កូរ៉េខាងត្បូង បើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិឡើងវិញ និងពុំតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ!

សេអ៊ូល៖ ករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ លើផ្ទៃប្រទេស របស់កូរ៉េខាងត្បូង បានថាំថយបន្តិចម្ដងៗហើយ ក្រោមយុទ្ធនាការចាក់វ៉ាក់សាំង ដែលកំពុងធ្វើឡើងយ៉ាងសកម្មបំផុត ធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា រាប់បញ្ចូលទាំងកុមារតូចៗ តាមអាយុដែលបានកំណត់ផងដែរ។ ទន្ទឹមនឹងការធ្លាក់ចុះនៃអត្រាឆ្លង កូរ៉េខាងត្បូង បានត្រៀមស្វាគមន៍ភ្ញៀវអន្តរជាតិ ដែលទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវផងដែរ។

ប្រភព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា កូរ៉េ ខាងត្បូង នឹងបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិ ឱ្យទៅក្នុងប្រទេសរបស់ខ្លួន ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃទៀតនោះទេ។ ការសម្រេចលុបចោលការធ្វើចត្តាឡីស័កនេះ ធ្វើឡើងសម្រាប់តែអ្នក ដែលទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ និងមានលិខិត ឬប័ណ្ណបញ្ជាក់ ចេញពីប្រទេសសមីប៉ុណ្ណោះ ដោយការលើកលែងនេះ នឹងចូលជាធរមាន សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ។

តាមការបញ្ជាក់របស់ លោក Son Young-rae ប្រធាននៃមជ្ឈមណ្ឌលរៀបចំ និងចាត់ចែងគ្រោះថ្នាក់របស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ការលើកលែងមិនឱ្យធ្វើចត្តាឡីស័ក រយៈពេល ២ សប្ដាហ៍នេះ នឹងផ្ដល់ជូនតែទៅលើក្រុមមនុស្សមួយចំនួនសិនតែប៉ុណ្ណោះ មិនទាន់ត្រូវបានបើកទូលាយនៅឡើយទេ។ ជាក់ស្ដែងពលរដ្ឋកូរ៉េខាងត្បូង ដែលរស់នៅបរទេសអាចមកកាន់ប្រទេសដើមកំណើតឡើងវិញបាន ក៏ដូចជាអ្នកជំនួញ វិនិយោគិនអន្តរជាតិ ការសិក្សា និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់ប្រយោជន៍សាធារណៈ ដោយមិនទាន់បើកទទួលភ្ញៀវទេសចរនៅឡើយទេ។

លោក Son Young-rae បន្ថែមទៀតថា ក្រុមមនុស្សដែលទទួលបានការអនុញ្ញាតនោះ ត្រូវតែបង្ហាញថា ខ្លួនបានទទួលការចាក់វ៉ាក់សាំង ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ដោយបង្ហាញប័ណ្ណ កាត ឬសេចក្ដីបញ្ជាក់ណាមួយរបស់អាជ្ញាធរនៃប្រទេសរបស់ខ្លួន។ ទន្ទឹមគ្នានោះដែរ អ្នកដែលទៅដល់ទឹកដីកូរ៉េខាងត្បូង ត្រូវមានកាត្វកិច្ចបំពេញទំរង់ឯកសារផ្សេងៗ និងត្រូវចូលទៅធ្វើតេស្ដរកវីរុសកូវីដ ១៩ ម្ដងទៀតជាចាំបាច់។ យ៉ាងណាក៏ដោយ បើទោះបីជាបានចាក់វ៉ាក់សាំង តែបើបុគ្គលនោះ ធ្វើដំណើរចេញពីប្រទេស ឬតំបន់ផ្ទុះករណីឆ្លងខ្លាំង ក៏មិនត្រូវបានលើកលែងមិនឱ្យធ្វើចត្តាឡីស័កនោះដែរ។

គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះករណីឆ្លងថ្មីៗនៅកូរ៉េខាងត្បូងបានធ្លាក់ចុះច្រើនគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅ ចំនួនឆ្លងមានតែ ៣៩៩ ប៉ុណ្ណោះ ខណៈចំនួនឆ្លងសរុប គិតចាប់តាំងពីឆ្នាំ ២០២០ មកមានប្រមាណជា ១៥ម៉ឺន ១ ពាន់ជាងនាក់ ដោយក្នុងនោះមានជាង ១៤ ម៉ឺន ៣ពាន់នាក់ បានជាសះស្បើយ និងចំនួនស្លាប់មាន ២,០០២ នាក់៕