ថៃកំពុងផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ខ្លាំងម្ដងទៀត ដល់ជាង ២,០០០ ករណីក្នុងមួយថ្ងៃៗ

បាងកក៖ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក៏មិនខុសគ្នាខ្លាំងប៉ុន្មាននោះដែរ ទៅនឹងអត្រាឆ្លងនៅតាមបណ្ដាប្រទេសស្ថិតនៅអឺរ៉ុប ឬនៅអាស៊ីផ្សេងទៀត ដែលជាប្រទេសត្រជាក់។ ក្នុងនោះហ្វីលីពីន ឥណ្ឌូនេស៊ីបានរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈម៉ាឡេស៊ី និងថៃ បានកំពុងមានការកើនឡើងខ្លាំង រហូតដល់ថ្ងៃអាទិត្យម្សិលមិញនេះ ករណីឆ្លងនៅថៃបានកើនឡើងដល់ទៅ ២,១០១ នាក់ ឯណោះ។

រាជរដ្ឋាភិបាលថៃ បានចាប់ផ្ដើមបើកចាក់វ៉ាក់សាំងជាបណ្ដើៗហើយ តែនៅមិនទាន់ធ្វើឡើងក្នុងទ្រង់ទ្រាយធំទូទាំងប្រទេសនៅឡើយទេ ដោយសារតែចំនួនវ៉ាក់សាំងនៅមានកម្រិត ហើយត្រូវរង់ចាំការមកដល់ជាបន្តបន្ទាប់ទៀត។ បញ្ហានេះ ក៏បានធ្វើឱ្យពលរដ្ឋថៃជាច្រើនលាននាក់មានការព្រួយបារម្មណ៍អំពីការឆ្លងនៃរលកទី៣ ស្ថិតក្នុងខែមេសា ចូលខែឧសភានេះ ដោយគិតត្រឹមតែថ្ងៃអាទិត្យម្សិលមិញចំនួនឆ្លងនៅក្នុងសហគមន៍កើនឡើងទៅដល់ ២,១០១ នាក់ និងមានអ្នកស្លាប់ថ្មីកើនឡើងដល់ទៅ ១៧ នាក់ឯណោះ។

តាមការបញ្ជាក់របស់លោកស្រីវិជ្ជបណ្ឌិត Apisamai Srirangson អ្នកនាំពាក្យ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់ថៃ ហៅកាត់ថា (CCSA) បានឱ្យដឹងថា ករណីឆ្លងថ្មី និងកំពុងផ្ទុះឡើងខ្ពស់នេះ គឺស្ថិតក្នុងរលកទី ៣ ហើយ ដែលថៃបានកំពុងរងគ្រោះ ក្រោយពេលស្ងប់ស្ងាត់បានមួយរយៈពេលខ្លី។ លោកស្រីបញ្ជាក់ថា ករណីឆ្លងច្រើនជាងគេបំផុត ភាគច្រើនមានប្រភពមកពីទីក្រុងបាងកកតែម្ដង ដែលក្នុងមួយថ្ងៃៗជាង ១,០០០ នាក់ គួបផ្សំជាមួយនឹងតាមបណ្ដាខេត្ត-ក្រុងផ្សេងៗទៀត ធ្វើឱ្យអត្រាឆ្លងមួយថ្ងៃកើនឡើងដល់ទៅជាង ២,០០០ នាក់។

លោកស្រី Apisamai បន្តឱ្យដឹងថា គិតចាប់ពីខែមេសា មកដល់ដើមខែឧសភា នេះចំនួននៃការឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ៥២,៤១១ ករណី ដោយក្នុងនោះមាន ២៣,៩៩៣ ករណីត្រូវបានជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ ការកើនឡើងយ៉ាងឆាប់រហ័សនោះ ក៏មានការនាំចូលពីក្រៅស្រុងផងដែរ ពីអ្នកធ្វើដំណើរមកពីផ្នែកផ្សេងៗពីអន្តរជាតិ តែមានភាពងាយស្រួលគ្រប់គ្រង ខណៈពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់ ទើបមានការពិបាកសម្រាប់ការគ្រប់គ្រង ដោយតម្រូវឱ្យមានការអនុវត្តវិធានការផ្សេងៗ ដែលបានដាក់ចេញជាបន្តបន្ទាប់ដោយរដ្ឋាភិបាល។

ដើម្បីជម្រុញឱ្យហានិភ័យ នៃអត្រាឆ្លងថយចុះ រដ្ឋាភិបាលថៃ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក៏បានប្រកាសផងដែរថា នឹងជម្រុញឱ្យមានការចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺ ថៃនឹងត្រៀមចាប់ផ្ដើមផលិតវ៉ាក់សាំងប្រភេទ Astra Zeneca នៅក្នុងស្រុកផ្ទាល់ ឱ្យបាន ៦១ លានដូស តែការចាក់ផលិតនៅប្រទេសថៃនេះ រួមទាំងប្រភេទវ៉ាក់សាំង Moderna នឹងមិនត្រូវបានចាក់ជូនដោយឥតគិតថ្លៃនោះទេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នថៃកំពុងខ្វះខាតវ៉ាក់សាំងរាប់សិបលានដូស ដើម្បីបញ្ចេញទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខេត្ត-ក្រុងជាច្រើន ដោយការបញ្ជាទិញ និងការដឹកវ៉ាក់សាំងចូលកំពុងស្ថិតក្នុងការរង់ចាំ។

គួរបញ្ជាក់ផងដែរថា អត្រាឆ្លងថ្មីនៅប្រទេសថៃ បានកំពុងចាប់ផ្ដើមឡើងជាបន្តបន្ទាប់ទៀត និងស្ទុះឡើងខ្លាំង ដោយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ អត្រាអ្នកឆ្លងក្នុងសហគមន៍មានដល់ទៅ ២,៤០៩ ករណី ដោយមាន ១០ ករណីមកពីក្រៅស្រុក សរុបទាំងអស់ ២,៤១៩ ករណី ជាចំនួនច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីប្រទេសថៃរកឃើញករណីឆ្លងលើកទី១ កាលពីឆ្នាំ២០២០ មក៕