អារ៉ាប់ សម្រេចបើករោងភាពយន្ត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងអាជីវកម្មមួយចំនួនទៀតនៅលើផ្ទៃប្រទេស

ឌូប៉ៃ៖ បន្ទាប់ពីមានការផ្អាក ប្រតិបត្តិការអាជីវកម្មអស់រយៈពេលជាច្រើនខែកន្លងមក ដោយសារតែជំងឺកូវីដ ១៩ នៅទីបំផុត រដ្ឋាភិបាលអារ៉ាប់ បានសម្រេចជាផ្លូវការ អនុញ្ញាតឱ្យអាជីវកម្មជាច្រើនប្រភេទ បើកដំណើរការឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានរងគ្រោះគ្មានប្រាក់ចំណូល។

រដ្ឋាភិបាលអារ៉ាប់ ដឹកនាំដោយក្រសួងមហាផ្ទៃ បានសម្រចជាផ្លូវការ អនុញ្ញាតឱ្យអាជីវកម្មរួមានដូចជា រោងភាពយន្ត ក្លឹបហាត់ប្រាណ ក្លឹបកីឡា ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងមួយចំនួនផ្សេងទៀត បើកដំណើរការទទួលភ្ញៀវឡើងវិញ ក្រោយពីបិទប្រតិបត្តិការ ដោយគ្មានប្រាក់ចំណូលអស់ជាច្រើនខែកន្លងមក។ តាមរយៈសេចក្ដីសម្រេចនោះដែរ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពតាមគោលការណ៍របស់រដ្ឋាភិបាល ដោយមិនអាចទាល់មានលទ្ធភាពវិលត្រឡប់ទៅស្ថានភាពដូចឆ្នាំ ២០១៩ នៅឡើយទេ។

ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់បានឱ្យដឹងថា ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ដែលបម្រើសេវាកម្មអាហាស និងភេសជ្ជៈ ត្រូវបានឱ្យបើកដំណើរការឡើងវិញ តែត្រូវមានការប្រុងប្រយ័ត្ន ដោយមានការវាស់កម្ដៅ ការអង្កេតមើលសកម្មភាពនានា ពិសេសគឺការប្រមូលផ្ដុំមនុស្សច្រើនជាង ២០ នាក់ ត្រូវបានហាមឃាត់ជាដាច់ខាត។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាល នឹងពង្រឹង និងបន្ថែមទីកន្លែងសម្រាប់ធ្វើការឆែក និងពិនិត្យកាន់តែច្រើនបន្ថែមទៀត ពិសេសនៅតំបន់ដែលមានសកម្មភាពអាជីវកម្មច្រើន។

ទន្ទឹមនឹងការអនុញ្ញាតថ្មីនោះ រដ្ឋាភិបាលអារ៉ាប់ នៅតែបន្តបិទ មិនទាន់អនុញ្ញាតឱ្យមានការធ្វើសកម្មភាពជួបជុំមួយចំនួន ដូចជាការជួបជុំជាក្រុម កិច្ចប្រជុំការងារ ជប់លៀង ការរៀបអាពាហ៍ពិពាហ៍ សកម្មភាពសង្គម និងជាច្រើនផ្សេងៗទៀត ដោយហានិភ័យនៅមានខ្ពស់នៅឡើយ។ រដ្ឋាភិបាលអារ៉ា់ប នៅតែបន្តស្នើសុំឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ និងបន្តសហការណ៍ខ្ពស់ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នេះ ពិសេសគឺគោរព និងអនុវត្តតាមគោលការណ៍ដែលបានដាក់ចេញនាពេលកន្លងទៅ។

គួរបញ្ជាក់ថា ការបើកដំណើរអាជីវកម្មមួយចំនួននេះ នៅមិនទាន់ស្ថិតក្នុងស្ថានភាពប្រសើរនៅឡើយ ព្រោះអត្រានៃការឆ្លងក្នុងប្រទេសនៅតែកើតមានឡើង គ្រាន់តែទាបជាងមុន និងវ៉ាក់សាំង បានកំពុងបើកចាក់ជាបន្តបន្ទាប់។ រដ្ឋាភិបាលប្រទេសមហាសេដ្ឋីប្រេងកាតមួយនេះរំពឹងថា នឹងអាចបើកដំណើរការអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត ពិសេសបើកឱ្យមានការប្រព្រឹត្តសកម្មភាពជួបជុំ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើននាពេលខាងមុខ ក្រោយពេលឃើញអំពីលទ្ធផលរបស់វ៉ាកសាំង៕