ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិច សម្រេចបានក្នុងទំហំ ៦១៤ លានដុល្លារ ត្រឹមរយៈពេល ១ ខែដើមឆ្នាំ២០២១!

នៅក្នុងខែមករា ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិច សម្រេចបាននៅក្នុងរង្វង់ ៦១៤.៥ លានដុល្លារ ដែលមានកំណើនឡើង ៤.៨៩% ធៀបទៅនឹងខែមករា ឆ្នាំ២០២០ កន្លងទៅ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅលើគេហទំព័រ US Census Bureau។ ក្នុងនោះដែរ កម្ពុជាបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិចប្រមាណ ៥៨០.៦ លានដុល្លារ ចំណែកអាមេរិចបាននាំទំនិញមកកម្ពុជាវិញប្រមាណ ៣៣.៩ លានដុល្លារ។ 

ទោះជាមានវិបត្តិជំងឺកូវីដ-១៩ ទាំងនៅប្រទេសកម្ពុជា និងសហរដ្ឋអាមេរិចក្ដី ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នៅតែរក្សាកំណើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ កាលពីខែមករា កន្លងទៅនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិចប្រមាណ ៥៨០ លានដុល្លារ ឡើងខ្ពស់ជាងខែមករា ឆ្នាំ២០២០ ដែលសម្រេចបាន ៥៦០ លានដុល្លារ ហើយសន្ទុះនេះបានឡើងខ្ពស់បំផុតបើធៀបទៅនឹងខែមករា ឆ្នាំ២០១៩ ដែលមានទំហំត្រឹម ៤០០ លានដុល្លារប៉ុណ្ណោះ។ សម្រាប់ទំនិញគោលដែលកម្ពុជា បាននាំចេញទៅអាមេរិច រួមមាន ផលិតផលសម្លៀកបំពាក់, ស្បែងជើង, កាបូប, កង់, សម្ភារៈធ្វើដំណើរ, និងផលិតគ្រឿងបន្លាស់អេឡិចត្រូនិច -ល-។ ដោយឡែក សហរដ្ឋអាមេរិច បាននាំចេញផលិតផលមកប្រទេសកម្ពុជាវិញ រួមមាន៖ យានយន្ដ, គ្រឿងអេឡិចត្រូនិច, និងផលិតផលសម្រេចជាច្រើនប្រភេទទៀត។

បើមើលទៅលើតារាងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិច ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថា ទំហំទឹកប្រាក់ដែលកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិច មានកំណើនឡើងខ្ពស់ជាលំដាប់ ជាក់ស្ដែងកម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិចត្រឹមតែ ២,៣០០ លានដុល្លារ ប៉ុណ្ណោះកាលពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ ២០២០ យើងសម្រេចនាំចេញទៅសហរដ្ឋអាមេរិចបាន ៦,៥៧៧ លានដុល្លារ។ ម្យ៉ាងទៀតចូលកុំភ្លេចថា កម្ពុជា ជាប្រទេសក្នុងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលទទួលបានការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP (Generalized System of Preferences) ពីសហរដ្ឋអាមេរិច សម្រាប់ជួយដល់ពាណិជ្ជកម្មនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ទៅលើការនាំចេញទំនិញកាបូប សម្ភារៈធ្វើដំណើរ -ល- ទៅកាន់សហរដ្ឋអាមេរិច។ 

ប្រព័ន្ធអនុគ្រោះពន្ធខាងលើនេះ និងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ RCEP កាលពីពេលថ្មីៗនេះ បានកំពុងបន្ដជំរុញដល់ការវិនិយោគរោងចក្រ សហគ្រាសឧស្សាហកម្មបន្ថែមទៀត ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើនឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។ គូសបញ្ជាក់ឡើងវិញថា ពេញមួយឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាេមរិច សម្រេចបានក្នុងរង្វង់ ៦,៩២១ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញសរុប ៦,៥៧៧ លានដុល្លារ មានកំណើន ២២% ធៀបនឹងឆ្នាំ២០១៩ ចំណែកសហរដ្ឋអាមេរិចនាំចេញមកកម្ពុជាវិញ ៣៤៣ លានដុល្លារ។