ចិន សម្រេចផ្ដល់ជំនួយវ៉ាក់សាំង ៤០ ម៉ឺនដូសទៀតដល់កម្ពុជា ដែលមកដល់ចុងខែមេសា!

យោងតាមការចុះផ្សាយនៅលើគេហទំព័រស្ថានទូតចិននៅកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ជំនួយបន្ថែមនូវវ៉ាក់សាំងប្រឆាំងជំងឹកូវីដ-១៩ ប្រភេទ Sinopharm ចំនួន ៤០ ម៉ឺនដូសទៀត ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយជំនួយវ៉ាក់សាំងខាងលើនេះ នឹងមកដល់នៅចុងខែមេសា ឆ្នាំ២០២១ តាមរយៈជើងហោះហើរពាណិជ្ជកម្ម។ 

គិតមកទល់ពេលនេះ កម្ពុជា បានទទួលជំនួយឥតសំណងវ៉ាក់សាំង Sinopharm ពីរដ្ឋាភិបាលចិនសរុបចំនួន ១ លាន ៣ សែនដូសមកហើយ (ក្នុងនោះផ្ដល់ជូនក្រសួងសុខាភិបាល ១ លានដូស និងក្រសួងការពារជាតិ ៣ សែនដូស) ជាមួយការបញ្ជាទិញវ៉ាក់សាំង Sinovac បន្ថែម ១ លាន ៥ សែនដូសទៀត។ ហើយថ្មីៗនេះដែរ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន ៤ សែនដូសផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងកើនឡើងនៅកម្ពុជា។ ដូចនេះ ជំនួយវ៉ាក់សាំង Sinopharm ពីប្រទេសចិន បានកើនឡើងដល់ ១ លាន ៧ សែនដូស។ 

គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជា ក៏នឹងទទួលវ៉ាក់សាំង AstraZeneca ពីប្រទេសឥណ្ឌាចំនួន ៥ សែនដូស ដែលជាជំនួយឥតសំណងពីអង្គការសុខភាពពិភពលោក សហការជាមួយអង្គការយូនីសេហ្វ តាមរយៈកម្មវិធី COVAX facility ផងដែរ ក្រោយពីជើងទី១ យើងធ្លាប់ទទួលបាន ៣២៤,០០០ ដូសកាលពីថ្ងៃ ០២ ខែមីនា ឆ្នាំ២០២១។ 

ការទទួលបានជំនួយវ៉ាក់សាំង និងការបញ្ជាទិញវ៉ាក់សាំង ដែលនឹងមកដល់ជាបន្ដបន្ទាប់មកនេះ បានបង្ហាញអំពីដំណើរឆ្ពោះទៅរកយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ចេញពីសហគមន៍កម្ពុជា ដែលអាចកាត់ផ្ដាច់ការចម្លងបានពេញលេញនៅពេលខាងមុខ ព្រោះគិតមកទល់ពេលនេះ ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងលើសពី ១ លាននាក់មកហើយ ចំណែករាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្ដយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបាន ១ លានដូសក្នុងរយៈពេល ១ ខែផងដែរ។