បញ្ហាបំរែបម្រួលអាកាសធាតុ បានកំពុងបង្ខំឲ្យមនុស្សរាប់រយលាននាក់ ទូទាំងពិភពលោកធ្វើចំណាកស្រុក

កត្តាជាច្រើនដូចជាផលិតកម្មកសិកម្មត្រូវបានកាត់បន្ថយ កង្វះទឹក ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ  គ្រោះរាំងស្ងួត ទឹកជំនន់ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ អាចបណ្តាលឲ្យមនុស្សរហូតដល់ ២១៦ លាននាក់ចាកចេញពីលំនៅដ្ឋាន និងធ្វើចំណាកស្រុកនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន នៅក្នុងឆ្នាំ ២០៥០ នេះបើតាមការព្រមាន ដែលត្រូវបានលើកឡើងដោយធនាគារពិភពលោក។

ការប៉ាន់ប្រមាណពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានចេញផ្សាយកាលពីថ្ងៃច័ន្ទនូវរបាយការណ៍ឆ្នាំ ២០១៨ ជាមួយនឹងតួលេខថ្មីពីអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល អាហ្វ្រិកខាងជើងនិងអាស៊ីបូព៌ា ក៏ដូចជាតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្តល់នូវការពិនិត្យឡើងវិញដ៏ពេញលេញបន្ថែមទៀត អំពីចំនួនអ្នករងគ្រោះ ដោយសារការកើនឡើងនៃសីតុណ្ហភាពពិភពលោក។

ក្នុងរបាយការណ៍បាននិយាយថា “ការប្រែប្រួលអាកាសធាតុ គឺជាកត្តាជម្រុញដ៏ខ្លាំងក្លានៃការធ្វើចំណាកស្រុក”។ ការខ្វះស្បៀងអាហារនិងទឹក រួមជាមួយការកើនឡើងនៃកម្ពស់នីវ៉ូសមុទ្របានបង្ហាញពី “ភាពបន្ទាន់សម្រាប់សកម្មភាពផ្លាស់ប្តូរ ខណៈការរស់នៅនិងសុខុមាលភាពរបស់មនុស្ស ត្រូវបានដាក់ឱ្យស្ថិតក្នុងភាពតានតឹង។”

លោក Juergen Voegele អនុប្រធានធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព បាននិយាយថាទិន្នន័យនេះផ្តល់នូវ “ការប៉ាន់ស្មានជាសកល” អំពីទំហំនៃការធ្វើចំណាកស្រុក ដែលមានសក្តានុពលខ្លាំង។

លោកបានលើកឡើងពីការព្រមានថា “បើគ្មានវិធានការណ៍ទាក់ទងនឹងការសម្រេចចិត្តទេ អាចនឹងមាន (Hotspots) នៃការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុ ដែលនឹងលេចចេញក្នុងពេលឆាប់ៗខាងមុខនេះ និងបន្តកើនឡើងនៅឆ្នាំ ២០៥០ ដោយសារមនុស្សចាកចេញពីកន្លែង ដែលមិនអាចផ្តល់ការរស់រានសម្រាប់ពួកគេ និងទៅកាន់តំបន់ដែលផ្តល់ឱកាសច្រើន សម្រាប់ការងារ និងការរស់នៅក្នុងកម្រិតល្អ។”

អ្នកស្រាវជ្រាវធនាគារនៅឆ្នាំ ២០១៨ បានចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើការធ្វើចំណាកស្រុកនៅអាស៊ីខាងត្បូង អាមេរិកឡាទីន និងអនុតំបន់សាហារ៉ាអាហ្វ្រិក ហើយព្យាករណ៍ថាប្រជាជនចំនួន ១៤៣ លាននាក់នៅក្នុងតំបន់ទាំងនោះ អាចត្រូវបង្ខំចិត្តផ្លាស់ទីលំនៅនៅឆ្នាំ ២០៥០។

ការប៉ាន់ប្រមាណដែលបានអាប់ដេតរួច តំណាងឱ្យប្រហែល ៣% នៃចំនួនប្រជាជនសរុបនៃតំបន់ ដែលបានលើកឡើងខាងលើ។ លោក Voegele បាននិយាយថា “វាជាការសំខាន់ក្នុងការកត់សម្គាល់ថា ការព្យាករណ៍នេះមិនត្រូវបានគេរំលងឡើយ។ ប្រសិនបើប្រទេសនានា ចាប់ផ្តើមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បិទគម្លាតអភិវឌ្ឍន៍ទាក់ទងនឹងចំហេះ ស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងជួយមនុស្សសម្របខ្លួនក្នុងបរិស្ថានរបស់ពួកគេនោះ ការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុ អាចត្រូវបានកាត់បន្ថយរហូតដល់ ៨០% មកត្រឹម ៤៤ លាននាក់នៅឆ្នាំ ២០៥០។”

ទោះយ៉ាងណាចំនួនពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត ព្រោះទិន្នន័យនេះមិនរាប់បញ្ចូលប្រទេសអ្នកមាន ដូចជានៅអឺរ៉ុប អាមេរិកខាងជើង ក៏ដូចជាមជ្ឈឹមបូព៌ា ឬប្រទេសកោះតូចៗជាដើម។ និន្នាការនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រទេសម្ចាស់ផ្ទះ ដែលជារឿយៗមិនបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងការហូរចូលនៃជនចំណាកស្រុកថ្មីៗឡើយ។

លោក Voegele បានសរសេរថា “គន្លងនៃការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុនៅក្នុងប្រទេសនីមួយៗ នៅពាក់កណ្តាលសតវត្សរ៍ក្រោយ អាស្រ័យលើសកម្មភាពរួមរបស់យើង ទៅលើបញ្ហានៃការការផ្លាស់ប្តូរអាកាសធាតុ និងការអភិវឌ្ឍ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះ។”

បើយោងតាមការលើកឡើងរបស់ធនាគារពិភពលោក ការទទួលបានទិន្នន័យតាមតំបន់នានាបានបង្ហាញថា ជនចំណាកស្រុកធ្វើចំណាកនៅក្នុងប្រទេសរបស់ពួកគេ ដោយសារការប្រែប្រួលអាកាសធាតុនោះ អាចប៉ះពាល់ដល់ចំនួន ៨៦ លាននាក់នៅតាមអនុតំបន់សាហារ៉ាអាហ្វ្រិក, ៤៩ លាននាក់នៅអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក, ៤០ លាននាក់នៅអាស៊ីខាងត្បូង, ១៩ លាននាក់នៅអាហ្វ្រិកខាងជើង, ១៧ លាននាក់នៅអាមេរិកឡាទីន និង ៥ លាននាក់នៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល។

ធនាគារពិភពលោកក៏បានព្រមានជាសកលថា “ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ក្រីក្របំផុត និងងាយរងគ្រោះបំផុតក៏ដូចជាគំរាមកំហែងទៅលើដំណើរនៃការអភិវឌ្ឍទូទៅ ហើយនៅកន្លែងខ្លះ សំណួរអំពីទម្លាប់ និងការសម្របខ្លួនរបស់មនុស្ស អាចនឹងកើតមានឡើងជារឿយៗ។”