ការកើនឡើងកម្ដៅផែនដី ១,៥ អង្សាសេ នឹងបង្កើតគ្រោះមហន្តរាយនាឆ្នាំ ២១០០ ឬកាន់តែធ្ងន់ធ្ងរជាងនេះ

ប៉ារីស៖ បញ្ហាអាកាសធាតុនាពេលបច្ចុប្បន្ន កំពុងតែកើនឡើងជាញឹកញ៉ាប់ និងកាន់តែខ្លាំងឡើងៗ។ បញ្ហាអាកាសធាតុ នេះគឺកើនឡើងដោយសារតែមនុស្សជាតិខ្លួនឯងកំពុងតែបំផ្លិចបំផ្លាញ ញាំងឱ្យស្ថានការណ៍ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្ងន់ធ្ងរឡើយ ដោយបង្កើតបានជាគ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះ រញ្ជួយដី រលកយក្សសូណាមី ភ្លើងឆេះព្រៃ និងជាច្រើនទៀត។

បម្រែបម្រួលអាកាសធាតុនេះ បានកំពុងធ្វើឱ្យកម្ដៅរបស់ភពផែនដីកើនឡើងជាលំដាប់ រហូតដូវក្ដៅបែរជាមានភ្លៀង ប្រទេសធ្លាប់តែភ្លៀងបែជារាំងស្ងួត ហើយខ្លះទៀតធ្លាក់ទឹកកក មានព្យុះជាដើម។ តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របារាំង ដែលមានសមាជិក ៥០ នាក់ និងការតាមដានទិន្នន័យព័ត៌មានផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិក និងហ្គ្រីនឡែន (Antarctica & Greenland)  ជុំវិញការកើនឡើងកម្ដៅផែនដីនេះ បានឈានដល់ការព្យាករណ៍ដ៏សំខាន់មួយនៃអនាគតមនុស្សជាតិ នៅលើផែនដីនាឆ្នាំ ២១០០ ខាងមុខ។ 

តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រសិនបើមនុស្សជាតិអាចរក្សាការកើនឡើងនៃកម្ដៅរបស់ផែនដីត្រឹម ១,៥ អង្សាសេ សម្រាប់រយៈពេល ១ សតវត្សនេះ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រនឹងបន្តកើនឡើងជាលំដាប់ រហូតដល់ឆ្នាំ ២១០០ កម្ពស់ទឹកសមុទ្រនឹងកើនឡើង ១៣ សង់ទីម៉ែត្រ ថយចុះពី ២៥ សង់ទីម៉ែត្រ ដែលបានសិក្សាក្នុងគម្រោងស្រាវជ្រាវលើកមុន។ អ្នកវិទ្យាសាស្ត្រនៅតែបន្តប្រមាន ដដែលថា នេះគ្រាន់តែជាការវាយតម្លៃនៅក្នុងកម្រិតកម្ដៅកើនឡើងទាប តែអនាគត កម្ដៅនោះអាចនឹងកើនឡើងខ្ពស់ជាង ១,៥ អង្សាសេ។

ប្រសិនបើកម្ដៅផែនដីបានកើនឡើងដល់ ២ អង្សាសេ ការរលាយនៃផ្ទះទឹកកកយក្ស ដែលមានអាយុកាលរាប់រយលានឆ្នាំ នឹងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងស្ថានភាពកម្ដៅផែនដី នាពេលបច្ចុប្បន្ននេះ អ្នកវិទ្យសាស្ត្រព្យាករណ៍ថា បើស្ថានភាពនេះ នៅតែបន្តរហូតដល់ឆ្នាំ ២០៦០ ខាងមុខ កម្ពស់ទឹកសមុទ្រ នឹងកើនឡើង កន្លះសង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយហានិភ័យ នឹងកាន់តែធ្ងន់ធ្ងរ និងវិនាសអន្តរាយ នៅឆ្នាំ ២១០០។

ការស្រាវជ្រាវសង្កត់ធ្ងន់ថា បើសិនសកម្មភាពមនុស្សជាតិបច្ចុប្បន្ននៅតែបន្ត ហើយពុំមានដំណោះស្រាយណាមួយដើម្បីទប់ស្កាត់ ឬកាត់បន្ថយនោះទេ នៅឆ្នាំ២០៦០ ហេតុការណ៍អាក្រក់អាចនឹងកើតមានឡើង ដែលនឹងធ្វើឱ្យទឹកកកជាច្រើននៅទ្វីបអង់តាក់ទិករលាយក្នុងល្បឿនមួយយ៉ាងលឿនបំផុត ហើយយើងមិនអាចធ្វើឱ្យហេតុការណ៍នោះ វិលត្រឡប់ទៅកាន់សភាពដើមវិញបាននោះទេ ទោះបីប្រើពេលវេលាជាច្រើនសតវត្សរ៍ក៏ដោយ។ ហេតុដូចនេះ ប្រសិនបើកម្ដៅរបស់ផែនដី នៅតែបន្តកើនឡើង ផ្ទាំងទឹកកកធំៗ នឹងរលាយដូចល្បឿនផ្ទាំងទឹកកកតូចៗ ដូចនៅហ្គ្រីនឡែនបច្ចុប្បន្នអញ្ចឹងដែរ។

នៅពេលនេះបណ្ដាប្រទេសជាច្រើន ពិសេសប្រទេសមហាអំណាច បានដាក់ចេញផែនការជាច្រើន ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផែនដីនេះ នៅក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា អាចរួមគ្នាទប់ស្កាត់បានទាន់ពេលវេលា បើមិនដូច្នោះទេ អនាគតប្រទេសជាច្រើន នឹងត្រូវលិចលង់ដោយទឹកសមុទ្រ ហើយគ្រោះធម្មជាតិជាច្រើន នឹងកើនមានឡើងជាបន្តបន្ទាប់៕