កម្ពុជា នឹងភ្ជាប់ជើងហោះហើរត្រង់ទៅប្រទេសឥណ្ឌា ក្រោយពេលចប់វិបត្តកូវីដ-១៩!

ភាគីកម្ពុជា-ឥណ្ឌា បានឯកភាពគ្នានឹងរៀបចំភ្ជាប់ជើងហោះហើរត្រង់ទៅមក នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសម្មភាពទេសចរណ៍ឡើងវិញ និងបង្កើនសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ នេះបើតាមការបញ្ជាក់ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌានៅកម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ 

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម ថោង ខុន បានលើកឡើងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់មកហើយ ហើយប្រជាជនកម្ពុជាក៏ចូលចិត្តធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូចនេះទើបឯកឧត្តមបានស្នើដល់ស្ថានទូត ព្រមទាំងរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើការរៀបចំឲ្យមានខ្សែទស្សនកិច្ចបែបសាសនា ព្រមទាំងសំណើរឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា។ យ៉ាងណាមិញ សំណើរនេះត្រូវបានរាំងស្ទះដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដោយភាគីទាំងសងខាង សង្ឃឹមថានឹងអាចប្រតិបត្តិការនៅក្រោយវិបត្តិនេះបញ្ចប់ទៅនៅពេលខាងមុខ។

ចំពោះលោកជំទាវស្ថានទូតឥណ្ឌា ក៏បានគាំទ្រយ៉ាងពេញទំហឹងទៅលើគំនិតផ្ដួចផ្ដើមនេះផងដែរ ដោយសារវានឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់វិស័យទេសចរណ៍រវាងប្រទេសទាំង ២ ជាពិសេសយុវជនឥណ្ឌាដែលចូលចិត្តធ្វើដំណើរទេសចរណ៍។ លើសពីនេះទៀត ស្ថានទូតឥណ្ឌាក៏បានគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្ដទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយភាគីឥណ្ឌានឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍តាមប្រព័ន្ធអនឡាញ។ ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏នឹងជួយកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូលរមណីដ្ឋាន ផ្លាសសញ្ញា ការបណ្ដុះបណ្ដាញប្រជាពលរដ្ឋមូលដ្ឋាន -ល-។ 

គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសត្រឹមតែ ២.‌១ លាននាក់ប៉ុណ្ណោះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិធំៗទាំង ៣ នៅភ្នំពេញ សៀមរាប និងព្រះសីហនុ ដែលចំនួននេះបានធ្លាក់ចុះប្រមាណ ៧៩% បើធៀបទៅនឹងឆ្នាំ២០១៩។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងវិស័យអាកាសចរណ៍យ៉ាងខ្លាំង តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីៗ នៅខេត្តកណ្ដាល សៀមរាប កោះកុង មណ្ឌលគិរី -ល- លើសពីនេះ ក៏បានអនុម័តនូវគម្រោងបើកសកលវិទ្យាល័យអាកាសចរណ៍ដំបូងនៅកម្ពុជាផងដែរ គឺសកលវិទ្យាល័យ ឡានម៉េ ខេមបូឌា។