ចាប់ពីខែតុលា ថៃនឹងបើកទ្វារកាន់តែទូលាយ ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ទៅកំសាន្តនៅតាមខេត្តចំនួន ១០ របស់ខ្លួន

បាងកក៖ ក្រោយការចាប់ផ្ដើមបើកច្រកទ្វារទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិណា ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួច អាចមានសិទ្ធិស្របច្បាប់ចូលទៅកំសាន្ត នៅប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះ ឃើញថា ពុំទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយនោះទេ ខណៈពេលដែលពិភពលោក ពុំទាន់មានលទ្ធផលល្អប្រសើរឡើងវិញ។

ដើម្បីជម្រុញឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញ បន្ថែមពីលើស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលថៃ រំពឹងថា នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកច្រកទ្វារទេសចរណ៍របស់ខ្លួនកាន់តែធំជាងនេះបន្ថែមទៀត គិតចាប់ពីខែតុលា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់ថា វិស័យទេសចរណ៍របស់ថៃ នឹងបើកទ្វារស្វាគមន៍ភ្ញៀវកាន់តែធំ និងកាន់តែប្រសើរបន្ថែមទៀតចាប់ពីខែតុលា ខាងមុខតាមផែនការរបស់ក្រសួងទេសចរណ៍។

លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បានឱ្យដឹងដូច្នេះថា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំពុងតែជួបប្រទះបច្ចុប្បន្ន រដ្ឋាភិបាលនឹងដាក់ចេញវិធានការបន្ថែម ដើម្បីសម្រួលទៅដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមានបំណងចូលទៅលេងនៅប្រទេសថៃ និងនៅតាមតំបន់ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ជាច្រើន។ លោកស្រីបញ្ជាក់បន្ថែមថា ចាប់ពីខែតុលា ខាងមុខនេះតទៅ ថៃនឹងបើកស្វាគមន៍ភ្ញៀវដែលបានទទួលការចាក់វ៉ាក់សាំងរួច ទៅធ្វើដំណើរកំសាន្តនៅតាមបណ្ដាខេត្តចំនួន ១០ លើផ្ទៃប្រទេស។

តាមផែនការបើកទ្វារកាន់តែទូលំទូលាយរបស់រដ្ឋាភិបាលថៃ លើកនេះត្រូវបានព្យាករណ៍ថា នឹងអាចទាញភ្ញៀវទេសចរអន្តរជាតិបានយ៉ាងហោចណាស់ ៣,៥ លាននាក់ នៅក្នុងឆ្នាំ២០២១ នេះ និងអាចរកប្រាក់ចំណូលបានប្រមាណ ៩,៥ ពាន់លានដុល្លារអាមេរិក តែខេត្តទាំង ១០ នោះ នៅមិនទាន់កំណត់បាននៅឡើយ ព្រោះរដ្ឋាភិបាលថៃ ត្រូវចាត់វិធានការចាក់វ៉ាក់សាំង និងធានាថាគ្មានវិជ្ជមានកូវីដ ១៩ នៅក្នុងខេត្តទាំង ១០ នោះ។ បើទោះបីជាស្ថិតក្នុងតួរលេខទាបបំផុតក៏ដោយ តែប្រសើរជាជាងគ្មានភ្ញៀវទៅកំសាន្ត ដែលនឹងធ្វើឱ្យវិស័យទេសចរណ៍កកស្ទះ គ្មានចរន្តសេដ្ឋកិច្ច និងបន្តខាតបង់កាន់តែធ្ងន់ធ្ងរ ពិសេសប៉ះពាល់ទៅដល់ជីវភាពពលរដ្ឋជាច្រើន។ 

គួររំលឹកផងដែរថាឆ្នាំ២០២០ នេះ ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិបានតែជាង ៦,៧ លាននាក់ប៉ុណ្ណោះ ជាការបាត់បង់ភ្ញៀវទេសចរអន្តរជាតិជាច្រើនលាននាក់ ធ្វើឱ្យវិស័យទេសចរណ៍ថៃខាតបង់ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក និងធ្វើឱ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើផងដែរ។ វិស័យទេសចរណ៍ថៃ គឺជាច្រកទ្វាររកប្រាក់ចំណូលដ៏សំខាន់មួយ ដែលមិនអាចខ្វះបាន ដោយកាលពីឆ្នាំ២០១៩ កន្លងទៅភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៩,៩ លាននាក់ បានទៅកំសាន្តនៅថៃ នឹងបានចំណាយទឹកប្រាក់សរុបប្រមាណ ៦១ ពាន់លានដុល្លារអាមេរិក៕