អាមេរិកកំពុងជួបគ្រោះរាំងស្ងួតកម្រិតធ្ងន់ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយមិនធ្លាប់មានពីមុនមក

វ៉ាស៊ីនតោន៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អាមេរិក បានប្រកាសអាសន្នអំពីបញ្ហាបម្រែបម្រួលអាកាសធាតុផែនដី ដែលបានកំពុងធ្វើឱ្យភាគខាងលិច នៃប្រទេសអាមេរិក រងគ្រោះធ្ងន់ធ្ងរ ដោយសារតែគ្រោះរាំងស្ងួត កម្រិតធ្ងន់ មិនធ្លាប់កើតមានឡើងខ្លាំងដូចក្នុងឆ្នាំ ២០២១ នេះ ពីមុនមកនោះទេ។ បញ្ហានេះ កំពុងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋអាមេរិក ស្ថិតក្នុងតំបន់រងគ្រោះ ប៉ះពាល់ជាខ្លាំង។

រដ្ឋមួយចំនួនស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក រួមមានដូចជា Arizona, California, Nevada Oregon, Utah និងមួយចំនួនផ្សេងទៀត កំពុងជួបបញ្ហាគ្រោះធម្មជាតិ ដោយសារតែគ្រោះរាំងស្ងួតកម្រិតធ្ងន់ ធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាព និងការរស់នៅរបស់ពលរដ្ឋអាមេរិករាប់សិបលាននាក់។ គ្រោះរាំងស្ងួតនេះ មិនមែនជារឿងថ្មីរបស់អាមេរិកនោះទេ តែក្នុងឆ្នាំ ២០២១ នេះ គឺជាព្រឹត្តិការណ៍ថ្មី៏មួយ ដែលនៅក្នុងរដ្ឋ ឬតំបន់ទាំងនោះបានបាត់បង់ទឹកជាច្រើន។ 

ការបាត់បង់ទឹកនៅតាមដងទន្លេ បឹង ស្ទឹង ព្រែក ត្រពាំងនានា កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតមួយ ដោយមិនត្រឹមតែក្ដៅហួតហែងជាងមុននោះទេ ព្រឹត្តិការណ៍គ្រោះរាំងស្ងួតនេះ បានកើនមានឡើងជាញឹកញាប់ផងដែរ។ មូលហេតុ ធ្វើឱ្យសហរដ្ឋអាមេរិក រងគ្រោះដោសារតែគ្រោះរាំងស្ងួតនេះ កើតឡើងចេញពីកត្តាធំចំនួន ២ គឺ ពុំមានភ្លៀងគ្រប់គ្រាន់ និងការកើនឡើងកម្ដៅផែនដី។ របាយការណ៍របស់សមហាគមមហាសមុទ្រ និងបរិយាកាសជាតិ ហៅកាត់ថា (NOAA) បានបញ្ជាក់ថា ចំនួនភ្លៀងធ្លាក់បានកាត់បន្ថយជាច្រើន ធ្វើឱ្យតំបន់ជាច្រើនខ្វះខាតទឹក បង្ករឱ្យកើតមានគ្រោះរាំងស្ងួតនៅរដូវក្ដៅ ឬរដូវម៉ូសុង (Monsoon)។

NOAA បានបញ្ជាក់ទៀតថា បើទោះបីជាមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ឬបង្កួរក៏ដោយ គ្រោះរាំងស្ងួតនឹងបន្តកើតមានឡើងយ៉ាងឆាប់រហ័សដដែល ដោយសារតែកម្ដៅកើនឡើងខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ ត្រូវបានកំណត់ថាជាឆ្នាំ មានកម្ដៅកើនឡើងខ្លាំងមិនធ្លាប់មានប្រចាំប្រវត្តិសាស្ត្ររបស់អាមេរិក។ កត្តាកម្ដៅនេះ បានធ្វើឱ្យបរិស្ថានជាច្រើនខ្វះខាតទឹក ព្រៃឈើងាប់ និងបង្កើតជាភ្លើងឆេះព្រៃ ប៉ះពាល់ទៅដល់កម្រិតធ្លាក់ព្រិល ការរលាយផ្ទាំងទឹកកកលឿន និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត។

ក្នុងឆ្នាំ ២០២១ ស្របពេលអាមេរិក រងគ្រោះដោយសារតែគ្រោះរាំងស្ងួតនេះ កំពុងបង្កើតជាក្ដីបារម្មណ៍ជាខ្លាំងថា នឹងបង្កើតឱ្យមានការក្ដៅហួតហែងខ្លាំងជាងឆ្នាំមុន ពិសេសអាចនឹងបង្កើតឱ្យមានភ្លើងឆេះព្រៃច្រើនករណី ដូចឆ្នាំទៅមិញនេះនៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានសម្លាប់ពលរដ្ឋអាមេរិក ៣១ នាក់ សត្វព្រៃរាប់លានក្បាល និងព្រៃឈើជាង ១,៦ លានហិចតា។ ជាងនេះទៅទៀត គ្រោះរាំងស្ងួតឆ្នាំនេះ ក៏នឹងបង្កើតឱ្យមានកង្វះខាតទៅលើការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់ជាច្រើនផងដែរ ដោយសារតែគ្មានប្រភពទឹកសម្រាប់វារីអគ្គិសនី ប៉ះពាល់ទៅដល់ជីវិត និងជីវចម្រុះនៅក្នុងទឹក ឬក្បែមាត់ទឹក សត្វព្រៃ ការទាក់ទាញទឹកភ្លៀង ពិសេសគឺកង្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលនឹងទទួលរងការខូចខាតក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ 

គ្រោះរាំងស្ងួតឆ្នាំ ២០២១ នេះ អាចនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយរបស់អាមេរិក ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យជាច្រើនរបស់អាមេរិក ព្រោះថាអាកាសធាតុផែនដី នៅតែបន្តដំណើរទៅមុខ ពិបាកនឹងវិលត្រឡប់ក្រោយវិញណាស់។ គ្រោះធម្មជាតិជាច្រើន បានកើនមានឡើងជាញឹកញ៉ាប់ និងកាន់តែខ្លាំងក្លា បម្រែបម្រួលអាកាសធាតុ កាន់តែក្ដៅឡើងៗ បើទោះបីជាអ្នកនយោបាយអាមេរិកកំពុងចាត់វិធានការ ដើម្បីដោះស្រាយបញ្ហានេះជាមួយពិភពលោកក៏ដោយ តែមនុស្សជាតិទាំងមូលនឹងបន្តប្រឈមមុខនឹងគ្រោះធម្មជាតិជាច្រើនបន្ថែមទៀត នាពេលអនាគត បើពុំរួបរួមគ្នាដោះស្រាយបញ្ហាប្រឈម៕