ផ្ទះកញ្ចក់សម្រាកលំហែមួយនេះ នឹងអាចឲ្យអ្នកមើលឃើញពន្លឺនៃភាគខាងជើង (Northern Light) បានយ៉ាងច្បាស់ពីបន្ទប់គេងដ៏ទន់ល្មើយរបស់អ្នកបាន!

ឥឡូវនេះ អ្នកអាចទទួលបានទេសភាពដ៏អស្ចារ្យនៃពន្លឺភាគជើង (Northern Light) ដោយផ្ទាល់ពីបន្ទប់គេងនៃកន្លែងស្នាក់នៅលំហែកាយរបស់អ្នកបាន។ ការកក់កន្លែងស្នាក់នៅតាម Airbnb ដ៏អស្ចារ្យនេះ ស្ថិតនៅខាងក្រៅទីក្រុង Hella ដែលជាទីក្រុងតូចមួយនៃភាគខាងត្បូងប្រទេសអ៊ីស្លង់ គឺជាកន្លែងដ៏ល្អដើម្បីរីករាយសម្រាប់ពេលវេលាវិស្សមកាលដ៏មិនអាចបំភ្លេចបាន ដោយពុំចាំបាច់លះបង់ការចេញពីបរិវេណដ៏មានផាសុកភាពឡើយ ព្រមទាំងផ្តល់អ្នកនូវទេសភាពដ៏ស្រស់ស្អាត។ 

ផ្ទះសម្រាកលំហែដែលគេហៅថា “Studio-style home” ដែលត្រូវធ្វើឡើងដោយមានផ្នែកខ្លះនៃផ្ទះធ្វើពីកញ្ចក់ រួមទាំងផ្នែកនៃពិដានផងដែរ ដូចនេះអ្នកដែលមកស្នាក់នៅក្នុងផ្ទះនេះ នឹងអាចមើលឃើញហ្វូងផ្កាយរាប់លាន នៅលើផ្ទៃមេឃក្នុងពេលរាត្រី ឬសូម្បីតែនៅក្នុងរដូវរងារ ទេសភាពនៃពន្លឺភាគខាងជើង (Northern Light) ដែលអាចមើលឆ្លុះពីបន្ទប់គេងរបស់អ្នក ក៏ដូចជាទិដ្ឋភាពនៃភ្នំភ្លើង Hekla របស់អ៊ីស្លង់ដ៏ធំបំផុតមួយទៀតផង។ 

ប៉ុន្តែទោះបីជាវាធ្វើពីកញ្ចក់ក៏ដោយ ក៏ផ្ទះនៅតែមានផាសុកភាពនិងកក់ក្ដៅទោះបីជានៅពេលដែលអាកាសធាតុចុះត្រជាក់ក៏ដោយ។ លើសពីនេះភ្ញៀវអាចរីករាយនឹងផ្ទៃរាបស្មើក្នុងផ្ទះ និងអាងទឹកក្តៅពេញមួយឆ្នាំ។ ទោះបីជាអ្នកមិនចាំបាច់ព្រួយបារម្ភ អំពីការឃើញពីមនុស្សដែលដើរនៅខាងក្នុង ព្រោះវាមានប្រព័ន្ធបញ្ជា ផ្តល់នូវភាពឯកជនមួយចំនួន ជាពិសេសនៅក្នុងបន្ទប់ទឹក ដោយសារឥទ្ធិពលកញ្ចក់ (two-way mirror effect) នៅលើជញ្ជាំង។ ផ្ទះនេះក៏មានភ្ជាប់មកជាមួយនូវផ្ទះបាយ ដែលមានបំពាក់នូវឧបករណ៍សម្រាប់ចម្អិនម្ហូបបានយ៉ាងពេញលេញផងដែរ។

 

ទីក្រុង Hella មានចម្ងាយប្រហែល 58 miles ពី Reykjavik ហើយមានប្រជាជនរស់នៅតិចជាង 1 ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែភ្ញៀវនៅខាងក្រៅអាចរីករាយនឹងសកម្មភាពជាច្រើននៅក្បែរនោះរួមមាន ការឡើងភ្នំ ជិះសេះ ជិះក្តាររអិលដោយអូសដោយសត្វឆ្កែ ឬសកម្មភាពនេសាទនៅតាមដងទន្លេ Ytri-Rangá។ អ្នកក៏អាចធ្វើដំណើរតាមសមុទ្រ និងទស្សនា Golden Circle រួមទាំង Gullfoss waterfall តំបន់ Geysir Geothermal Area និងឧទ្យានជាតិ Þingvellir។ ឬទស្សនាកន្លែងទាក់ទាញជាច្រើនដូចជា Thjofafoss, Aegissidufoss ឬទឹកជ្រោះ Urridafoss ក៏ដូចជាផ្ទាំងទឹកកក Sólheimajökull។ បើយោងតាម Arctic Adventures បានឲ្យដឹងថា នៅមានកន្លែងជាច្រើនទៀត ដែលអាចនឹងទៅកម្សាន្តផងដែរ បើសិនជាភ្ញៀវចង់ទៅ គេនឹងមានអ្នកចាំជូនភ្ញៀវទៅទីតាំងផ្សេងៗ។

នៅខាងភាគនិរតីរបស់អ៊ីស្លង់ មានសកម្មភាពទាក់ទាញនឹងកម្តៅនៃស្រទាប់ផែនដីច្រើន (geothermal activity) ដូច្នេះអ្នកអាចស្វែងរកឱកាសជាច្រើនក្នុងការចុះត្រាំក្នុងអាងទឹកកម្តៅធម្មជាតិ និងអាងទឹក Lagoons តាមធម្មជាតិផងដែរ។

អត្រាតម្លៃពេលយប់ចាប់ផ្តើមពី $506 ហើយផ្ទះនេះអាចផ្ទុកមនុស្សបានតែ 2 នាក់ប៉ុណ្ណោះ។ ទោះបីជាវាមិនសមស្របសម្រាប់កុមារក៏ដោយ ការស្នាក់នៅនេះក៏អនុញ្ញាតឱ្យអ្នកអាចនាំសត្វចិញ្ចឹមចូលផងដែរ។