សន្ទស្សន៍នៃរោងចក្រចិន បានងើបឡើងវិញយ៉ាងរហ័សកាលពីវិច្ឆិកាកន្លងទៅ!

ទីក្រុងប៉េកាំង៖ សកម្មភាពនេះរោងចក្រប្រទេសចិន បានពង្រីកខ្លួនឡើងវិញយ៉ាងឆាប់រហ័សបំផុតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីស្ថានភាពធូរស្រាលពីការរាតត្បាតជំងឺកូវីដ-១៩ ហើយបើតាមរបាយការណ៍ពីការិយាល័យស្ថិតិជាតិ (National Bureau of Statistics) បានបង្ហាញថា សន្ទុះនៃសកម្មភាពរោងចក្រប្រទេសចិនងើបឡើងវិញ កាលពីខែវិច្ឆិកា ជាចំនួនច្រើនមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ 

សន្ទស្សន៍នៃការបញ្ជាទិញផលិតកម្មរោងចក្រចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលំដាប់ ៥២.១ បើធៀបទៅនឹងខែតុលា ដែលមានសន្ទស្សន៍ ៥១.៤ ហើយបើគិតចាប់ពីឆ្នាំ២០១៧ មកសន្ទស្សន៍នេះការបញ្ជាទិញផលិតកម្មរោងចក្រ ស្ថិតនៅក្នុងរង្វង់ ៥០ ប៉ុណ្ណោះ។ ឧស្សាហកម្មរោងចក្រដ៏ធំរបស់ប្រទេសចិន កំពុងត្រលប់មករកភាពសកម្មឡើងវិញ នៅចុងឆ្នាំ២០២០ នេះបើទោះជាពាណិជ្ជកម្មមានផលវិបាកមួយចំនួនដោយសារតំបន់ខ្លះមិនទាន់ទទួលការនាំចេញក៏ដោយ តែបើធៀបទៅនឹងដើមឆ្នាំ២០២០ សេដ្ឋកិច្ចប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុត ក្រោមវិធានការ lockdown ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ ឧស្សាហកម្មរោងចក្រចិនបានងើបឡើងវិញខ្ពស់ ជាពិសេសទៅលើផលិតផលគ្រឿនយន្ដ យានយន្ដដឹកទំនិញ យានយន្ដអេឡិចត្រូនិច -ល-។  

តាមរបាយការណ៍បញ្ជាទិញផលិតផលរោងចក្រ កាលពីខែវិច្ឆិកា គេសង្កេតឃើញមានសន្ទស្សន៍នៃរោងចក្រតូចៗមានកម្រិត ៥០.១ ងើបឡើងពី ៤៩.៤ ធៀបនឹងខែតុលា, ការបញ្ជាទំនិញតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) មានតម្រូវការខ្ពស់, ការនាំចេញស្ថិតនៅសន្ទស្សន៍ ៥១.៥ ចំណែកសេវាកម្ម មានកំណើនឡើងខ្ពស់មិនធ្លាប់មាន គិតចាប់ពីឆ្នាំ២០១២, ការធ្វើដំណើរតាមរថភ្លើង និងផ្លូវអាកាស, សេវាកម្មទូរគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុនានា មានដំណើរការល្អបំផុតនៅឆ្នាំ២០២០ ក្នុងខែវិច្ឆិកា, វិស័យសំណង់ក៏មានសន្ទស្សន៍កើនឡើងខ្ពស់ដល់ ៦០.៥ ផងដែរ។ 

ជារួមមក នៅត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចប្រទេសចិនរំពឹងថានឹងងើបឡើងវិញក្នុងរង្វង់ ៥.៧% បើធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ២០២០ ហើយនឹងយោងដល់សេដ្ឋកិច្ចប្រទេសចិនជារួមក្នុងឆ្នាំ២០២០ មានកំណើនឡើង ២% ជាកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។