វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងមកដល់កម្ពុជា ៥០ ម៉ឺនដូសបន្ថែមទៀត នៅសប្ដាហ៍ក្រោយ!

ចាប់ពីកុម្ភៈ រហូតទៅដល់ខែសីហា ឆ្នាំ២០២១ កម្ពុជា បាននឹងបន្ដទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ជារៀងរាល់ខែ។ យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះបង្ហាញថា នាសប្ដាហ៍ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វ៉ាក់សាំងចំនួន ៥០ ម៉ឺនដូសនឹងមកដល់ប្រទេសកម្ពុជាបន្ថែមទៀត។ 

វ៉ាក់សាំងនឹងត្រូវមកដល់ចាប់ពីខែមេសា ទៅដល់ខែសីហា មានជាបន្តបន្ទាប់ដូចខាងក្រោម៖

១. វ៉ាក់សាំងចំនួន ៥០ ម៉ឺនដូស នឹងថ្ងៃទី១៧ មេសា ឆ្នាំ២០២១

២. វ៉ាក់សាំងចំនួន ១ លាន ៥ សែនដូស នឹងមកដល់ខែឧសភា

៣. វ៉ាក់សាំងចំនួន ៣ លានដូស នឹងមកដល់ខែមិថុនា

៤. វ៉ាក់សាំងចំនួន ២ លានដូស នឹងមកដល់ខែកក្កដា

៥. វ៉ាក់សាំងចំនួន ១ លានដូស នឹងមកដល់ខែសីហា  

នៅក្នុងពិធីថ្លែងសារពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរាតត្បាតយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានព្យាយាមទប់ស្កាត់ដាក់ចេញវិធានការណ៍ជាច្រើនយ៉ាងណាក៏ដោយ ហើយដើម្បីបញ្ចប់ការឆ្លងរាតត្បាតក្នុងសហគមន៍បានដោយមានប្រសិទ្ធភាព គឺមានតែការចាក់វ៉ាក់សាំងប្រឆាំងប៉ុណ្ណោះ។ សម្រាប់ជំហានទី១ សម្តេចតេជោ តម្រូវឲ្យមន្ត្រីនៅស្ថាប័នរដ្ឋទាំងអស់ត្រូវចាក់វ៉ាក់សាំងជាកាតព្វកិច្ច ដើម្បីកាត់ផ្ដាច់ការចម្លង, ចំណែកប្រជាពលរដ្ឋទូទៅ នៅបន្ដចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនឹងអាចក្លាយទៅជាកាតព្វកិច្ចដែរ នាពេលដ៏ខ្លីខាងមុខ។ 

គូសបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សរុបចំនួន ៣,១២៤,០០០ ដូសមកហើយរួមមាន៖ 

១. វ៉ាក់សាំង Sinopharm ចំនួន ១ លានដូស ជាជំនួយឥតសំណងពីប្រទេសចិន

២. វ៉ាក់សាំង Sinopharm ចំនួន ៣ សែនដូស ជាជំនួយឥតសំណង សម្រាប់ក្រសួងការពារជាតិ

៣. វ៉ាក់សាំង Sinovac ចំនួន ១ លាន ៥ សែនដូស ជាការបញ្ជាទិញពីប្រទេសចិន 

៤. វ៉ាក់សាំង AstraZeneca ចំនួន ៣២៤,០០០ ដូស ជាជំនួយឥតសំណងពី COVAX facility។