តំបន់អាក់ទិក នៅតែបន្តរងគ្រោះ និងកំពុងស្វែងរកដំណោះស្រាយរួម ក្រោយការវិលត្រឡប់របស់អាមេរិក!

ការកើនឡើងនៃកម្ដៅរបស់ភពផែនដី បានកំពុងបន្តទៅមុខ ដោយពុំអាចវិលថយក្រោយបាននោះទេ ហើយលទ្ធផលនៃការខូចខាត និងទុក្ខសោកនាពេលអនាគត ក៏មិនអាចស្រោចស្រង់បានដូចគ្នា ប្រសិនបើការបំផ្លិចបំផ្លាញរបស់មនុស្សជាតិនៅតែបន្ត។ បញ្ហានេះ បានកំពុងកើនឡើងនៅតាមបណ្ដាប្រទេសជាច្រើន ហើយក្នុងនោះតំបន់អាក់ទិញ ស្ថិតនៅប៉ូលខាងជើង កំពុងផ្ទុះការព្រួយបារម្មណ៍ជាខ្លាំង។

ស្ថិតក្នុងកិច្ចប្រជុំ ដែលតែងតែប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ឆ្នាំម្ដង របស់ក្រុមប្រឹក្សាតំបន់អាក់ទិក (Arctic Council) មកពីប្រទេសទាំង ៨ នៅក្បែតំបន់អាក់ទិក (Arctic) កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញអំពីក្ដីបារម្មណ៍កាន់តែខ្លាំងថែមមួយកម្រិតទៀត ស្របពេលដែលកម្ដៅរបស់ភពផែនដី នៅតែបន្តកើនឡើង ពិសេសបំផុតគឺស្ថិតក្នុងល្បឿនមួយយ៉ាងលឿនទៀតផង។ ការកើនឡើងនៃកម្ដៅបានធ្វើឱ្យផ្ទាំងទឹកកកយក្ស ចាប់ផ្ដើមរលាយ ផ្ទាំងទឹកកកតូចៗចាប់រលាយសាបសូន្យ ខ្លះផុយស្រួយ ដែលនឹងចោទឡើងជាបញ្ហាកើនឡើងនៃកម្ពស់ទឹកសមុទ្រ។

ថ្នាក់ដឹកនាំមកពីប្រទេស កាណាដា ដេនម៉ាក ហ្វាំងឡង់ ន័រវ៉េ រុស្ស៊ី សូដង់ អាមេរិក និង Iceland ដែលបានបើកកិច្ចប្រជុំនៅប្រទេស Iceland បានលើកឡើងអំពីការដកសម្ពាធធំមួយ របស់លោក Donald Trump កាលពីពេលកន្លងទៅ ដោយជំនួសមកវិញនៃការដឹកនាំរបស់លោក Joe Biden វិញ ដែលធ្វើឱ្យ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអាក់ទិក អាចប្រព្រឹត្តទៅបានរលូនល្អជាងមុន។ ស្ថិតក្រោមការដឹកនាំរបស់លោក Joe Biden នឹងផ្ដោតសំខាន់ទៅលើបម្រែបម្រួលអាកាសធាតុផែនដី ខណៈលោក Donald J. Trump បានបដិសេធ មិនចុះហត្ថលេខាលើសេចក្ដីប្រកាសរួម ដែលធ្វើឡើងកាលពីឆ្នាំ​ ២០១៩ កន្លងទៅ។

សម្រាប់ឆ្នាំ២០២១ តទៅ អាមេរិកត្រឡប់មកវិញហើយ នេះបើយោងតាមការលើកឡើងរបស់លោក Mikaa Mered សាស្ត្រាចារ្យនៃមហាវិទ្យាល័យ Sciences Po ដែលមានជំនាញឯកទេសនៃតំបន់អាក់ទិក។ លោកបានបញ្ជាក់ថា គោលបំណងរបស់លោក Biden និង Trump អាចមានចំណុចដូចគ្នាខ្លះ ដោយរដ្ឋាភិបាលលោក Biden នឹងផ្ដោតសំខាន់ទៅលើផ្នែកផ្សេងៗទៀតនៃតំបន់អាក់ទិក ពិសេសគឺបម្រែបម្រួលអាកាសធាតុ ខណៈរដ្ឋាភិបាលលោក Trump ផ្ដោតទៅលើថាមពល សុវត្ថិភាព និងត្រូវប្រឆាំងជាមួយនឹងមហិច្ឆតារបស់ចិន និងរុស្ស៊ី។ 

ដើម្បីការពារគ្រោះហានិភ័យផ្សេងៗ នៅតំបន់អាទិក ពិសេសគឺការកើនឡើងកម្ដៅ ក្រុមប្រឹក្សាអាក់ទិក នឹងចាប់ផ្ដើមឡើងវិញម្ដងទៀត ក្នុងការកំណត់ការព្រមព្រៀង និងលក្ខខណ្ឌផ្សេងៗ នៅក្នុងសន្ធិសញ្ញា សម្រាប់អនុវត្តចំពោះរដ្ឋជាសមាជិក សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខទៀត ដើម្បីកាត់បន្ថយផលវិបាកផ្សេងៗ។ ការវិលត្រឡប់របស់អាមេរិក លើកនេះមានន័យថា នឹងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត នៅតំបន់អាទិក។ ការដាក់ចេញគោលការណ៍សំខាន់ៗ ក៏ដូចជាវិធានការទប់ស្កាត់ហានិភ័យ សិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ នៅតែបន្តទៅមុខ តែលទ្ធផលប្រែប្រួលយ៉ាងណាគឺស្ថិតនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងលោក Vladimir Putin៕