បម្លាស់ប្ដូរនៃអ័ក្សរង្វិលផែនដី មានឥទ្ធិផលយ៉ាងណាពីបម្រែបម្រួលអាកាសធាតុ!

ដូចយើងបានដឹងស្រាប់ហើយថា ក្នុងប្រព័ន្ធអាទិត្យ ភពទាំងអស់ត្រូវវិលជុំវិញព្រះអាទិត្យ និងជុំវិញខ្លួនឯង ដោយសារតែភពនីមួយៗមានវិមាឌ ម៉ាស និងទំនាញទាញគ្នាទៅវិញទៅមក។ ចំណែកភពផែនដីមានលក្ខណៈពិសេសមួយផ្សេងទៀត ដោយសារមានភពចន្ទ ឬព្រះចន្ទ ដែលជាភពរណបវិលជុំវិញផែនដី ដូចនេះធ្វើឲ្យរង្វិលជុំរបស់ភពផែនដីមានលក្ខណៈទៀងទាត់ ពោលគឺមួយជុំរបស់ផែនដីមានរយៈពេល ២៤ ម៉ោង ចំណែករង្វិលមួយជុំព្រះអាទិត្យ ៣៦៥ ថ្ងៃ + ៦ ម៉ោង និងមានអ័ក្សសម្រាប់កំណត់គម្លងរង្វិលផងដែរ គឺប៉ូលទឹកកកខាងជើង និងប៉ូលទឹកកកខាងត្បូង និងខ្សែអេក្វាទ័រជាបន្ទាត់កណ្ដាលរបស់ផែនដី។ សូមបញ្ជាក់ថា ភពផែនដីរង្វិលជុំវិញខ្លួនឯងនៅក្នុងកម្រិតអ័ក្សត្រេត ២៣.៤ ដឺក្រេ ដូចអ្វីដែលយើងបានឃើញនៅលើភូគោលដូច្នោះដែរ ហើយអ័ក្សនេះនឹងមានការប្រែប្រួលនៅពេលអនាគត បណ្ដាលមកពីការរលាយទឹកកកនៃប៉ូលជើង និងប៉ូលត្បូង ថែមទាំងជះឥទ្ធិពលទៅលើគន្លងរង្វិលរបស់ផែនដី និងអាកាសធាតុលើភពផែនដីផងដែរ។

នៅក្នុងកិច្ចការស្រាវជ្រាវ Geophysical Research Letters ពីអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Chinese Academy of Sciences បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ផ្ទាំងទឹកកកនៅលើភពផែនដី បានរលាយលឿនជាងពេលណាៗទាំងអស់ ក្នុងនោះផ្ទាំងទឹកកកធំៗមាននៅ៖ រដ្ឋអាឡាស្កា, ប្រទេស Greenland, ប៉ូលទឹកកកខាងត្បូងអង់តាកទិច, និងមហាសមុទ្រទឹកកកខាងជើងអាកទិច ហើយសន្ទុះនៃការរលាយបានឡើងខ្ពស់បំផុតចាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ ៩០ ហើយអ្នកវិទ្យាសាស្ត្របានកំណត់ផលប៉ះពាល់ដល់ការផ្លាស់ប្ដូរអ័ក្សរង្វិលផែនដីចាប់ពីឆ្នាំ២០០២ មកម្ល៉េះ យោងតាមទិន្នន័យស្រាវជ្រាវ GRACE (Gravity Recovery and Climate Experiment)។ លោកសាស្ត្រាចារ្យ Vincent Humphrey អ្នកវិទ្យាសាស្ត្រអាកាសធាតុនៃសកលវិទ្យាល័យ University of Zurich ប្រទេសស្វីស បានឲ្យដឹងថា ការរលាយផ្ទាំងទឹកកកធំៗនៅលើភពផែនដី បានជះឥទ្ធិពលដល់ទំនាញនៃរំនឹងរបស់អ័ក្សរង្វិលខ្ញាល់ផែនដី ហើយកាលពីឆ្នាំ២០១៨ ភ្នាក់ងារអវកាស NASA និងមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ បានបង្ហោះផ្កាយរណបដើម្បីសិក្សាអំពីចំណុចទំនាញអ័ក្សរង្វិលនេះផងដែរ។

តាមការសិក្សាខាងលើនេះ អ្នកវិទ្យាសាស្ត្របានបង្ហាញទិន្នន័យជុំវិញបម្លាស់ប្ដូរអ័ក្សនៃរង្វិលខ្ញាល់នៃភពផែនដីកំពុងដើរឃ្លាតចេញពីគន្លងចាស់បន្ដិចម្ដងៗ ជាក់ស្ដែងអត្តគោលខាងជើង ចំណុចអ័ក្សរង្វិលផែនដី កំពុងឃ្លាតចេញពីប្រទេសកាណាដា មកកាន់ប្រទេសរុស្ស៊ីវិញ ជាមួយគ្នានោះគេក៏រំពឹងថាប្រទេសកាណាដា នឹងអាចបាត់បង់ផ្ទាំងទឹកកកច្រើនឡើងនៅពេលខាងមុខ។ ចំណែកឯការបាត់បង់ទឹកកក និងបរិមាណទឹកលើភពផែនដីនេះ មានទំនាក់ទំនងយ៉ាងខ្លាំងទៅដល់ម៉ាស និងទំនាញផែនដី ជាពិសេសគឺធ្វើឲ្យភពផែនដីវិលខុសគន្លងដើម ដោយសារបាត់បង់ទំនាញ។ លោក Humphrey បានបញ្ជាក់ថាផ្ទាំងទឹកកកនៅតំបន់ប៉ូល ជាម៉ាសដ៏ធំមួយរបស់ផែនដី ដោយសារតែផ្ទាំងទឹកកកមានទម្ងន់ ម៉ាស និងសម្ពាធខ្លាំងជាងពេលដែលវារលាយទៅជាទឹក ហើយក៏បាត់បង់បរិមាណនៅពេលរំហួតរលាយផងដែរ។ យ៉ាងណមិញ លោកក៏បានបញ្ជាក់ផងដែរថា ការបម្លាស់ប្ដូរអ័ក្សនៃរង្វិលផែនដីនេះ នឹងមិនមានបម្រែបម្រួលច្រើនលើជិវិតរស់នៅប្រចាំថ្ងៃនោះទេ គ្រាន់តែនឹងមានការផ្លាស់ប្ដូរពេលវេលារង្វិលផែនដីប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែកម្រិតខុសគ្នាត្រឹមខ្ទង់ មីលីវិនាទី (millisecond) ប៉ុណ្ណោះ មិនដល់ ១ វិនាទីផង ដូចនេះរដូវប្រាំង រដូវវស្សា នៅតែបន្ដជាធម្មតាសម្រាប់ការប្រកបកសិកម្ម។ ចំណែកឯគ្រោះធម្មជាតិផ្សេងៗ គេមិនអាចកំណត់បាននោះទេ។

រឿងមួយទៀត ដែលលោក Humphrey បានចង្អុលបង្ហាញនៅកិច្ចការស្រាវជ្រាវនោះគឺសកម្មភាពរបស់មនុស្សជាតិ កំពុងបំផ្លាញបរិមាណទឹកប្រើប្រាស់ នៅលើភពផែនដី ជាក់ស្ដែងតំបន់ដែលបរិមាណទឹកមានការផ្លាស់ប្ដូរខ្លាំងបំផុតរួមមាន៖ នៅរដ្ឋកាលីហ្វរញ៉ា, ភាគខាងជើងរដ្ឋតិចសាស, តំបន់ទីក្រុងប៉េកាំង, និងតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលធ្លាប់មានប្រភពទឹកប្រើប្រាស់យ៉ាងធំសម្រាប់កសិកម្ម ពេលនេះកំពុងឈានទៅរកកខ្វះខាត អាចកើតជាគ្រោះទុក្ខភិកផងនៅពេលអនាគត។