កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការងារបាន ៥០% មកហើយ!

តាមការចេញផ្សាយពីក្រសួងទេសចរណ៍បានបង្ហាញថា កំពង់ផែទេសចរណ៍ខេត្តកំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត សម្រេចការងារបាន ៥០% ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ និងទទួលស្វាគមន៍ភ្ញៀរទេសចរណ៍តាមនាវាទេសចរណ៍អន្តរជាតិធំៗ មកកាន់ទឹកដីខេត្តកំពត។ 

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅខេត្តចំនួន ៤ ជាតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានលើកឡើងឲ្យដឹងថា គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរនៅកម្ពុជា រួមមាន៖ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត, ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្ដាម, ផ្លូវតាមបណ្ដោយឆ្នេរ, និងទីលានសំណល់រឹងខេត្តកែប ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយត្រូវបានដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គិតមកទល់ពេលនេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបាន ៥០% មកហើយដោយត្រៀមនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខ។ 

គូសបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤ ហិកតា មានជម្រៅ ៤.៥ ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីត្រីមាសទី៣ ឆ្នាំ២០១៨ ប៉ុន្តែត្រូវបានផ្អាកការសាងសង់ និងត្រូវបានចាប់ផ្ដើមឡើងវិញនៅដើមឆ្នាំ២០២១ នេះដោយចំណាយថវិកាជាង ៨.៥ លានដុល្លារ ជាកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលសាងសង់ដោយក្រុមហ៊ុន SBPH Engineering & Constructions Co., Ltd។ 

គម្រោងនោះ យើងនឹងមានអគារស្ថានីយអ្នកដំណើរ ២ ជាន់ ការតភ្ជាប់ផ្លូវធ្វើដំណើរ សំណតយានយន្ដ សួនច្បារ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ផែសំចតនាវាប្រវែង ៣០០ ម៉ែត្រ អាចចូលសំចតនាវាដឹកអ្នកដំណើរចាប់ពី ៣០០-៤០០ នាក់ ដែលអាចស្រូបទាញនាវាទេសចរណ៍អន្តរជាតិមកពីប្រទេសថៃ វៀតណាម និងភ្ញៀរទេសចរសម្រុះជាតិសាសន៍។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ រំពឹងនឹងទទួលបានអ្នកដំណើរមកកាន់ខេត្តកំពតឲ្យបានក្នុងរង្វង់ ៣.៦ លាននាក់នៅត្រឹមឆ្នាំ២០២៣ នឹងជួយផ្ដល់ប្រាក់ចំណូលដល់វិស័យទេសចរណ៍ខេត្តកំពត ជំរុញការវិនិយោគ បង្កើនឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខេត្តកំពតតាមរយៈវិស័យទេសចរណ៍ផងដែរ។