ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិច នៅតែបន្ដមានកំណើនឡើង!

រយៈពេល ២ ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិច នៅតែបន្ដមានកំណើនឡើងខ្ពស់ជាលំដាប់ ទោះជាវិបត្តិជំងឺកូវីដ-១៩ នៅតែបន្ដគំរាមកំហែងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិចក៏ដោយ។ យោងតាមរបាយការណ៍ទិន្នន័យបង្ហាញនៅគេហទំព័រ US Census Bureau បានបង្ហាញថា គិតត្រឹមខែមករា និងកុម្ភៈ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិចសម្រេចបានក្នុងរង្វង់ ១ ១៨៧ លានដុល្លារ មានកំណើនឡើង ៤.៤% ធៀបទៅនឹងឆ្នាំមុន ក្នុងនោះភាគីកម្ពុជាបាននាំចេញទំនិញទៅអាមេរិចសរុប ១.១២ ពាន់លានដុល្លារ កើនឡើង៣.៣%, ចំណែកភាគីអាមេរិច បាននាំទំនិញចេញមកកម្ពុជាវិញ មានតម្លៃសរុប ៦៧ លានដុល្លារ កើនឡើង ២៦% ផងដែរ។ 

ផលិតផលគោលដែលកម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិច ភាគច្រើនសុទ្ធសឹងជាផលិតផលឧស្សាហកម្ម រួមមាន៖ ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ -ល-។ ចំណែកផលិតផលដែលសហរដ្ឋអាមេរិចនាំចេញមកប្រទេសកម្ពុជាវិញ រួមមាន៖ ផលិតផលយានយន្ដ គ្រឿងម៉ាស៊ីន ផលិតផលអេឡិចត្រូនិច និងចំណីសត្វ ជាដើម។ គូសបញ្ជាក់ផងដែរថា ការអាចរក្សាអត្រាកំណើននាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិច បានបង្ហាញអំពីភាពរឹងមាំនៃសង្វាក់ផលិតកម្មឧស្សាហកម្ម និងបង្កើនការងារផ្នែកឧស្សាហកម្មនៅកម្ពុជា ក្នុងវិបត្តិជំងឺកូវីដ-១៩។ 

គូសបញ្ជាក់ផងដែរ កាលពីឆ្នាំ២០២០ មានតែពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិច ប៉ុណ្ណោះដែលបានរក្សាកំណើនខ្ពស់បំផុតរហូតដល់ ២៣% ខណៈពាណិជ្ជកម្មទ្វេភាគីដទៃទៀត សុទ្ធតែមានសញ្ញាអវិជ្ជមាន។ រយៈពេល ១២ ខែឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិចសរុបចំនួន ៦ ៥៧៧ លានដុល្លារ កើនឡើង ១៧.៨% ខណៈសហរដ្ឋអាមេរិច បាននាំចេញទំនិញមកកម្ពុជាវិញប្រមាណ ៣៤៣ លានដុល្លារ ថយចុះ ៣៣%។