ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អាទិភាពមួយ!

នៅក្នុងកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមប្រឹក្សាសភាពាណិជ្ជកម្មអាមេរិចនៅកម្ពុជា (AmCham) កាលពីថ្ងៃទី១៧ ខែមិថុនា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពមួយរបស់ប្រទេសកម្ពុជា ដែលកំពុងសិក្សានិងវាយតម្លៃយ៉ាងម៉ត់ចត់ មុននឹងជ្រើសរើសយកគម្រូមួយជាផ្លូវការដើម្បីសាងសង់នាពេលខាងមុខ។ 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានសិក្សាគម្រោងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនចិន China Railway international Group Co., Ltd ដែលមានគម្រូប្លង់ចំនួន ៣ មកហើយសម្រាប់ជ្រើសរើស ប៉ុន្តែមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយត្រូវការចំណាយពេលសិក្សាផលប៉ះពាល់ ដេញថ្លៃក្រុមហ៊ុនដែលមានគុណភាពសាងសង់ និងជ្រើសរើសយកគម្រោងប្លង់ដែលមានតម្លៃទាបផងដែរ។ មកទល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់បានសម្រេចជ្រើសរើសប្លង់ណាមួយ ឬបង្ហាញការដាក់ស្នើកម្ចីសាងសង់នៅឡើយទេ គ្រាន់តែបានបង្ហាញថា គម្រោងដែលបានសិក្សាដោយជប៉ុន មានតម្លៃខ្ពស់លើសពីសមត្ថភាព។ 

យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ស្របពេលដែលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងស្ថិតក្នុងការសាងសង់និងសម្រេចបានលើសពី ៥០% មកហើយនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ផ្ដល់អាទិភាពដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវក្រវ៉ាត់ក្រុងទី៤ បន្ថែមទៀតឲ្យបានឆាប់ៗ ក្នុងគោលបំណងបំពេញតម្រូវការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងអភិវឌ្ឍន៍ដែលជួយស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ 

គូសបញ្ជាក់ផងដែរ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត យោងតាមរបាយការណ៍សិក្សាបឋម មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅដល់ក្រុងបាវិតច្រកព្រំដែនកម្ពុជា-វៀតណាមតែម្ដង ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង គ្រោងចំណាយថវិកាសាងសង់ប្រហែល ២ ពាន់លានដុល្លារ។ ចំណែកភាគីវៀតណាមក៏មានគម្រោងផ្លូវល្បឿនលឿនប៉ុកបៃ-ហូជីមិញ តភ្ជាប់មកកាន់ប្រទេសកម្ពុជាប្រវែង ៥៣ គីឡូម៉ែត្រផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងផ្លូវល្បឿនលឿនទី២ ក្នុងប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងជាង ១៩៥ គីឡូម៉ែត្រ ដែលកំពុងលេចចេញជារូបរាងសម្រេចការងារបានជាង ៥៣% មកហើយនោះ។ ផ្លូវល្បឿនលឿនទាំង ២ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការធ្វើដំណើររហ័ស កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ សម្រួលការដឹកជញ្ជូនទំនិញជាពិសេតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិអាស៊ាន អភិវឌ្ឍន៍វិស័យភស្ដុភារកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។