ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners ចាប់ផ្តើមធ្វើការរចនាគម្រោង Hotel 12 ដែលជាផ្នែកមួយរបស់ Red Sea Project នៅក្នុងទឹកដី Saudi Arabia

ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners កំពុងធ្វើការឌីហ្សាញទៅលើគម្រោង Hotel 12 នៅលើកោះ Ummahat AlShaykh ក្នុងទឹកដី Saudi Arabia។ វាត្រូវបានបង្កើតឡើងដោយ Red Sea Development Company (TRSDC) ហើយវាក៏ជាគម្រោងមួយក្នុងចំណោមសណ្ឋាគារពីរ នៅលើកោះនេះ ដែលគម្រោងទីមួយ ត្រូវបានគ្រោងទុកដោយ Kengo Kuma។

នៅក្នុងផែនការ Red Sea Project បានបង្ហាញពីរូបភាពនៃគម្រោង Hotel 12 ដោយក្រុមហ៊ុន Foster + Partners ហើយវាក៏ជាគំនិតផ្តួចផ្តើមផ្នែកទេសចរណ៍មួយ ក្នុងចំណោមគំនិតពីរ នៅលើកោះ Ummahat AlShaykh។ វាត្រូវបានរចនាឡើងជា Series នៃកាប៊ីនឈើ (Wooden cabins) លាតសន្ធឹងពាសពេញផ្ទៃដី ហើយសម្រាប់សមាសធាតុផ្សេងៗទៀតនៃគម្រោង នឹងត្រូវបានរៀបចំឡើងនៅជុំវិញផ្លូវរាងជារង្វង់។ បន្ទប់ខ្លះ នឹងត្រូវងើបផុតពីដី ដែលខ្លះទៀតរាបស្មើនឹងផ្ទៃដី។

ម៉្យាងវិញទៀត ក្រុមហ៊ុន Foster + Partners នឹងទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមជាច្រើន ដែលជាផ្នែកមួយនៃ Red Sea Project។ តាមពិតក្រុមហ៊ុននេះ ក៏ត្រូវបានគេចាត់តាំងឱ្យធ្វើការរចនា លើរមណីយដ្ឋានមួយ ក្នុងចំណោមពីរកន្លែង ឆ្ងាយពីមាត់សមុទ្រ ដើម្បីបើកជាផ្នែកនៃដំណាក់កាលទី 1 គឺ Southern Dunes ដែលមានវីឡាសណ្ឋាគារប្រហែល 40 នៅទូទាំងរមណីយដ្ឋាននេះ។ លើសពីនេះទៀត វានឹងទទួលខុសត្រូវលើអាកាសយានដ្ឋានអន្តរជាតិសមុទ្រក្រហម (Red Sea International Airport) និងគម្រោងរមណីយដ្ឋានផ្កាថ្មនៅលើកោះ Shurayrah ផងដែរ។

គម្រោងនេះ គ្រោងនឹងស្វាគមន៍ភ្ញៀវដំបូងរបស់ខ្លួននៅចុងឆ្នាំ 2022 នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារដំបូងនឹងបើកដំណើរការ។ គូសសម្គាល់ដែរថា Red Sea Project គឺជាផែនការដ៏ធំ និងមានការបណ្តាក់ទុកយ៉ាងច្រើនមហាសាល ដែលនឹងដាក់ Saudi Arabie នៅលើផែនទីទេសចរណ៍ពិភពលោក។ នៅពេលដែលផែនការនេះ អាចនឹងបញ្ចប់នៅឆ្នាំ 2030 គោលដៅនឹងមានរមណីយដ្ឋានចំនួន 50 ផ្តល់ជូនសណ្ឋាគាររហូតដល់ 8,000 បន្ទប់ និងមានអគារស្នាក់នៅជាង 1,000 កន្លែង នៅលើកោះចំនួន 22 និងកន្លែងឆ្ងាយពីមាត់សមុទ្រចំនួន 6 ទៀតផង។

គម្រោងនៃការអភិវឌ្ឍ ទៅលើផ្ទៃដីនិងដែនទឹកមានទំហំជាង 28,000 គីឡូម៉ែត្រការ៉េនេះ ការចាប់ផ្តើមរបស់វា នឹងរួមបញ្ចូលទាំងសណ្ឋាគារ លំនៅដ្ឋានសម្រាប់ជួលឬទិញ កន្លែងកម្សាន្ត កន្លែងពាណិជ្ជកម្ម និងសេវាកម្មកម្សាន្ត ក៏ដូចជាការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដែលសង្កត់ធ្ងន់លើថាមពលកកើតឡើងវិញ ការអភិរក្សទឹក និងការប្រើប្រាស់ទឹកទាំងនោះឡើងវិញជាដើម។ ក្នុងលក្ខខណ្ឌដែលវាដំណើរការដោយថាមពលកកើតឡើងវិញនោះ គម្រោងនេះនឹងជា carbon neutral 100%។