ក្រៅពីប្រទេសកម្ពុជា ពេលនេះតៃវ៉ាន់ក៏ទើបតែ ទទួលបានវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ប្រភេទ Astra-Zeneca ជាលើកដំបូងផងដែរ!

ការដឹកជញ្ជូនជាលើកដំបូងនូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Oxford-AstraZeneca បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃពុធថ្មីៗនេះ ដោយតៃវ៉ាន់ក៏ត្រៀមនឹងរៀបចំផ្តល់ជូន ការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនឆាប់ៗ នាពេលមួយសប្តាហ៍ក្រោយ ដែលត្រូវនឹងថ្ងៃ ១០ មីនានេះផងដែរ។ 

លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងផ្នែកសុខុមាលភាព ដែលលោកក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ ប្រឆាំងនឹងរោគរាតត្បាតប្រចាំតៃវ៉ាន់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ការដឹកជញ្ជូនវ៉ាក់សាំងចំនួន ១១៧,០០០ ដូស បានហោះចេញពីប្រទេសកូរ៉េខាងត្បូង និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Taoyuan កាលពីថ្ងៃពុធ។ លោកបាននិយាយថា “នេះគឺជាការដឹកជញ្ជូនជាលើកដំបូង ដូច្នេះយើងត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។”

លោក Chen ក៏បាននិយាយកាលពីខែមុនថា ខណៈកម្មវិធីចាក់វ៉ាក់សាំងអាចចាប់ផ្តើមមួយសប្តាហ៍ បន្ទាប់ពីការដឹកជញ្ជូនមកដល់ក្នុងប្រទេស ដែលវាក៏អាចចំណាយពេលប្រមាណ ៤០ ថ្ងៃ ទៀតក្នុងការរង់ចាំ អាស្រ័យលើថា តើរោងចក្រនាំចូលនោះ បានផ្តល់ព័ត៌មានចាំបាច់ណាមួយទាក់ទងនឹងថ្នាំរបស់ខ្លួន ហើយឬនៅ។

 

អ្នកជំនាញផ្នែកថែទាំសុខភាព និងអ្នកធ្វើការជួរមុខសំខាន់ៗ ដែលប្រឈមនឹងហានិភ័យខ្ពស់ នឹងទទួលបានអាទិភាពក្នុងការទទួលយកការចាក់លើកទី ១ នៃវ៉ាក់សាំង ដែលសរុបនឹងតម្រូវឲ្យចាក់ម្នាក់ចំនួន ២ដូស។ សម្រាប់ដូសទីពីរ គឺអាចនឹងត្រូវផ្តល់ជូនម្តងទៀត យ៉ាងហោចណាស់រយៈពេល ប្រាំបីសប្តាហ៍ក្រោយមក។

ទោះយ៉ាងណាក៏ដោយ ដោយមានការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca Plc លោក Chen បាននិយាយថា ការចាក់ថ្នាំបង្ការរោគកូវីដ-១៩ នេះ នឹងមិនចាំបាច់នៅឡើយទេ សម្រាប់ពលរដ្ឋគ្រប់គ្នា ហើយក៏ជាការស្ម័គ្រចិត្តផងដែរ  ដោយអ្នកឯកទេសរបស់មជ្ឈមណ្ឌល នឹងផ្តល់ការពន្យល់ណែនាំឲ្យបានល្អបំផុត យោងទៅតាមភស្តុតាងវិទ្យាសាស្ត្រ ដែលទទួលបានជាក់ស្តែង។

វ៉ាក់សាំងចំនួន ១១៧,០០០ ដូស គឺជាផ្នែកមួយនៃវ៉ាក់សាំងសរុប ចំនួន ១០ លានដូស ដែលតៃវ៉ាន់ទទួលបានការធានាត្រឹមត្រូវ ពីក្រុមហ៊ុនជីវគីមីអង់គ្លេស (British biopharmaceutical company)។

 

ការដឹកជញ្ជូននេះអាចធ្វើទៅបាន បន្ទាប់ពីរដ្ឋបាលផ្នែកចំណីអាហារនិងឱសថ (Food and Drug Administration) បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់កាលពីខែមុន សម្រាប់វ៉ាក់សាំងប្រភេទ AstraZeneca ដែលត្រូវបាននាំចូល ពីរោងចក្រនៅប្រទេសអាឡឺម៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង។ តៃវ៉ាន់មានគោលបំណងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ សរុបចំនួនពី ៣០ លានទៅ ៣៥ លាន សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការថ្នាក់ជាតិ។

បន្ថែមលើវ៉ាក់សាំង AstraZeneca ចំនួន ១០ លានដូស Premier Su Tseng-chang បាននិយាយកាលពីខែមុនថា តៃវ៉ាន់បានយល់ព្រមទទួលការចាក់ថ្នាំបង្ការចំនួន ៤,៧៦ លាន shots តាមរយៈវេទិកាចែកចាយវ៉ាក់សាំងសកល COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

តៃវ៉ាន់ក៏បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន biotechnology របស់អាមេរិក ឈ្មោះ Moderna សម្រាប់វ៉ាក់សាំង ៥ លានដូស ខណៈដែលប្រទេសនេះក៏នៅតែមានបន្ត ការចរចារជាមួយក្រុមហ៊ុន BioNTech របស់អាឡឺម៉ង់ ស្តីពីការធានាផ្តល់ជូនវ៉ាក់សាំងចំនួន ៥ លានដូស ដែលត្រូវបានអភិវឌ្ឍរួមគ្នា ជាមួយ Pfizer របស់សហរដ្ឋអាមេរិក ដល់ខ្លួនផងដែរ។

ដោយឡែក លោក Chen ក៏បាននិយាយថា ក្រុមអ្នកផលិតវ៉ាក់សាំងក្នុងតំបន់ Medigen Vaccine Biologics ត្រូវបានគេរំពឹងថា នឹងបញ្ចប់ដំណាក់កាលទី ២ នៃការសាកល្បងរបស់ខ្លួននៅចុងខែក្រោយ ដែលនេះជាការបើកផ្លូវ សម្រាប់ការគ្រោងដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំង កូវីដ-១៩ របស់ខ្លួនផ្ទាល់ ដែលនឹងត្រូវបង្កើតឡើង នៅដើមខែកក្កដា។