ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងត្រៀមខ្លួនបើកដំណើរការហោះហើរឡើងវិញហើយ ក្រោយពីបានផ្អាកអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដែលត្រៀមនឹងបើកឱ្យមានការហោះហើរជាអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
ប្រភពព័តមានផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ក្ដីសង្ឃឹមជាថ្មីនៃវិស័យទេសចរណ៍នៅកម្ពុជា កំពុងដំណើរការទៅមុខ ដោយជាកិច្ចចាប់ផ្ដើមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Sky Angkor Airline នឹងត្រៀមលក្ខណៈក្នុងការហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរតាមជើងអាកាស ឡើងវិញ នាពេលខាងមុខឆាប់ៗនេះ។ ការលើកឡើងនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រិភូតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
ស្ថិតក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព”។ លោកបន្តទៀតថា “នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ”។
ជាការឆ្លើយតបទៅនឹងដំណឹងនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ពិសេសគឺការយកដំណឹងនេះ ទៅសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនទេសចរណ៍នៅកូរ៉េ និងនៅប្រទេសចិន ក្នុងការធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Sky Angkor Airlines ក៏មានគម្រោងវិនិយោគបន្ថែមទៅលើការ បង្កើតផលិតផលទេសចរណ៍ថ្មីៗនៅតំបន់សៀមរាប-អង្គរបន្ថែមទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាដ៏មហាអស្ចារ្យ។
គួរបញ្ជាក់ផងដែរថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយ ជុំវិញការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។ នេះគឺជាក្ដីសង្ឃឹមមួយសម្រាប់ជួយ និងសង្គ្រោះទៅដល់វិស័យទេសចរណ៍នៅកម្ពុជា ដែលបានទទួលរងផលប៉ះពាល់ជាខ្លាំងដោយសារតែបញ្ហាជំងឺកូវីដ ១៩ ធ្វើឱ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិជាគំហុក៕
ប្រភព៖ ក្រសួងទេសចរណ៍