រដ្ឋាភិបាលចិនដាក់គោលដៅពង្រឹងកម្រិត GDP ឱ្យបានច្រើនជាង ៦% នាឆ្នាំ២០២១!

ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសអំពីគោលដៅ នៃការដឹកនាំប្រទេស ដោយក្នុងនោះបានដាក់ចេញគោលដៅសំខាន់ ក្នុងការពង្រឹងកម្រិត GDP របស់ចិន ឱ្យល្អប្រសើរឡើងនៅក្នុងឆ្នាំ ២០២១ នេះ ជាឆ្នាំសង្ឃឹមថ្មី នៃការវិលត្រឡប់ទៅកាន់ជីវភាពរស់នៅដូចកាលពីឆ្នាំ ២០១៩ វិញ ដោយជាសឆ្ងាយពីជំងឺឆ្លងកូវីដ ១៩។

រដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការ នូវការដាក់ចេញគោលដៅដ៏សំខាន់ក្នុងន័យពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែជំងឺឆ្លងកូវីដ ១៩ កាលពីឆ្នាំ ២០២០ និងកំពុងបន្តនៅក្នុងឆ្នាំ ២០២១ នេះ តែត្រូវបានស្ថិតក្រោមការគ្រប់គ្រងបាន ដោយចំនួនឆ្លងនៅមានតិចតួចបើធៀបទៅនឹងចំនួនជនជាតិចិនសរុប។ ការរងផលប៉ះពាល់កាលពីឆ្នាំកន្លងទៅ បានធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ធ្លាក់ចុះ ទំនិញកកស្ទះ ដោយខាតបង់ទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិក។

សម្រាប់ឆ្នាំ ២០២១ នេះ ស្ថិតក្នុងស្ថានការណ៍ល្អប្រសើរជាងមុន ដោយការគ្រប់គ្រងការឆ្លងនៃជំងឺ និងមានភាពល្អប្រសើរនៃតម្រូវការទីផ្សារពិភពលោក រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសឱ្យដឹងអំពីគោលដៅធំ ធ្វើយ៉ាងណាឱ្យកម្រិត GDP កើនឡើងឱ្យបានលើស ៦%។ សេចក្ដីប្រកាសនេះធ្វើឡើងដោយឯកឧត្ដម Li Keqiang រដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីពេលកន្លងទៅនេះ ដោយលោកលើកឡើងថា “ដើម្បីសង្គ្រោះសកម្មភាពសេដ្ឋកិច្ច ឱ្យល្អប្រសើរឡើងវីញ”។

ដាក់កំណត់គោលដៅនេះ មិនត្រូវបានធ្វើឡើងឡើយកាលពីឆ្នាំទៅ តែឆ្នាំនេះ រាជរដ្ឋាភិបាលចិន អាចនឹងមានគោលដៅសំខាន់ ដែលត្រូវចាត់វិធានការ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ សង្គម និងប្រជាពលរដ្ឋ។ ក្នុងនោះរដ្ឋាភិបាល ក៏នឹងត្រៀមបង្កើតឱ្យមានទីផ្សារការងារចំនួនជាង ១១ លានកន្លែង នៅតាមទីក្រុងទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យអត្រាការងារនោះស្ថិតក្នុងកម្រិត ៥.៥%។ ម្យ៉ាងទៀត ចិននឹងធ្វើកំណែទម្រង់ទៅលើចំនួននៃការផលិត ឱ្យប្រែក្លាយទៅជាគុណភាពនៃការផលិតវិញ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារជាអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ គន្លងទៅនេះកម្រិត GDP របស់ចិន ត្រូវបានកត់ត្រាទុកក្នុងការកើនឡើងបាន ២% ដែលជាប្រទេសមានលទ្ធផលវិជ្ជមានក្នុងចំណោមបណ្ដាប្រទេសតិចតួចបំផុតផ្សេងទៀត នោះក៏ដោយសារតែសេដ្ឋកិច្ចបានងើបឡើងវិញកាលពីត្រីមាសទី ៣ និងកាន់តែប្រសើរកាលពីត្រីមាសទី ៤ កន្លងទៅ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំកំពូលរបស់ចិន ក៏ដូចជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលចិន ពុំបានប្រកាសឱ្យដឹងអំពីផែនការ ៥ ឆ្នាំទៅមុខទៀតនៅឡើយទេ៕