ភពផែនដី បាត់បង់ទឹកកក ១.២ ទ្រីលានតោនក្នុងមួយឆ្នាំ!

ភពផែនដី មានការរលាយនិងកំណកទឹកកកកទៅវិញទៅមកជារៀងរាល់ឆ្នាំអាស្រ័យទៅតាមរដូវកាល ប៉ុន្តែជាមួយគ្នានោះ ភពផែនដីការបាត់បង់ទឹកកកយ៉ាងឆាប់រហ័សផងដែរក្នុងរយៈពេល ១ ទសវត្សចុងក្រោយនេះ ហើយអ្នកវិទ្យាសាស្ត្រនៅតែប៉ាន់ស្មានថាតើបរិមាណទឹកសមុទ្រអាចឡើងដល់កំរិតណា បើយោងតាមការស្រាវជ្រាវថ្មីត្រូវបានចេញផ្សាយក្នុងខែនេះបង្ហាញថា ទឹកកកគិតចាប់ពីឆ្នាំ២០១០ មកបានរលាយចូលទៅក្នុងមហាសមុទ្រអស់ប្រមាណ ១.២ ទ្រីលានតោនក្នុងមួយឆ្នាំ។

ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ រកឃើញថាទឹកកកចាប់តាំងពីទសវត្សទី ៩០ មកដល់ឆ្នាំ ២០១០ (២ ទសវត្ស) បានរលាយទៅជាទឹកសមុទ្របរិមាណ ៧៦០ ពាន់លានតោនក្នុងមួយឆ្នាំ ប៉ុន្តែរហូតដល់ទសវត្សឆ្នាំ ២០១០ ដល់ ២០២០ ទឹកកកបានរលាយអាចឡើងដល់ ១.២ ទ្រីលានតោនក្នុងមួយឆ្នាំ មានន័យថារយៈពេល ៣ ទសវត្សមកនេះ ភពផែនដីបានបាត់បង់ទឹកកកជាង ២៨.២ ទ្រីលានតោន ហើយបរិមាណ ៦០% នៃទឹកកកនោះទើបតែបានរលាយ ១០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បណ្ដាលឲ្យមហាសមុទ្រទឹកកកអាកទិក រលាយទៅជាផ្ទាំងទឹកកកស្ដើងៗ ហើយប្រទេសទឹកកកដូចជា Greenland និង Denmark ក៏បានបាត់បង់ទឹកកកច្រើនដូចគ្នា។ 

លោក William Colgan អ្នកជំនាញទៅលើបរិមាណទឹកកកនៅភូគព្ភសាស្ត្រនៃប្រទេស Denmark និង Greenland បានមានប្រសាសន៍ថា  ចាប់តាំងពីឆ្នាំ១៩៩៤ មកគេកត់សម្គាល់ឃើញថាបរិមាណផ្ទាំងទឹកកកក្នុងតំបន់នោះ ចាប់ផ្ដើមបាត់បង់ខ្លាំង ហើយមានរបត់ស្ទើតែ ១៨០ ដឺក្រេធៀបមកទល់ពេលនេះ។ បាតុភូតបែបនេះ បានបង្ហាញអំពីផលប៉ះពាល់នៃការឡើងកម្ដៅភពផែនដី ហើយត្រូវបានជះឥទ្ធពលយ៉ាងខ្លាំងទៅលើបរិមាណនៃកម្ពស់ទឹកសមុទ្រ យោងតាមការសិក្សារបស់អង្គការ NASA កម្ពស់ទឹកសមុទ្រនឹងឡើងខ្ពស់ជាងនេះ ៤០ សង់ទីម៉ែត្រ នៅត្រឹមឆ្នាំ ២១០០ ជាមួយគ្នានេះផងដែរ ទ្វីបដែលសម្បូរទៅដោយផ្ទាំងទឹកកកធំៗ ក៏នឹងរួមតូចផងដែរ ជាក់ស្ដែងប្រទេស Greenland នឹងមានផ្ទាំងទឹកកកគោកធំៗយ៉ាងច្រើន ៧៤ តំបន់ប៉ុណ្ណោះ។ គេកត់សម្គាល់ឃើញថា ការបាត់បង់ទឹកកកនៅប៉ូលខាងជើង រួមមានប្រទេស Greenland និងមហាសមុទ្រអាកទិកប៉ូលខាងជើង បានធ្លាក់មកច្រើននៅតំបន់ដែលមានរយៈកម្ពស់ខ្ពស់ដូចជាជួរភ្នំហិមាល័យ និងប៉ូលទឹកកកអង់តាកទិកខាងត្បូងផងដែរ ក្នុងរយៈពេល ២៣ ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ ក្នុងនោះការរលាយទឹកកកពីមហាសមុទ្រទឹកកកអាកទិកមានចំនួន ៧.៦ ទ្រីលានតោន។ 

គូសបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាទ្វីបទឹកកកដែលនឹងបង្ករអោយមានកម្រិតកម្ពស់ទឹកសមុទ្រខ្ពស់បំផុត គឺតំបន់ទឹកកក Greenland ហើយការបាត់បង់ទឹកកកតំបន់នោះនឹងកើតឡើងយ៉ាងឆាប់រហ័សបំផុត ពោលនៅត្រឹមពាក់កណ្ដាលសតវត្សទៀតការរលាយទឹកកកនៅ Greenland នឹងកើនឡើងខ្ពស់ ២ ដងលើសអ្វីដែលកំពុងកើតឡើងពេលនេះ។