់មួយនេះ ឲ្យមានន័យសុទិដ្ឋិនិយមវិញ ឲ្យបានទាន់ពេលក្នុងការចាប់ផ្តើមទំព័រថ្មីនៃឆ្នាំ 2021។ 

 

ក្នុងនាមជាប្រទេសដំបូង ដែលនឹងឈានជើងចូលទៅក្នុងពេលនៃឆ្នាំថ្មី មុនគេបង្អស់ (First Time Zone) នូវែលសេឡង់ សង្ឃឹមថានឹងជម្រុញភាពវិជ្ជមានសម្រាប់ឆ្នាំ 2021 ជាមួយនឹងយុទ្ធនាការព្រៃឈើនៃក្តីសង្ឃឹម (Forest of Hope)។

 

រាប់ចាប់តាំងពី ពិធីមង្គលការដែលត្រូវបានលុបចោល និងផែនការវិស្សមកាលដែលបានពន្យារពេល រហូតដល់បញ្ហាការងារ និងអ្វីៗជាច្រើនទៀតដែលបានកើតឡើង ក្រសួងទេសចរណ៍របស់ប្រទេសនូវែលសេឡង់ ចង់ឲ្យប្រជាជននៅជុំវិញពិភពលោក ចែករំលែកសំណាងអាក្រក់ដែលពួកគេបានជួបប្រទះ នៅក្នុងឆ្នាំ 2020 នៅលើអ៊ីនធឺណិត។ ចំពោះរាល់ការខកចិត្ត ដែលបានចែករំលែក អតិថិជនត្រូវបានអញ្ជើញ ឱ្យដាក់ការផ្លាស់ប្តូរវិជ្ជមានលើស្ថានភាពរបស់ពួកគេ ដោយបរិច្ចាគដើមឈើមួយដើម នៅព្រៃនៃក្តីសង្ឃឹម។ ដើមកំណើតនៃព្រៃថ្មីនេះ នឹងតំណាងឲ្យក្តីសង្ឃឹម និងការដាំដុះឡើងវិញសម្រាប់ឆ្នាំថ្មីខាងមុខ។ នេះបើតាម លោកស្រី Sarah Handley នាយកគ្រប់គ្រងទូទៅ នៃផ្នែកទេសចរណ៍សម្រាប់ទ្វីបអាមេរិកនិងអឺរ៉ុប ប្រចាំនៅក្រសួងទេសចរណ៍របស់នូវែលសេឡង់ (Tourism New Zealand) បានលើកឡើង។ 

 

គាត់បានបន្តថា “នៅក្នុងប្រទេសនូវែលសេឡង់ តម្លៃ Te Reo Māori នៃ manaaki និង tiaki  មានការពាក់ព័ន្ធមិនគួរអោយជឿ នាពេលបច្ចុប្បន្ននេះ។ manaaki និយាយពីសារសំខាន់នៃការទទួលបានការយល់ចិត្ត និង tiaki លើកទឹកចិត្តយើង ឲ្យយកចិត្តទុកដាក់ចំពោះមនុស្សនិងទីកន្លែង។ ខណៈព្រំដែនរបស់យើងនៅបិទសម្រាប់ភ្ញៀវអន្តរជាតិ យើងចង់ពង្រីក manaaki និងលើកទឹកចិត្តដល់ tiaki  ដល់អ្នកដែលត្រូវការសុទិដ្ឋិនិយម សម្រាប់ឆ្នាំថ្មីនេះ។”

 

ទេសចរណ៍នូវែលសេឡង់ បានសហការគ្នាជាមួយ Tree That Count ដែលជាអង្គការមនុស្សធម៌ អភិរក្សនូវែលសេឡង់ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមព្រៃឈើនៃក្តីសង្ឃឹម ដែលនឹងដាំដើមឈើនៅតំបន់ Queenstown និង Northland។ វាបានបង្កើតឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ 2016 ដែល Tree That Count ស្ថិតក្នុងចក្ខុវិស័យ ជួយដាំដើមឈើកំណើតដើម (Native trees) ប្រមាណ 200 លានដើម នៅទូទាំងប្រទេសនូវែលសេឡង់ ដោយបង្កើតទីផ្សារសហគមន៍ ដើម្បីភ្ជាប់មូលនិធិដើមឈើ ទៅអ្នកដាំដើមឈើ ដូចជានៅក្នុងព្រៃនៃក្តីសង្ឃឹម។ 

 

តាមរយៈគេហទំព័រ Trees That Count អ្នកដែលបានបរិច្ចាគដើមឈើមួយដើម ឬច្រើន អាចតាមដានដំណើរនៃការដាំដុះរបស់ពួកគេតាមអ៊ិនធឺណិត ហើយនឹងទទួលបានការជូនដំណឹងតាមអ៊ីមែល នៅពេលដើមឈើរបស់ពួកគេត្រូវបានដាំ។ អ្នកតំណាងមកពីទេសចរណ៍នូវែលសេឡង់ និង Trees That Count និយាយថា ពួកគេសង្ឃឹមថាម្ចាស់ជំនួយ នឹងមកទស្សនាដើមឈើដែលពួកគេ បានជួយដាំនៅថ្ងៃណាមួយ។

 

សម្រាប់នាយកប្រតិបត្តិរបស់ Tree That Count លោកស្រី Adele Fitzpatrick,  យុទ្ធនាការនេះមិនត្រឹមតែជាក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ វានិយាយអំពីអនាគតជាទូទៅ និងរបៀបដែលវាទាក់ទងទៅនឹងធម្មជាតិ។ 

 

លោកស្រី Fitzpatrick មានប្រសាសន៍ថា “ភាពជាដៃគូរបស់យើង ជាមួយ Tourism NZ នឹងជួយឱ្យយើងពង្រីកសុទិដ្ឋិនិយមរបស់យើងដល់បរិស្ថាន ដល់ទស្សនិកជន នៅក្រៅប្រទេសនូវែលហ្សេឡង់ ដោយមានសារថា ដើមឈើដើមគឺជាផ្នែកមួយនៃវប្បធម៌សុខុមាលភាពនិងភាពរុងរឿងនាពេលអនាគត។ ដើមឈើកំណើតដើម (Native Trees) គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយ ដែលយើងមាន ដើម្បីជួយទប់ទល់នឹងបញ្ហានៃបំរែបំរួលអាកាសធាតុ ខណៈពេល ដែលវាក៏ការពារជីវៈចម្រុះរបស់យើង ហើយជួយពង្រឹងដល់ចក្ខុវិស័យអន្តរជាតិ ដែលមានស្រាប់នៅ Aotearoa ជាប្រទេសមួយ ដែលមានសម្រស់ធម្មជាតិគួរឲ្យចង់គយគន់ ការផ្សងព្រេងខាងក្រៅ និងបទពិសោធន៍ប្លែកៗពីធម្មជាតិជាច្រើនទៀតផងដែរ។”

 

ដើម្បីចែករំលែកការខកចិត្ត ឬសំណាងអាក្រក់របស់អ្នក នៅក្នុងឆ្នាំ 2020 និងអាចបរិច្ចាគដើមឈើមួយដើម ឬច្រើន សម្រាប់ដាំក្នុងព្រៃនៃក្តីសង្ឃឹម សូមចូលទៅកាន់គេហទំព័រ newzealand.com/hope ។