ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីបានជាង ៦ លានក្បាលដី ស្មើរនឹង ៨៦.៨% នៃក្បាលដីប្រមាណ ៧ លានក្បាលដី ត្រឹមឆ្នាំ២០២០!

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ក្រសួងរៀបចំចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធដីធ្លីបានសរុបចំនួន ៦,០៧៦,៨៩៣ បណ្ណ ស្មើនឹង ៨៦.៨% នៃក្បាលដីប៉ាន់ស្មាន ៧ លានក្បាលដី ក្នុងនោះការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥,៤៥៦,១៥៣ បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋបាន ៥,០៧៦,៣៦១ បណ្ណ។

គិតត្រឹមឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីបានប្រមាណ ៦ លានបណ្ណ ដោយដីជាលក្ខណប្រព័ន្ធមានជាង ៥ លានបណ្ណ និងដីមានលក្ខណៈដាក់ដោយដុំសម្រេចបាន ៦២០,៧៤០ បណ្ណ ក្នុងនោះដីរបស់រដ្ឋបាន ១៦៦ ទីតាំង ចំនួន ១,៩១៨ បណ្ណ ទំហំ ៧៨៤,៥៦១ ហិកតា (ដីរដ្ឋគោលដៅសម្បទានដីសេដ្ឋកិច្ច ១៦៣ ទីតាំងចំនួន ១,៨៨២ បណ្ណ ទំហំ ៦៥៨,២៩៧ ហិកតា តំបន់ការពារបរិស្ថាន ៣ ទីតាំងចំនួន ៣៦ បណ្ណ ទំហំ ១២៦,២៦៤ ហិកតា) ដីឯកជនបាន ៦១៧,៩៦៦ បណ្ណ និងដីសហគមន៍ជនជាតិភាគតិចបាន ៣៣ សហគមន៍ ស្មើនឹង ៨៥៦ បណ្ណ ទំហំ ៣៣,៨៩៩ ហិកតា សម្រាប់ ២៣៥ គ្រួសារ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌរបស់វត្តបានចំនួន ១,៩២៦ វត្ត ស្មើនឹង ២,៣៩០ បណ្ណ ផងដែរ។ 

សម្រាប់ការងារចុះបញ្ជីបន្ដ ក្រសួងរៀបចំដែនដី នឹងរៀបចំ៖ 

១. ចុះបញ្ជីសិទ្ធជួលអចិន្ត្រៃយ៍ចំនួន ១ បណ្ណ ស្មើនឹង ៥ ហិកតា

២. បានចុះបញ្ជីពីការផ្ទេសិទ្ធចំនួន ១១,២៣៧ ករណី

៣. បានចុះបញ្ជីសិទ្ធប្រាតិភោ (ដាក់បញ្ជាំ/ហ៊ីប៉ូតែក) ចំនួន ៦,១០៩ ករណី

៤. ចុះបញ្ជីបំបែកក្បាលដីបុរីចំនួន ៩ បុរីស្មើនឹង ១,០៤៧ បណ្ណ

លើសពីនេះទៀត សរុបលទ្ធផលពីឆ្នាំ២០១១ រហូតដល់ដំណាច់ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី បានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធចំនួន ៣៦,៣៥៦ បណ្ណ (រាជធានីភ្នំពេញមានចំនួន ២៩,៩៥៧ បណ្ណ) ខេត្តព្រះសីហនុចំនួន ៦,៣៨៦ បណ្ណ និងខេត្តសៀមរាប ១៣ បណ្ណ) និងបានចុះបញ្ជីផ្ទេរសិទ្ធកម្មសិទ្ធលើចំណែកឯកជននៃអគារសហកម្មសិទ្ធដល់ជនបរទេសចំនួន ១០,០៦២ ចំណែក (រួមមានជនជាតិខ្មែរ ២,៣៩៦ បណ្ណ ជនបរទេសចំនួន ៧,៤០៥ បណ្ណ និងក្រុមហ៊ុនចំនួន ២៦១ បណ្ណ)។

 

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់