នាយករដ្ឋមន្ត្រីអ៊ីតាលី៖ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញដូសរួច អាចធ្វើដំណើរចូលមកកម្សាន្តនៅក្នុងប្រទេសអ៊ីតាលីបាន!

ប្រទេសអ៊ីតាលីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញដូសរួច ហើយក៏មានបំណងធ្វើដូច្នេះ ឲ្យបានមុនបណ្តាប្រទេសដទៃទៀត ដែលស្ថិតនៅក្នុងសហគមន៍អ៊ឺរ៉ុប។ បន្ទាប់ពីកិច្ចប្រជុំក្រុម 20 (G20) នៃរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃអង្គារកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងណែនាំលិខិតឆ្លងចូលគម្រូថ្មី ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ក្នុងរយៈពេលពីរបីសប្តាហ៍ ចូលមកក្នុងប្រទេសអ៊ីតាលីបាន។

លោក Draghi បាននិយាយថា “យើងមិនត្រូវរង់ចាំរហូតដល់ពាក់កណ្តាលខែមិថុនា សម្រាប់គម្រូលិខិតឆ្លងដែនរបស់សហភាពអឺរ៉ុប (EU Pass) នោះទេ។ នៅពាក់កណ្តាលខែឧសភា ភ្ញៀវទេសចរអាចមានលិខិតអនុញ្ញាតឆ្លងចូលអ៊ីតាលី ... ដូច្នេះដល់ពេលហើយ ដែលអ្នកត្រូវកក់ថ្ងៃឈប់សម្រាកតាមបណ្តាទីតាំងកម្សាន្ត ឬទីតាំងទេសចរណ៍ផ្សេងៗ នៅប្រទេសអ៊ីតាលីហើយ។"

កាលពីខែមុនគណៈកម្មការអឺរ៉ុបបានប្រកាសពីផែនការ ដើម្បីអនុញ្ញាតឱ្យជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងរួច តាមប្រភេទវ៉ាក់សាំងដែលត្រូវបានអនុម័តរួមមានដូចជា Moderna, Pfizer / BioNTech និង Johnson & Johnson ដើម្បីទៅទស្សនារដ្ឋជាសមាជិកចំនួន 27 របស់ខ្លួននៅរដូវក្តៅនេះ។ ទោះបីមានលក្ខណៈជាក់លាក់ អំពីលិខិតឆ្លងដែនរបស់ប្រទេសអ៊ីតាលី (Italy Pass) មិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងក៏ដោយ តែសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Draghi បានធ្វើឱ្យប្រទេសនេះ ឈានជើងចាប់ផ្តើមផែនការមុនពេលវេលាកំណត់មួយខែ។ លោកក៏បានបន្ថែមទៀតថា អ្នកដែលទើបតែបានធ្វើតេស្តិ៍អវិជ្ជមាន ឬអាចបង្ហាញថាពួកគេទើបតែជាសះស្បើយពីកូវីដ-19 ក៏អាចធ្វើដំណើរបានដែរ។

ព័ត៌មាននេះគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រទេសមួយ ដែលការរឹតបន្តឹងការបិទខ្ទប់ នៅតែកើតមានយ៉ាងទូលំទូលាយក្នុងប្រទេស។ នៅក្នុងផ្នែកខ្លះនៃតំបន់ Lazio (ដែលជាកន្លែងដែលទីក្រុងរ៉ូម មានទីតាំងស្ថិតនៅ) និង Lombardy (ដែលជាកន្លែងដែលក្រុម AC Milan មានទីតាំងស្ថិតនៅ) ការរឹតត្បិតតំបន់ពណ៌លឿង មានន័យថានៅតែមានបម្រាមគោចរចន្លោះពីម៉ោង 10 យប់ដល់ 5 ភ្លឺដដែល ខណៈពេលដែលចលនាបំលាស់ទីរវាងតំបន់ពណ៌លឿង និងពណ៌ស ត្រូវបានអនុញ្ញាត។ ដោយឡែក មានតំបន់មួយចំនួនរួមទាំង Puglia, Sicily, Aosta Valley និងតំបន់ Sardinia នៅតែស្ថិតក្នុងតំបន់ពណ៌ទឹកក្រូច និងក្រហម ដែលមិនអនុញ្ញាតឱ្យមនុស្សធ្វើដំណើរខាងក្រៅតំបន់របស់ពួកគេឡើយ។

លោក Draghi ដែលមានតួនាទីជាប្រធានកិច្ចប្រជុំ G20 ក៏បាននិយាយផងដែរថា សហភាពអឺរ៉ុបចាំបាច់ត្រូវតែបង្កើតច្បាប់សាមញ្ញនិងច្បាស់លាស់ សម្រាប់ការបើកឡើងវិញនូវច្រកព្រំដែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីកិច្ចប្រជុំមេដឹកនាំបាននិយាយថា ជម្ងឺរាតត្បាតនេះ បានផ្តល់ឱកាសដល់ឧស្សាហកម្មនេះឲ្យ "ពិចារណាឡើងវិញ នូវវិស័យទេសចរណ៍" ជាមួយនឹង “គំនិតផ្តួចផ្តើមនៃការចល័តអន្តរជាតិ ដែលមានសុវត្ថិភាពហើយ" និង “ការបន្ត ការធ្វើដំណើរនិងទេសចរណ៍ គឺមានសារៈសំខាន់ណាស់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក"។ 

ប្រទេសអ៊ីតាលីជាធម្មតាបង្កើតសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ 13% ពីវិស័យទេសចរណ៍ ដូច្នេះជាមួយនឹងទេសចរណ៍ពិភពលោកធ្លាក់ចុះ 73% នៅទូទាំងពិភពលោកក្នុងឆ្នាំ 2020 នោះ ផលប៉ះពាល់បែបអវិជ្ជមានក៏ស្ថិតនៅក្នុងការកកស្ទះមួយផងដែរ។

គណៈកម្មាធិការគ្រប់គ្រងទៅលើរោគរាតត្បាត CDC សកល បានបង្ហាញថា បច្ចុប្បន្ននេះប្រទេសអ៊ីតាលីស្ថិតនៅក្នុងកម្រិតទី 4 “Very High Level of COVID-19” ដោយបានបញ្ជាក់ថា “ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីតាលី សូម្បីតែអ្នកដំណើរដែលទទួលវ៉ាក់សាំងពេញលេញ អាចមានហានិភ័យក្នុងការឆ្លងនិងចម្លងកូវីដ-19 ប្រភេទបំលែងថ្មីដែរ ដូច្នេះហើយគួរតែជៀសវាង ការធ្វើដំណើរទាំងអស់ ទៅកាន់ប្រទេសអ៊ីតាលី។”

គូសបញ្ជាក់ផងដែរថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌល Johns Hopkins Coronavirus Resource Center បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្ងឺរាតត្បាតនេះមក ប្រទេសអ៊ីតាលីមានចំនួនករណីឆ្លងសរុប 4,059,821 នាក់ និងមានអ្នកស្លាប់ចំនួន 121,738 នាក់ ដែលបានធ្វើឲ្យប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ 8 ជាប្រទេសដែលមានការឆ្លងរាលដាលច្រើនបំផុតនៅលើពិភពលោក។