ទីផ្សារអចលនទ្រព្យនៅថៃ ត្រូវបានព្យាករណ៍ថាល្អប្រសើរ និងមានការប្រកួតប្រជែងក្នុងឆ្នាំនេះ

បាងកក៖ វិស័យអចលនទ្រព្យនៅថៃ បានរងគ្រោះមិនធម្មតានោះទេដោយសាតែជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើន ជុំវិញការលក់ ទិញ និងសាងសង់ ពិសេសគឺក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន មិនអាចបញ្ចេញអចលនទ្រព្យរបស់ខ្លួនលក់ទៅកាន់ទីផ្សារបាន។ យ៉ាងណាមិញ នាឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យថៃ ត្រូវបានព្យាករណ៍ថា នឹងល្អប្រសើរឡើងវិញ ពិសេសគឺការលក់ដែលមានភាពប្រកួតប្រជែង។

ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ថៃ ឈ្មោះ Plus Property បានព្យាករណ៍ថា យោងតាមស្ថានការណ៍បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យរបស់ថៃ នឹងល្អប្រសើរឡើងវិញនាឆ្នាំ២០២១ នេះ។ តាមរយៈការអះអាងរបស់ Plus Property បានឱ្យដឹងថា ដោយសារតែឆ្នាំ ២០២០ កន្លងទៅនេះ អចលនទ្រព្យជាច្រើន របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បានជាប់គាំង ដូច្នេះឆ្នាំ២០២១ នឹងមានក្រុមហ៊ុនជាច្រើន ត្រៀមបញ្ចេញអចលនទ្រព្យរបស់ខ្លួនទៅកាន់ទីផ្សារក្នុងតម្លៃប្រកួតប្រជែងបំផុត ជាមួយដៃគូផ្សេងៗទៀត។

ក្រៅពីការជាប់គាំង ទីផ្សារអចលនទ្រព្យរបស់ថៃ មិនថានៅក្នុងទីក្រុងបាងកក ឬក្រុងផ្សេងៗនៅទូទាំងប្រទេសបានរងផលប៉ះពាល់ ដោយធ្លាក់ចុះនៃតម្រូវការទីផ្សារក្នុងល្បឿនមួយយ៉ាងលឿនមិនធ្លាប់មានពីមុនមក។ បើទោះបីជារងគ្រោះក៏ពិតមែន តែក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅតែបន្តមាន សុទិដ្ឋិនិយម ចំពោះការបន្តការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ខ្លួននាឆ្នាំ២០២១ នេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការកំណត់ទីតាំង ដើម្បីសាងសង់សំណង់អគារ ដើម្បីលក់ ព្រោះមានអចលនទ្រព្យខ្លះនៅមិនទាន់អាចលក់ចេញបាននៅឡើយ។

តាមការឱ្យដឹងរបស់ភ្នាក់ងារអចលនទ្រព្យ Plus Property បានលើកឡើងថា ការអភិវឌ្ឍន៍លំនៅដ្ឋានក្នុងឆ្នាំ ២០២១ នឹងបង្កើតជាគម្រោងអចលនទ្រព្យ ដែលមានតម្លៃធូថ្លៃ ស្ថិតនៅទីតាំងមានសក្ដានុពល ពិសេសគឺយុទ្ធសាស្ត្រនៃការលក់ប្លែកពីដៃគូប្រកួតប្រជែងនៅក្នុងវិស័យនេះ។ ទន្ទឹមគ្នានោះដែរ កត្តាដែលជម្រុញ និងលើកទឹកចិត្តឱ្យទិញអចលនទ្រព្យនៅក្នុងឆ្នាំថ្មីនេះគឺ ការកាត់បន្ថយពន្ធពីរដ្ឋាភិបាល ដោយរួមបញ្ចូលពន្ធកាត់ ឬផ្ទេរឈ្មោះ និងតម្លៃចុះឈ្មោះដាក់បញ្ចាំទ្រព្យត្រូវបានកាត់បន្ថយមកក្រោម ៣ លានបាតតែប៉ុណ្ណោះ ពិសេសគឺអត្រាការប្រាក់របស់កម្ចីធនាគារ ក៏ទាបជាងឆ្នាំ ២០១៩ ច្រើនដែរ។

លោកស្រី Suwannee អគ្គនាយកក្រុមហ៊ុនបានឱ្យដឹងថា តម្រូវការទិញផ្ទះនៅតែបន្តមាន ពិសេសនៅភាគខាងជើ ខាងកើត និងខាងលិចទីក្រុងបាងកក។ យ៉ាងណាក៏ដោយ ផលវិបាកនៃការលក់អចលនទ្រព្យគឺស្ថិតនៅត្រង់ថា ទីផ្សារការងាររបស់ពលរដ្ឋថៃជាច្រើនត្រូវបានបាត់បង់ ដូច្នេះកម្ចីឥណទានពីធនាគារ ការដាក់បញ្ចាំទ្រព្យ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំង ជាហេតុធ្វើឱ្យការទិញក្នុងឆ្នាំនេះ អាចរងផលប៉ះពាល់ ហេតុនេះការលក់បញ្ចុះតម្លៃរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ឬម្ចាស់ទ្រព្យ ត្រូវតែកើតមានឡើង៕