ឌូបៃគឺជាកន្លែងដែលសម្បូរទៅដោយប៉មអគារដ៏អស្ចារ្យជាច្រើន និងភាគច្រើនសុទ្ធតែជាអគារខ្ពស់កប់ពពក។ ប្រហែលជាមានប្រិយមិត្តអ្នកអានខ្លះ ក៏ធ្លាប់បានទៅកម្សាន្តនៅតាមអគារខ្លះទាំងនោះផងដែរ និងអ្នកខ្លះក៏មានគម្រោងទៅលេងនៅទីតាំងទាំងនោះ នៅពេលដែលស្ថានភាពកូវីដ-១៩ ចាប់ផ្តើមធូរស្រាល និងប្រព័ន្ធទេសចរណ៍អន្តរជាតិត្រឡប់ទៅរកភាពប្រក្រតីវិញ។
នៅក្នុងអត្ថបទនេះ ក្រុមការងាររបស់យើងនឹងនាំអារម្មណ៍ ប្រិយមិត្តអ្នកអាន មកស្គាល់នូវសំណង់អគារដ៏អស្ចារ្យ និងល្បីៗចំនួន ១៧ នៅក្នុងទីក្រុងឌូបៃ។
១/ O14 A.K.A THE SWISS CHEESE BUILDING: អគារ O14 គឺជាអគារពាណិជ្ជកម្មដែលមានកម្ពស់ ២២ ជាន់ និងមានទីតាំងស្ថិតនៅក្នុងឆ្នេរពាណិជ្ជកម្ម (Business Bay)។ វាត្រូវបានគេស្គាល់នៅក្នុងចំណោមប្រជាជនរបស់ឌូបៃថាជាប៉ម Swiss Cheese tower។ វាមានទីតាំងនៅតំបន់ Business Bay និងរុំព័ទ្ធដោយ Exoskeleton កម្រាស់ ៤០ សង់ទីម៉ែត្រ ដែលមានរន្ធ (hole) សរុបចំនួន ១.៣០០។
វាមានគំលាត ១ ម៉ែត្រ រវាងផ្ទៃខាងមុខ (façade) និងបង្អួច ដែលអនុញ្ញាតឱ្យខ្យល់ក្តៅមានការកើនឡើង និងខ្យល់ត្រជាក់ចូលពីខាងក្រោម។ យោងតាមគេហទំព័រសហគមន៍ធុរកិច្ច (Business Bay community website) បានឲ្យដឹងថា វាត្រូវបានរចនាឡើងជាមួយនឹងគំនិតបើកចំហរ ដើម្បីបង្កើនការយល់ឃើញនៃលំហរ។
២/ THE OPUS BY ZAHA HADID: ប៉មបែប Opus នេះមានទីតាំងស្ថិតនៅតំបន់ Burj Khalifa នៅជាប់នឹងទីក្រុង Downtown ឌូបៃ និង Business Bay នៅលើ Dubai Water Canal។ វាគឺជាផ្ទះនៃសណ្ឋាគារ ME Dubai។
ការរចនាត្រូវបានបង្ហាញដោយ Zaha Hadid ក្នុងឆ្នាំ ២០០៧ ហើយជាសណ្ឋាគារតែមួយគត់ ដែលនាងបានបង្កើតទាំងស្ថាបត្យកម្ម និងរចនាសម្ព័ន្ធផ្នែកខាងក្នុង។ វាមានទំហំ ៨៤.៣០០ ម៉ែត្រការ៉េ ហើយត្រូវបានរចនាជាប៉មពីរដាច់ដោយឡែក ដែលលាយបញ្ចូលគ្នាជាចម្លោះប្រហោងមួយ យកទំរង់ប៉មទាំងមូលជាគូប។
៣/ THE MAZE TOWER: The Maze Tower ដែលមានទីតាំងនៅលើបណ្តោយផ្លូវ Sheikh Zayed Road គឺជាប៉មបញ្ឈរ (Vertical Maze) ដំបូងគេបំផុតរបស់ពិភពលោក។ ខ្សែបន្ទាត់ស្មុគស្មាញនៃយ៉រនៅផ្នែកខាងមុខ និងខាងក្រោយ បង្កើតបានជាទម្រង់ Puzzle ដាច់ដោយឡែកពីគ្នា ដែលត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដោយអ្នករចនាដ៏ល្បីឈ្មោះ Adrian Fisher។
៤/ THE ADDRESS SKY VIEW HOTEL: អាស័យដ្ឋានរបស់អគារសណ្ឋាគារនេះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងឌូបៃ គឺជាការបន្ថែមថ្មីមួយនៅលើ Dubai Skyline។ ប៉មទាំងពីរត្រូវបានភ្ជាប់គ្នានៅផ្នែកខាងលើ ដោយស្ពានអាកាសអណ្តែត (Floating Sky Bridge)។ អគារខ្ពស់កម្ពស់ ២៦០ ម៉ែត្រ មានការរចនាត្រឹមកម្រិតអប្បបរិមា និងជាទីតាំងមាន ១៦៩ បន្ទប់ ដែលបន្ទប់នីមួយៗ ផ្តល់នូវទេសភាពដ៏អស្ចារ្យនៃទីក្រុង។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករតែមួយ ដែលទទួលខុសត្រូវចំពោះគម្រោងអគារ Burj Khalifa។ ស្ពានអាកាសកម្ពស់ ២២០ ម៉ែត្រ ជាកន្លែងមានអាងហែលទឹកដ៏ធំសម្បើមមួយផងដែរ ដែលមានប្រវែងដល់ទៅ ៧០ ម៉ែត្រឯណោះ។
៥/ THE SOLAR INNOVATION CENTRE AT MBR SOLAR PARK: អគារដ៏ប្លែកនេះ គឺជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ដែលមានទីតាំងស្ថិតនៅឧទ្យាន Mohammed bin Rashid Al Maktoum Solar Park។ វាគឺជាមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាស្អាត ដើម្បីលើកកម្ពស់អនាគតថាមពលប្រកបដោយចីរភាព។ ជាមួយនឹងមជ្ឈមណ្ឌលច្នៃប្រឌិតនេះ ឌូបៃមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីនិរន្តរភាព និងគាំទ្រដល់យុទ្ធសាស្ត្រថាមពលស្អាត របស់ឌូបៃនៅក្នុងឆ្នាំ ២០៥០។
៦/ THE CAYAN TOWER: ពីមុនត្រូវបានគេស្គាល់ថាជា Infinity Tower។ អគារ Cayan Tower គឺជាប៉មលំនៅដ្ឋានកម្ពស់ ៧៥ ជាន់ ដែលមានរាងជាខ្សែកោងរលូន ៩០ ដឺក្រេ ដើម្បីផ្តល់ឱ្យរាល់ផ្ទះល្វែង នូវទេសភាពសមុទ្រដ៏អស្ចារ្យ។ វាត្រូវបានរចនាដោយ Skidmore Owings និង Merrill ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនទទួលខុសត្រូវសម្រាប់គម្រោងជាច្រើនដូចជា Burj Khalifa, Trump Tower នៅឈីកាហ្គោ, Jin Mao នៅសៀងហៃជាដើម។
៧/ THE DUSIT THANI: សណ្ឋាគារ Sheikh Zayed Road នេះ ត្រូវបានបញ្ចប់នៅឆ្នាំ ២០០១ ធ្វើឱ្យវាក្លាយជាអគាររៀមច្បងនៅក្នុងក្រុម Dubai Skyline។ សណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្លែកនេះ មានបន្ទប់ទទួលភ្ញៀវចំនួន ១៧៤ និងបន្ទប់គេងចំនួន ១៤៧ ដែលមានគ្រឿងសង្ហារិមយ៉ាងពេញលេញ និង ៨៤ បន្ទប់ទៀត នៅមិនទាន់មានគ្រឿងសង្ហារិមតុបតែងពេញលេញនៅឡើយ។
ជើងទាំងពីរនៃប៉មនេះ ត្រូវបានតភ្ជាប់គ្នានៅកម្រិត ៨៦ ម៉ែត្រ។ វាក៏មានអាងហែលទឹកបើកចំហរ ដែលមានទីតាំងនៅលើដំបូលផងដែរ។
៨/ AL YAQOUB TOWER AKA THE BIG BEN OF DUBAI: The Al Yaqoub Tower មានទីតាំងស្ថិតនៅលើផ្លូវ Sheikh Zayed ដែលជាប៉មកម្ពស់ ៣២៨ ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៣។ វាមាន ៦៩ ជាន់ និងជាអគារឯកជនរបស់លោក Daro Saifuddin Yaquob ដែលគាត់ជាអ្នកអភិវឌ្ឍអចលនទ្រព្យនៅក្នុងតំបន់។ អគារនេះមានមុខងារជាសណ្ឋាគារ ២២៤ បន្ទប់ ហើយត្រូវបានបំផុសគំនិតដោយ Big Ben នៅទីក្រុងឡុងដ៍ ទោះយ៉ាងណាភាពខុសគ្នានោះ គឺថាគ្មានមុខនាឡិកាណាមួយ មានវត្តមាននៅលើអគារ Al Yaqoub ឡើយ។
៩/ MUSEUM OF THE FUTURE ON SHEIKH ZAYED ROAD: បច្ចុប្បន្នសារមន្ទីរអនាគតនៃទីក្រុងឌូបៃ (Dubai’s Museum of the Future) កំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ហើយវាមានទីតាំងស្ថិតនៅលើផ្លូវ Sheikh Zayed ក្នុងទីក្រុងឌូបៃ។ ការស្ថាបនាបានចាប់ផ្តើមនៅខែមិថុនាឆ្នាំ ២០១៦ ហើយវាកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Meraas Holding។
ដោយផ្អែកលើអ្នកគ្រប់គ្រងនៃឌូបៃ ដែលដកស្រង់សម្តីរបស់ Sheikh Mohammed បានលើកឡើងថា អគារនេះជាអគារដែលមានរាងប្លែក មានរចនាម៉ូដបង្អួច តាមទំរង់អក្សរផ្ចង់អារ៉ាប់។
១០/ THE EMIRATES NBD BUILDING IN DEIRA: អគារធនាគារជាតិឌូបៃ មានទីតាំងស្ថិតនៅ Deira by the creek។ អគារនេះគឺជាផ្នែកមួយនៃទីប្រជុំជនចាស់នៃទីក្រុងឌូបៃ។ ជាមួយកម្ពស់ ១២៥ ម៉ែត្រ អគារ NBD គឺជាអគារខ្ពស់ជាងគេនៅ Deira និងជាអគារខ្ពស់ជាងគេទី ៥ នៅឌូបៃ កាលពីពេលដែលវាត្រូវបានសាងសង់នៅឆ្នាំ ១៩៩៨។
រូបរាងនៃអគារនេះត្រូវបានបំផុសគំនិត ដោយរាងកោងនៃ hulls of the traditional dhows ដែលចូលចតនៅ Dubai Creek។
១១/ THE ALMAS TOWER IN JLT: Almas Tower មានទីតាំងនៅ Jumeirah Lake Towers ដែលទីតាំងនៃតំបន់ទំនេរ កំពុងរីកចម្រើន។ វាជាប៉មមួយ ក្នុងចំណោមប៉មខ្ពស់បំផុតនៅក្នុងទីក្រុងនេះ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ វាជាកន្លែងសម្រាប់ជណ្តើរយន្តល្បឿនលឿនចំនួន ៣៥។ វាក៏មានមជ្ឈមណ្ឌលសន្និសិទអាល់ម៉ា (Almas Conference Center) ដែលមានទំហំប្រហែល ៨០០ ម៉ែត្រការ៉េ។
១២/ THE DUBAI SILICON OASIS HEADQUARTERS: ទីស្នាក់ការកណ្តាលឌូបៃ Silicon Oasis នៃទីក្រុងឌូបៃនេះ គឺជាអគារការិយាល័យកម្ពស់ ១៦ ជាន់ នៅតំបន់ Dubai Silicon Oasis ក្នុងទីក្រុងឌូបៃ។ គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០០៧។ អាជ្ញាធរឌូបៃស៊ីលីខន គឺជាអ្នកគ្រប់គ្រងតំបន់ទំនេរមួយ ដែលមានក្រុមហ៊ុនផ្អែកលើបច្ចេកវិទ្យា។ វាត្រូវបានគេចាត់ទុកថាជាឧទ្យានបច្ចេកវិទ្យាតែមួយគត់ នៅក្នុងតំបន់។
១៣/ THE GATE BUILDING IN DIFC: ត្រូវបានបំផុសគំនិតដោយ Champs Elysees និង Arc de Triomphe ដែលអគារក្លោងទ្វារ (Gate Building) គឺជាទីស្នាក់ការកណ្តាល នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ។ អគារនេះគឺជាធាតុសំខាន់នៃតំបន់នេះ។ អគារការិយាល័យមាន ១៥ ជាន់ និងមានទីតាំងនៅជិត Emirates Towers និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
១៤/ ETIHAD MUSEUM IN JUMEIRAH: មានទីតាំងស្ថិតនៅ Jumeirah នៅលើមាត់ទឹកនៃទីក្រុងឌូបៃ។ សារមន្ទីរ Etihad មានរាងដូចទៅនឹងលំនាំនៃការរមូរក្រដាសអញ្ចឹង។ សារមន្ទីរនេះត្រូវបានសាងសង់នៅជុំវិញវិមានប្រវត្តិសាស្ត្រ Union House ដែលរដ្ឋធម្មនុញ្ញរបស់ប្រទេស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៧១។ គេអាចសម្គាល់បានដោយទម្រង់ស្រដៀងនឹងរមូរ ដែលធ្វើត្រាប់តាមក្រដាសត្រួសៗនៃរដ្ឋធម្មនុញ្ញ។ អគារនេះមានធ្វើពីលោហៈ សំរិទ្ធ សំអាងលើទម្រង់ទស្សនវិជ្ជារបស់ប្រទេស។
១៥/ DUBAI FRAME IN ZABEEL: Dubai Frame គឺជាទីតាំងសម្គាល់មួយ នៅឧទ្យាន Zabeel។ វារក្សាកំណត់ត្រាជា Frame ធំបំផុតនៅលើពិភពលោក។ អគារប្លែកនេះ ត្រូវបានផលិតចេញពីកញ្ចក់ ដែក អាលុយមីញ៉ូម និងបេតុងដ៏រឹងមាំ។ វាត្រូវបានដាក់ក្នុងរបៀបមួយ ដែលតំណាងឱ្យនិមិត្តសញ្ញានៃទីក្រុងឌូបៃសម័យទំនើប អាចត្រូវបានគេមើលឃើញនៅផ្នែកម្ខាង ខណៈពេលដែលមកពីផ្នែកម្ខាងទៀត អ្នកទេសចរក៏អាចមើលផ្នែកចាស់ៗនៃទីក្រុងផងដែរ។
១៦/ PARAMOUNT TOWER: សណ្ឋាគារ Paramount Tower និង Residence Dubai គឺជាសណ្ឋាគារចម្រុះ និងអគារលំនៅដ្ឋានខ្ពស់ មានកម្ពស់ ៦៤ ជាន់ ស្ថិតនៅក្នុងទីក្រុង Downtown Dubai។ ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ហើយវាគួរតែបញ្ចប់នៅឆ្នាំ ២០២១ នេះ។
១៧/ BURJ KHALIFA: ត្រូវបានពិពណ៌នាថាជា “ទីក្រុងបញ្ឈរ - Vertical City” និង “សំណង់អច្ឆរិយៈដ៏រស់រវើក - A Living Wonder” Burj Khalifa ដែលត្រូវបានអភិវឌ្ឍដោយ Emaar Properties គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានកម្ពស់ដល់ទៅ 828 ម៉ែត្រ។ វាត្រូវបានស្គាល់ជាប៉មកម្សាន្ត ទីតាំងសម្រាប់ស្នាក់នៅ អាផាតមិន ស្ទូឌីយោ និងជាប៉មដែលមានជណ្តើរយន្តលឿនជាងគេបំផុត នៅក្នុងពិភពលោកផងដែរ។