គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនខេត្តកោះកុង នឹងជួយពង្រីកសក្ដានុពលខេត្តឲ្យប្រសើរឡើង!

ខេត្តកោះកុង កំពុងព្យាយាមអភិវឌ្ឍន៍វិស័យដឹកជញ្ជូនជាច្រើនផ្នែក ដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ចខេត្តនេះឲ្យប្រសើរឡើងថែមទៀត ហើយក៏ជួយទាក់ទាញដល់គម្រោងវិនិយោគផ្សេងៗទៀតនាពេលខាងមុខផងដែរ។ ក្នុងនោះ យើងឃើញមានការអភិវឌ្ឋន៍អាកាសយានដ្ឋានចំនួន ២ កន្លែង, ការអភិវឌ្ឍន៍ផ្លូវជាតិ ២ ខ្សែ, និងគម្រោងសាងសង់កំពង់ផែថ្មី ដែលបានបង្ហាញយ៉ាងច្បាស់អំពីអនាគតខេត្តកោះកុង នឹងប្រែមុខមាត់ថ្មីសម្រាប់បម្រើវិស័យទេសចរណ៍ និងបង្កើតចរន្ដតភ្ជាប់សេដ្ឋកិច្ចកាន់តែប្រសើរឡើង។

១. សាងសង់ព្រលានយន្ដហោះ 

ដូចយើងបានដឹងស្រាប់មកហើយថា នៅចុងឆ្នាំ២០២១ ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងបើកដំណើរការហោះហើរសាកល្បង បន្ទាប់ពីបានវិនិយោគដោយក្រុមហ៊ុន UDG អស់ទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ ក្នុងនោះការងាររួមមាន៖ សាងសង់ផ្លូវរត់ ៣,៦០០ ម៉ែត្រ x ៦០ ម៉ែត្រ, ស្ថានីយអ្នកដំណើរ, ចំណតយន្ដហោះ ១៨៧ គ្រឿង។ ចំណែកអាកាសយានដ្ឋានមួយកន្លែងទៀត ស្ថិតនៅក្បែរក្រុងខេមរៈភូមិន្ទ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវវិនិយោគដោយក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ សហការជាមួយក្រុមហ៊ុន Bangkok Airway ហើយគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា ត្រៀមនឹងអនុម័តនៅពេលខាងមុខ ដោយមានទំហំផ្ទៃដីប្រមាណ ៥០០ ហិកតា។

២. អភិវឌ្ឍន៍ផ្លូវជាតិចំនួន ២ ខ្សែ

ខេត្តកោះកុង កំពុងតភ្ជាប់ផ្លូវជាតិថ្មីមួយខ្សែឆ្លងកាត់ពីខេត្តកោះកុងរហូតដល់ខេត្តបាត់ដំបង ជាផ្លូវក្រវ៉ាត់ព្រំដែនថៃ និងកាត់បន្ថយការធ្វើដំណើរកាន់តែរហ័ស នោះគឺផ្លូវជាតិលេខ១០ ដែលគិតត្រឹមដំណាច់ឆ្នាំ២០២០ សម្រេចការងារបាន ៤៣% មកហើយ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៣។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ដោយត្រូវបានក្រាលកៅស៊ូបេតុង AC កាត់ពីខេត្តកោះកុង ទៅកាន់ស្រុកវាលវែងខេត្តពោធិ៍សាត់ រហូតដល់ស្រុកសំឡូត ខេត្តបាត់ដំបង គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ១៨៨ លានដុល្លារ។ 

ចំណែកគម្រោងថ្មីមួយទៀត នៅក្នុងខែមីនា ឆ្នាំ២០២១ នេះគឺការអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៨ ប្រវែង ១៥០ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ទៅដល់ខេត្តកោះកុង ដោយត្រៀមពង្រីកទទឹងផ្លូវ ហើយចាក់កៅស៊ូបេតុង AC ជំនួសឲ្យកៅស៊ូ DBST ចាស់ដើម្បីពង្រឹងគុណភាព និងធានាអាយុកាលប្រើប្រាស់។ គម្រោងនេះត្រូវបានបញ្ចប់ការដេញថ្លៃរួចមកហើយ ដោយទទួលបានជំនួញហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

៣. កំពង់ផែទេសចរណ៍ ក្រុងខេមរៈភូមិន្ទ

កាលពីខែមករាកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យទីតាំងនៃគម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយនៅក្រុងខេមរៈភូមិន្ទ ដោយកំពង់ផែនោះក៏នឹងបម្រើទៅលើវិស័យដឹកជញ្ជូនផងដែរ។ គម្រោងមួយនេះ នឹងអាចទាញប្រយោជន៍យ៉ាងច្រើនពីការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសអាចទាក់ទាញភ្ញៀវទេសចរណ៍តាមនាវា តភ្ជាប់ពីខេត្តព្រះសីហនុ និងកំពត រួមទាំងបម្រើដល់ការដឹកជញ្ជូនទំនិញជាមួយបណ្ដាខេត្តជាប់សមុទ្រផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសជិតខាងរួមមានប្រទេសថៃ និងវៀតណាមផងដែរ។