ក្រសួងពាណិជ្ជកម្មថៃ៖ ការនាំចេញផលិតផលទៅអន្តរជាតិ នឹងកើនឡើងបាន ៤% ពេញមួយឆ្នាំ ២០២១

បាងកក៖ ការនាំចេញផលិតផលរបស់ប្រទេសថៃ ទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងល្បឿនយ៉ាងលឿន កាលពីឆ្នាំ២០២០ កន្លងទៅ ដោយសារតែការរាតត្បាត នៃជំងឺកូវីដ ១៩ ដែលញាំងឱ្យសេដ្ឋកិច្ចប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសគឺវិស័យទេសចរណ៍តែម្ដង។ យ៉ាងណាមិញ ការនាំចេញក្នុងឆ្នាំថ្មីនេះ រំពឹងថានឹងកើនឡើងបាន ៤% វិញផងដែរ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃសុក្រកន្លងទៅបានឱ្យដឹងថា ទំហំនៃការនាំចេញផលិតផលរបស់ថៃ ទៅកាន់ទីផ្សារអន្តរជាតិ នឹងកើនឡើងវិញនាឆ្នាំ ២០២១ ដោយសារតែ តម្រូវការមានការកើនឡើងខ្លាំង ហើយពិភពលោកទាំងមូល បានដឹងឮអំពីវីរុសមួយនេះ ហើយបានខិតខំប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ការកើនឡើងនាឆ្នាំថ្មីនេះ ត្រូវបានសន្មតថា នឹងកើនឡើងបានប្រមាណជា ៤% ខណៈឆ្នាំទៅមិញការធ្លាក់ចុះសរុបមានប្រមាណ ៦%។

ទន្ទឹមនឹងការកើនឡើងនាឆ្នាំ ២០២១ នេះ ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការនាំចេញផលិតផលថៃ បានកើនឡើងក្នុងអត្រាច្រើនជាង ៨ ដង កាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងអត្រា ៤.៧១% បើធៀបចំនួននោះ ទៅនឹងរយៈពេល ២២ ខែកន្លងទៅ។ លទ្ធផលវិជ្ជមាននេះ លោកស្រី Pimchanok Vonkorpon អគ្គនាយកនៃនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ បានឱ្យដឹងថា “លទ្ធផលបូកសរុបនៃការនាំចេញកាលពីខែធ្នូកន្លងទៅបង្ហាញអំពីចំណុចវិជ្ជមានជាច្រើន ដោយសារតែតម្រូវការនៅជុំវិញពិភពលោក បានហក់ឡើងខ្ពស់ សបង្ហាញថា សេដ្ឋកិច្ចជាតិនឹងល្អប្រសើរឡើងវិញ”។ 

ការកើនឡើងនាខែធ្នូកន្លងទៅនេះ ទំនិញដែលកើនឡើងខ្ពស់ជាងគេគឺរថយន្ត និងគ្រឿងបន្លាស់រថយន្តជាច្រើនប្រភេទ ដោយក្នុងនោះរួមមានផងដែរនូវផលិតផលអេឡិកត្រូនិច ដូចជាកុំព្យូទ័រ គ្រឿងបន្លាស់ គ្រឿងបង្គុំ និងខ្លះទៀតជាផលិតផលកៅស៊ូ។ ដោយឡែកឆ្នាំថ្មី ថៃរំពឹងថា ការនាំចេញនឹងកើនឡើងបន្ថែមទៀត ហើយប្រទេសដែលនឹងកម្មង់ផលិតផលថៃច្រើនជាងគេគឺអាមេរិក ក្នុងអត្រាកើនឡើងប្រមាណ ១៥.៧% បើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ ខណៈចិនអាចកើនឡើង ៧.២%។

បើទោះបីជាមានសេចក្ដីសន្និដ្ឋានជុំវិញការកើនឡើង នៃការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិក៏ដោយ តែលោកស្រី Pimchanok បានគូសបញ្ជាក់បន្ថែមថា ត្រីមាសទី១ អាចនឹងមិនទាន់ហក់ខ្ពស់នោះទេ តែសេចក្ដីសន្និដ្ឋានសម្រាប់ពេញមួយឆ្នាំ ២០២១ នេះ នឹងកើនឡើងបានប្រមាណ ៤%។