កម្ពុជាអាចទាញចំណេញពីកិច្ចព្រមព្រៀង RCEP នូវកំណើនវិនិយោគ ២៣% និងការនាំចេញ ៧.៣%

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ ហៅកាត់ថា RCEP ដែលប្រទេសសមាជិកចំនួន ១៥ បានរៀបចំចុះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលបានបង្កើតទីផ្សារចំនួន ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនសរុបលើពិភពលោក និងមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២៦.២ ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួន ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្នែកលើទិន្នន័យឆ្នាំ២០១៩)។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជុំវិញកិច្ចព្រមព្រៀង RCEP ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោមវត្តមានរបស់ឯកឧត្តម ជៀម យាប, ឯកឧត្តម ឈាង វុន, លោកជំទាវ និន សាផុន និងសមាជិក សមាជិកា នៃគណៈកម្មការរដ្ឋសភាជាច្រើនទៀត តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មុននឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ 

ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង RCEP នេះកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧.៣% និងវិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន។ 

គូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង RCEP បានប្រទេសជាសមាជិកចំនួន ១៥ រួមមាន៖ កម្ពុជា, ថៃ, ឡាវ, វៀតណាម, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ចិន, កូរ៉េខាងត្បូង, ជប៉ុន, ណូវែហ្សូឡង់, និងអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ នឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូ ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវប្រយោជន៍សេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវ៉ាក់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការផ្ដល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការច្បាប់ ជាពិសេសការរួមចំណែកស្ដារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះដែរ បណ្ដាប្រទេសសមាជិកអាស៊ាន ASEAN នឹងកាត់បន្ថយពន្ធកូតា ៦៥% នូវរាល់ទំនិញពាណិជ្ជកម្មក្នុងតំបន់។