ខណៈដែលករណីកូវីដ-១៩ បន្តកើនឡើង ពេលនេះការចាត់ចែងពិធីបុណ្យសពនៅក្នុងប្រទេសថៃ ត្រូវបានកាត់បន្ថយរយៈពេលច្រើន និងត្រូវបញ្ចប់ឲ្យបានលឿនបំផុត!

ក្រុមអ្នកជួយសង្គ្រោះរបស់ថៃ ដែលបានស្លៀកឯកសណ្ឋានពណ៌សរុំខ្លួន អមជាមួយនឹងប្រដាប់ការពារខ្លួនជុំជិត បានដាក់មឈូសទៅកាន់កន្លែងបូជាក្នុងវត្ត និងរៀបចំធ្វើការបូជាភ្លាមៗតែម្តង ដែលជាដំណើរការនៃការចាកចេញពីប្រពៃណីនៃពិធីបុណ្យសពជាច្រើនថ្ងៃ របស់ប្រទេសថៃ នៅពេលដែលព្រះរាជាណាចក្រមួយនេះ កំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ-១៩។ 

ទីក្រុងបាងកក គឺជាចំណុចកណ្តាលនៃរលកទី ៣ របស់ប្រទេសនេះ ដោយអាជ្ញាធរកំពុងព្យាយាមទប់ទល់នឹងការផ្ទុះឡើង ចាប់តាំងពីវាត្រូវបានគេរកឃើញដំបូងនៅក្នុងស្រុកមួយ (Nightlife district) កាលពីដើមខែមេសា។ 

ចំនួនករណីដែលត្រូវបានរកឃើញក្នុងពេលមួយខែ បានកើនលើសតួលេខសរុបរបស់ប្រទេសថៃនៅដើមខែមេសាទៅទៀត ដោយលោតពីប្រមាណ ២៩.០០០ ទៅ ៧៨.៨៥៥ ករណី បើគិតកាលពីថ្ងៃសុក្រនេះ។ 

សម្រាប់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារជម្ងឺកូវីដនេះ មិនអាចមានលទ្ធភាព ឬទទួលបានការអនុញ្ញាតពេញលេញក្នុងការរៀបចំពិធីបុណ្យសពបាននោះទេ ហេតុដូចនេះ ទើបសមាគមអ្នកស្ម័គ្រចិត្តមូលនិធិសៀម - ណាន់ថាបុរី (Siam-Nonthaburi) បានចូលជួយផ្តល់ជាសេវាកម្មបូជាសពដោយឥតគិតថ្លៃ ដោយមានការសម្របសម្រួលជាមួយវត្ត Wat Rat Prakong Tham ដែលជាវត្តព្រះពុទ្ធសាសនានៅតំបន់ Nonthaburi ជាយក្រុងបាងកក។ លោក Pairat Soottoop មន្ត្រីប្រចាំនៅមូលនិធិនេះ បាននិយាយថា ដោយសារតែហានិភ័យនៃការដោះស្រាយទៅលើសាកសព សេវាកម្មនេះត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ហើយដោយមានការប្រុងប្រយ័ត្នខ្លាំងតាមក្បួនសុវត្ថិភាពជាច្រើន។

លោកបានមានប្រសាសន៍ថា “នេះជាការងារដែលប្រថុយប្រថានខ្លាំង ហើយជាការងារដ៏ពិបាកបំផុត”។ ពួកគេបន្ថែមថា ជាធម្មតាពួកគេបានបូជាសាកសពតែមួយប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែរលកទីបីនេះ មានន័យថាពួកគេកំពុងរៀបចំពិធីបុណ្យសពយ៉ាងហោចណាស់ ៤ នាក់ ជារៀងរាល់ថ្ងៃ។

កាលពីនៅរសៀលថ្ងៃពុធ ក្រុមអ្នកជួយសង្គ្រោះអ្នកស្ម័គ្រចិត្តស្លៀកសំលៀកបំពាក់ PPE ពេញលេញ បានកាន់មឈូសពណ៌មាសកាត់ពណ៌សមួយ ចេញពីឡានសង្គ្រោះបន្ទាន់ ដោយផ្ទេរភ្លាមៗទៅកន្លែងបូជា នៃឈាបនដ្ឋាននៅក្នុងវត្ត Wat Rat Prakong Tham។

ជាធម្មតា ពិធីបុណ្យសពតាមគន្លងព្រះពុទ្ធសាសនា អាចមានរយៈពេលជាច្រើនថៃ្ង ដោយសមាជិកគ្រួសារអាចដាក់ផ្កានៅលើសព មុននឹងពេលត្រូវលើកចេញ រួចបញ្ចូលទៅក្នុងអណ្តាតភ្លើង។ ប៉ុន្តែដោយសារតែកូវីដ-១៩ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ នៅក្នុងកំឡុងករណីស្លាប់មួយរបស់ថៃ ពាក្យចុងក្រោយរបស់កូនស្រីម្នាក់ទៅកាន់សពម្តាយអាយុ ៥៩ ឆ្នាំរបស់គាត់កាលពីថ្ងៃពុធ គឺនិយាយដោយខ្លី ជាការពោលពាក្យលាជាចុងក្រោយ ខណៈដែលនាងពាក់អាវកាន់ទុក និងនិយាយលាពីចម្ងាយ លើអាសនៈ។

ភ្លាមៗបន្ទាប់ពីនោះ នាងត្រូវបានគេតម្រូវឱ្យចាកចេញពីតំបន់បូជាសព ទៅកន្លែងដែលនៅសល់នៃសាច់ញាតិរបស់នាងកំពុងរង់ចាំ។ បន្ទាប់មក ក្រុមអ្នកជួយសង្គ្រោះបាញ់គ្រឿងតង្វាយរបស់នាង អាវកាន់ទុក ក៏ដូចជាខ្លួននាងទាំងមូល ជាមួយនឹងទឹកថ្នាំសម្លាប់មេរោគ។ ក្រោយមកព្រះសង្ឃចាប់ផ្តើមសូត្រធម៌ឲ្យសព បន្ទាប់មកទ្វារនៃឡដុតសពត្រូវបានបិទ បន្តិចក្រោយមក យើងនឹងបានឃើញផ្សែងនៃសពដែលកំពុងបូជាហើរចេញពីបំពង់ខាងលើ របស់ឈាបនដ្ឋាន។ 

ដោយបានឃើញនូវពិធីបុណ្យសពយ៉ាងលឿន និងមានជាច្រើននៅក្នុងខែមុន ពាក្យទូន្មានតែមួយគត់របស់លោក Pairat គឺសម្រាប់អ្នកដែលមានសមាជិកគ្រួសារចាស់ៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកក៏បានប្រាប់ថា “អ្នកស្លាប់ភាគច្រើនដែលត្រូវបាននាំយកមកទីនេះ គឺជាមនុស្សចាស់។” 

រហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន ៣៦៣ នាក់។ ក្រុមមន្រ្តីបាននិយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃរលកទីបី គឺដោយសារតែវីរុសបំលែងថ្មីរបស់ចក្រភពអង់គ្លេស ដែលត្រូវបានរកឃើញជាលើកដំបូងកាលពីខែមុន។

កាលពីថ្ងៃពុធ អាជ្ញាធរបាននិយាយថា ពួកគេបានកត់ត្រាករណីដំបូងរបស់ខ្លួននៃវីរុសបំលែងថ្មីរបស់ប្រេស៊ីល នៅក្នុងទីតាំងចត្តាឡីស័ករបស់រដ្ឋទៀតផង។ យ៉ាងណាវាអាចនឹងជាសំណាងមួយដែរ ដែលករណីវីរុសបំលែងថ្មីនេះ បានរកឃើញនៅក្នុងទីតាំងកំណត់ស្រាប់ និងអាចចាត់វិធានការណ៍ទប់ស្កាត់បានភ្លាមៗផងដែរ។