ទីក្រុងតូក្យូ និងអូសាកា ត្រូវបន្តដាក់ក្នុងគ្រាអាសន្នរហូតដល់ដំណាច់ខែឧសភានេះ!

តូក្យូ៖ ស្ថានការណ៍នៃជំងឺកូវីដ ១៩ នៅប្រទេសជប៉ុន មិនទាន់ធូស្បើយនៅឡើយទេ ដោយការកើនឡើងនៃអត្រាឆ្លងបានបន្តហក់ឡើងខ្ពស់នៅក្នុងសហគមន៍នៃទីក្រុងសំខាន់ទាំងពីរបស់ជប៉ុន គឺទីក្រុងតូក្យូ និងទីក្រុងអូសាកា។

រដ្ឋាភិបាលជប៉ុន បានសម្រេចពន្យាពេលដាក់ទីក្រុងសំខាន់ៗរបស់ខ្លួនទាំងពីរ រួមមានដូចជាទីក្រុងតូក្យូ និងទីក្រុងអូសាកា ឱ្យស្ថិតក្នុងគ្រាអាសន្នជាបន្តទៀតសម្រាប់រយៈពេល ៣ សប្ដាហ៍បន្ថែម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ដោយសារតែការឆ្លងជំងឺកូវីដ ១៩ ស្ថិតក្នុងរលកទី ៤ នៅមិនទាន់មានតួរលេខឆ្លងថយចុះនៅឡើយ។ ការដាក់ទីក្រុងទាំង ២ នេះបន្តក្នុងគ្រាមានអាសន្ននេះ គឺដើម្បីកាត់បន្ថយអត្រានៃការឆ្លងក្នុងសហគមន៍ឱ្យបានជាអតិបរមាន តាមដែលអាចធ្វើទៅបាន។

តាមការបញ្ជាក់របស់លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ជប៉ុន បានបញ្ជាក់ថា “ការបន្តដាក់ទីក្រុងទាំង ២ ស្ថិតក្នុងគ្រាអាសន្ននេះគឺជាមធ្យោបាយតែមួយគត់ ព្រោះថាទីក្រុងតូក្យូ និងទីក្រុងអូសាកា នៅមានករណីឆ្លងបន្តកើនឡើង។ បច្ចុប្បន្ននេះទីក្រុងអូសាកា មានគ្រោះថ្នាក់ណាស់ និងកំពុងជួបការលំបាកជាមួយនឹងការព្យាបាល ដោយសារតែវីរុសកូវីដ ១៩ បំឡែងខ្លួនថ្មី បានកំពុងឆ្លងយ៉ាងឆាប់រហ័ស។ យើងគិតថាឆាប់ៗខាងមុខនេះ ទីក្រុងតូក្យូ នឹងឈានដល់ស្ថានភាពដូចទីក្រុងអូសាកានាពេលបច្ចុប្បន្នដូច្នេះដែរ”។ 

ស្ថិតក្នុងការបន្តដាក់ទីក្រុងក្នុងគ្រាអាសន្ននេះ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋានតូចធំ ត្រូវបានបិទ ទីកន្លែងកំសាន្ត ក្លឹប ខារ៉ាអូខេ កន្លែងម៉ាសា ចាប់សសៃ ហាងលក់គ្រឿងស្រវឹងជាអាទ៍ ត្រូវបន្តផ្អាកប្រតិបត្តិការអាជីវកម្មជាបណ្ដោះអាសន្ន។ សាលារៀន ការិយាល័យការងារ ទីកន្លែងសាសនា ទីកន្លែងប្រមូលផ្ដុំត្រូវបានផ្អាក និងបន្តអនុវត្តវិធានការគម្លាតសង្គម ពិសេសគឺបើពុំមានការចាំបាច់នោះទេ មិនត្រូវចាកចេញពីផ្ទះ ឬលំនៅឋាននោះទេ។

ការបន្ត ៣ សប្ដាហ៍ទៀតនេះ គឺនៅមិនឆ្ងាយពីការចាប់ផ្ដើមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនោះទេ ដែលនៅសល់មិនដល់ ២ ខែផង។ ស្ថិតក្នុងស្ថានការណ៍ដ៏លំបាកនេះ រដ្ឋាភិបាលជប៉ុន រំពឹងថាចំនួននៃការឆ្លងនឹងថយចុះ បើមិនដូច្នោះទេ វានឹងជះឥទ្ធិពលទៅដល់ការប្រកួតកីឡាអូឡាពិកយ៉ាងខ្លាំង ឬអាចឈានដល់ការលុបចោលតែម្ដង ដើម្បីប្រយោជន៍សង្គមជាតិ និងអាយុជីវិតប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ស្ថិតក្នុងរយៈពេល ២៤ ម៉ោងកាលពីម្សិលមិញនេះ នៅជប៉ុនមានករណីឆ្លងដល់ទៅជាង ៤ ពាន់ករណីឯណោះ ហើយចំនួននោះនៅតែបន្តកើនឡើង ពិសេសមានវីរុសកូវីដ ១៩ បំឡែងខ្លួនថ្មីថែមទៀត៕