មកស្គាល់ភូមិបុរាណមួយកន្លែង ដែលមានអាយុកាលចំណាស់ ជិត៣ពាន់ឆ្នាំមកហើយ!

នៅក្នុងប្រទេសចិន មានភូមិបុរាណជាច្រើន ដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ ដែលតំបន់ទាំងនោះត្រូវបានគេអភិរក្សបានយ៉ាងល្អ មិនធ្វើការវិនិយោគ ឬកម្រែទម្រង់បុរាណនោះទេ តំបន់ខ្លះទុកជាទីតាំងសម្រាប់វិស័យភាពយន្ដ ចំណែកតំបន់ខ្លះទៀតត្រូវបានដាក់ចូលជាបេតិកភ័ណ្ឌជាតិទៀតផង។ អញ្ចឹងថ្ងៃនេះយើងនឹងមកស្គាល់ភូមិបុរាណមួយកន្លែងនៅប្រទេសចិន ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេ ក្នុងការទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ចិន កាលពីសម័យបុរាណ ហើយអ្នកខ្លះក៏ធ្លាប់បានឃើញវានៅក្នុងខ្សែភាពយន្ដផងដែរ។

ភូមិមួយនេះ មានឈ្មោះថា Pingyao ដែលកាលពីមុនវាជាទីក្រុង Pingyao ស្ថិតនៅក្នុងខេត្តសានស៊ី ប្រទេសចិន។ ទីក្រុង Pingyao មានប្រវត្តិជិត ៣ ពាន់ឆ្នាំមកហើយ ដោយស្ដេច Xuan បានយកទីតាំងនោះ សាងសង់ជាទីក្រុងនៃនគរចូវ តាំងពីឆ្នាំ ៨០០ មុនគ្រឹសករាជមកម្ល៉េះ ទើបក្រោយមកវាត្រូវបានដណ្ដើម និងគ្រប់គ្រង់ដោយរដ្ឋបាលនៃរជ្ជកាលឈីង។ មកដល់រជ្ជកាលហាន ទីក្រុងនោះបានប្ដូរឈ្មោះទៅជាប្រទេស ឬនគរ Zhongdu វិញ លុះមកដល់ក្នុងរជ្ជកាលឆេង (សតវត្សទី ១៦) ខេត្តសានស៊ី ត្រូវបានគេយកធ្វើជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំរាជធានី ហើយទីក្រុងមួយនេះមានភាពរីកចម្រើនយ៉ាងខ្លាំងបំផុត និងក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុតាំងពីទសវត្សទី ១៦ រហូតមកដល់ការដួលរលំនៃរជ្ជកាលឆេង ក្នុងឆ្នាំ ១៩១២ និងចូលគ្រប់គ្រងដោយជនជាតិអង់គ្លេស ទីក្រុងមួយនេះក៏ត្រូវបានទុកចោល មិនមានភាពល្បីល្បាញដូចមុននោះទេ។

មកដល់ពេលបច្ចុប្បន្ននេះ ទីក្រុង Pingyao ក្លាយជាភូមិបុរាណមួយ ដែលរដ្ឋាភិបាលចិន បានដាក់ចូលជាតំបន់អភិរក្សទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ (Chinese Historic and Cultural Cities) ក្នុងឆ្នាំ ១៩៨៦ ជាទីក្រុងនៅសល់រចនាបថនៃសំណង់ក្នុងរជ្ជកាលម៉េង និងរជ្ជកាលឆេងច្រើនជាងគេបំផុត។ លើសពីនេះ វាក៏បានដាក់ចូលជាបេតិកភ័ណ្ឌពិភពលោក ដោយអង្គការ UNESCO កាលពីឆ្នាំ ១៩៩៧ ផងដែរ។ ហេតុនេះហើយ បានជាទីក្រុងនោះ មិនអភិវឌ្ឍន៍អ្វីឡើយ គឺការរស់នៅតាមបែបបុរាណតែម្ដង ហើយក៏មិនមានប្រជាជនច្រើនដែរ ដោយតាមរយៈការស្ទង់ស្ថិតិឆ្នាំ ២០១០ ទីក្រុង Pingyao មានមនុស្សរស់នៅតែ ៥ ម៉ឺននាក់ប៉ុណ្ណោះ ហើយមកដល់ពេលនេះ ក៏មិនផ្លាស់ប្ដូរអ្វីច្រើនដែរ។ ដោយសារតែភូមិនេះ ត្រូវបានអភិរក្ស ដូចនេះហើយវា មានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍អាចសិក្សា និងចូលទស្សនាអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្មនៃរជ្ជកាលឆេង និងម៉េង -ល- ថែមទាំងរកចំណូលបានច្រើនទៀតផង ដោយវាធ្លាប់បានទទួលចំណូលដល់ ១៣.៧ លានដុល្លារ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ នៅក្នុងទិវា May Day ពីវស័យទេសចរណ៍ប្រវត្តិសាស្ត្រនេះ។