ការស្រង់មតិ៖ វិស័យទេសចរណ៍របស់ថៃ នៅតែចោទឡើងជាបញ្ហាប្រឈមនាឆ្នាំ ២០២១ នេះ

បាងកក៖ អាជ្ញាធរជាតិរបស់ថៃ បានដាក់ចេញវិធានការជាច្រើន ដើម្បីជម្រុញ និងជួយដោះស្រាយបញ្ហាធ្លាក់ចុះនៃភ្ញៀវទេសចរណ៍អន្តរជាតិកាលពីឆ្នាំទៅ។ យ៉ាងណាក៏ដោយ ក្រោយការផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ ១៩ ទ្រង់ទ្រាយធំ កាលពីខែធ្នូ ចុងឆ្នាំ២០២០ បានធ្វើឱ្យថៃក្លាយជាប្រធានបទថ្មី របស់អន្តរជាតិ ជុំវិញការឆ្លងក្នុងសហគមន៍ ហើយអាជ្ញាធរថៃ ទទួលបន្ទុកក្នុងវិស័យទេសចរណ៍ បានកំពុងព្រួយបារម្មណ៍ថា វិស័យទេសចរណ៍ នៅមិនទាន់មានស្ថេរភាព ឬល្អប្រសើរឡើងវិញនៅឡើយទេ។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា តាមរយៈការស្រង់មតិប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ទៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅជាមួយក្រុមហ៊ុន និងសហគ្រាស ស្ថិតក្នុងវិស័យទេសចរណ៍ប្រមាណជា ១,៨៨២ គម្រោង នៅទូទាំងផ្ទៃប្រទេសថៃ បានបង្ហាញឱ្យឃើញថា វិស័យទេសចរណ៍ថៃ នឹងបន្តស្ថិតក្នុងគ្រោះអាសន្នបន្តទៀត ដោយសារតែជំងឺកូវីដ ១៩ ហើយឥទ្ធិពលនៃវ៉ាក់សាំងចាក់ការពារ ក៏នៅមិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយនៅឡើយ។

ជុំវិញបញ្ហាប្រឈមដ៏ធំមួយនេះ លោក Yuthsak Supasorn អគ្គនាយកនៃអាជ្ញាធរជាតិ ទទួលបន្ទុកវិស័យទេសចរណ៍ (TAT) បានឱ្យដឹងថា ក្រោយពីបើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាទេសចរណ៍ជាតិថៃ (TCT) ជុំវិញផែនការសំខាន់ៗ និងគម្រោង ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ជាតិរួច អ្វីដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចត្រូវដោះស្រាយ គឺធ្វើយ៉ាងណាកាត់បន្ថយការចំនាយជាមុនសិន និងបន្តជួយឧបត្ថមទៅដល់កម្មករនិយោជិត បម្រើការក្នុងវិស័យនេះ ថែមទាំងទម្លាក់តម្លៃថាមពលទឹកភ្លើងផងដែរ។

បន្ថែមពីការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន អាជ្ញាធរជាតិថៃ ទទួលបន្ទុកវិស័យទេសចរណ៍ ក៏នឹងបន្តធ្វើការដោះស្រាយបញ្ហាបំណុល ដែលកំពុងកកស្ទះ ខណៈគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារមួយចំនួន បានកំពុងបាត់បង់ទំនុកចិត្ត ទៅលើការប្រាក់កម្ចីររបស់ខ្លួនពីអតិថិជន និងបានកំពុងទន្ទឹងរង់ចាំជំនួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានោះដែរ កម្ចីឥណទាននៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នៅតែបន្តសកម្មភាព ដោយកូនបំណុល បានទទូចស្នើសុំមិនឱ្យមានអ្នកធានា ស្ថិតក្នុងអត្រា ៧០.៩% និងមាន ៣១.៦% ស្នើសុំឱ្យការកម្ចីឥណទាន មានចន្លោះចាប់ពី ១ ទៅ ៥ លានបាត។

អាជ្ញាធរថៃ បានបញ្ជាក់ថា សកម្មភាពអាជីវកម្មជាច្រើន ស្ថិតក្នុងវិស័យទេសចរណ៍របស់ថៃ នៅមិនទាន់ត្រឡប់ទៅសភាពដើម ឬឈានដល់ចំណុចប្រសើរឡើងវិញនៅឡើយទេ ដោយស្ថិតក្នុងគម្រោងស្រង់មតិទាំងអស់ មាន ៦៥.៣% បានកំពុងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈ ៣៤.៧% ផ្សេងទៀតបានបិទទ្វារបណ្ដោះអាសន្ន ឬបិទជាផ្លូវការតែម្ដង ដោយសារតែកង្វះខាតនៃប្រាក់ចំណូល។ 

សម្រាប់លទ្ធផលជាផែនការយុទ្ធសាស្ត្រសម្រាប់ការដោះស្រាយបញ្ហាប្រឈម នឹងត្រូវលើកឡើងមកធ្វើការដោះស្រាយនាថ្ងៃទី២៧ ខែមករា ខាងមុខឆាប់ៗនេះ និងការទទួលនូវសំណើរ ក៏ដូចជាសំនូមពរផ្សេងៗ ពិសេសធ្វើយ៉ាងណាទប់ស្កាត់ការបាត់បង់ទីផ្សារការងារកាន់តែច្រើនជាងពេលបច្ចុប្បន្ននៅក្នុងវិស័យទេសចរណ៍។