ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការងារបានជាង ៥៥%

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី ៩ អន្តរក្រសួង នៃរដ្ឋសភា និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញត្រួតពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ មកទល់ខែមិថុនា ឆ្នាំ២០២១ សម្រេចបានការងារ ៥៥.០៥% មកហើយ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ 

សមិទ្ធផលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងលេចចេញជារូបរាងបណ្ដើរៗហើយ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន PPSHV Express Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលមានកម្លាំងពលកម្មសរុបចំនួន ៤,១៥៣ នាក់ ក្នុងនោះមានបុគ្គលិកកម្ពុជាចំនួន ៣,២៣៩ នាក់ស្មើនឹង ៧៨% និងចិន ៩១៤ នាក់។ ម្យ៉ាងវិញទៀត គម្រោងនេះមិនត្រូវបានបង្អាក់ដំណើរការក្នុងវិបត្តិជំងឺកូវីដ-១៩ នោះទេ ក្រោមការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល ដែលបានផ្ដល់ការចាក់វ៉ាក់សាំងដល់បុគ្គលិកជាង ២,៧០០ នាក់មកហើយ (ចាក់ទាំង ២ ដូសរួចរាល់) ស្មើនឹង ៦៦% នៃចំនួនបុគ្គលិកសរុប។

ផ្លូវល្បឿនលឿនដំបូងក្នុងប្រទេសកម្ពុជានេះ មានប្រវែងជាង ១៩០ គីឡូម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកាសាងសង់ ២,០១៩ លានដុល្លារ ដើម្បីបំពេញចក្ខុវិស័យជាផ្លូវរបៀងយុទ្ធសាស្ត្រអាស៊ាន កាត់បន្ថយរយៈពេលធ្វើដំណើររហ័ស ការដឹកជញ្ជូនមានប្រសិទ្ធភាព និងកាត់បន្ថយតម្លៃភស្ដុភារកម្ម ផងដែរ។ ផ្លូវនេះ តភ្ជាប់ចាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់ភូមិ១ សង្កាត់ទី៣ ក្រុងព្រះសីហនុ និងអាចធ្វើដំណើរពីរាជធានីភ្នំពេញ ដល់ខេត្តព្រះសីហនុចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ដោយអាចបើកក្នុងល្បឿន ១០០-១២០ គីឡូម៉ែត្រ/ម៉ោង ថែមទាំងមានរបាំងសងខាងផ្លូវ ការពារសត្វពាហនៈគោក្របីឆ្លងកាត់ផងដែរ។

ចំពោះលក្ខណៈពិសេសលំអិតរបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានដូចខាងក្រោម៖ 

• ប្រវែង ១៩០ គីឡូម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក)

• មានស្ពានធំ និងមធ្យមឆ្លងកាត់ផ្លូវជាតិចំនួន ៤០ កន្លែង និងស្ពានតូចចំនួន ៥ កន្លែង

• មានផ្លូវបំបែកទិស ៧ កន្លែង, កន្លែងឈប់សម្រាក ៣ កន្លែង, ចំណតរថយន្ដ ១ កន្លែង, និងមជ្ឈមណ្ឌលប្រតិបត្តិការថែទាំចំនួន ៤ កន្លែង

• កន្លែងបញ្ជាបង់ប្រាក់ ៨ កន្លែង

• ផ្លូវនេះ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ ៨ គីឡូម៉ែត្រ, ខេត្តកណ្ដាល ៩.១ គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ៨០.៨ គីឡូម៉ែត្រ, ខេត្តកោះកុង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩.៨៩ គីឡូម៉ែត្រ។