ប្រទេសថៃ កំពុងសាងសង់ផ្លូវហាយវ៉េ ២៥ គីឡូម៉ែត្រ តភ្ជាប់មកកាន់ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន!

ដើម្បីឆ្លើយតបទៅនឹងកំណើនឡើងនៃតម្រូវការដឹកជញ្ជូនទំនិញ កម្ពុជា-ថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិភាគពាយព្យ ភាគីទាំងពីរបានសហការរៀបចំស្ថាបនាច្រកទ្វារអន្តរជាតិថ្មីមួយទៀត រវាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រថេត ខេត្តសាកែវ ដោយបានសាងសង់ស្ពានមិត្តភាពស្ទឹងបត់-បានណងអៀន និងរៀបចំអគារត្រួតពិនិត្យព្រំដែន ដើម្បីកាត់បន្ថយបញ្ហាកកស្ទះ និងភាពយឺតយ៉ាវនៃច្រកព្រំដែនចាស់ ក្រុងប៉ោយប៉ែត-បានខ្លងឡឹក។

យោងតាមការចុះផ្សាយពីគេហទំព័រ Bangkok Post បានបង្ហាញថា នាយកដ្ឋានផ្លូវហាយវ៉េប្រទេសថៃកំពុងសម្រុកសាងសង់ផ្លូវហាយវ៉េមួយខ្សែឈ្មោះថា Highway 3646 មានប្រវែង ២៥ គីឡូម៉ែត្រ ដែលចំណាយថវិកាជាង ២ ពាន់លានបាត (ប្រមាណ ៦៣ លានដុល្លារ) តភ្ជាប់ពីផ្លូវហាយវ៉េលេខ ៣៣ មកកាន់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៃប្រទេសកម្ពុជា ហើយគិតមកទល់ពេលនេះផ្លូវហាយវ៉េ ៣៦៤៦ នៃសម្រេចការងារបាន ៧០% មកហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២ ដូចនេះច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន រំពឹងអាចបើកដំណើរបណ្ដោះអាសន្នក្នុងពេលឆាប់ៗ។

ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលពីពេលថ្មីៗនេះបានបង្ហាញថា ភាគីកម្ពុជា-ថៃ កំពុងខិតខំប្រឹងប្រែងរិះរកនីតិវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ក្នុងការសម្រួលវិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ស្របពេលជាមួយគ្នានេះ ភាគីកម្ពុជា ក៏កំពុងសម្រុកការងារសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទូទៅនៃច្រកព្រំដែនថ្មីនេះផងដែរ ដោយរួមមាន៖ អគារច្រកត្រួតពិនិត្យ, សំណង់អគារអន្តេវាសិកដ្ឋាន, និងចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ (ឃ្លាំង និងទីលានកុងទឺន័រ) ដោយគម្រោងខាងលើនេះ ត្រូវបានទទួលសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd និង Tan Kim Eng Co., Ltd ដោយត្រូវចំណាយទឹកប្រាក់ប្រមាណ ៨៣៥ លានបាត (ប្រហែល ២៦ លានដុល្លារ) គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានកត់សម្គាល់ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតឱកាសការងារ និងការទាក់ទាញភ្ញៀវទេសចរទ្វេភាគីកាន់តែកើនឡើង សំដៅលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិប្រទេសទាំងពីរ។ ជាពិសេស នៅពេលដែលភាគីកម្ពុជា ស្ថាបនាផ្លូវជាតិលេខ ៥ រួចរាល់នោះ តំបន់ស្ទឹងបត់ ក្រុងប៉ោយបែត នឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចមួយអភិវឌ្ឍន៍ខ្លាំង ទៅលើការវិនិយោគមជ្ឈមណ្ឌលស្ដុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស បង្កើតជាសក្ដានុពលរូបវ័ន្ដដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។