ក្រុមហ៊ុនជប៉ុន សម្រេចវិនិយោគគម្រោងថាមពលអគ្គិសនីបៃតងនៅឡាវ ក្នុងទំហំធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

ឡាវ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន Mitsubishi Corp ដែលមានភាពល្បីល្បាញទូទាំងសកលោកបានសម្រេចធ្វើការវិនិយោគ ដោយបោះទុនរៀបចំ និងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនី ចេញពីកម្លាំងកកើតឡើងវិញបាន ដែលមានទំហំធំជាងគេបំផុតនៅអាស៊អាគ្នេយ៍។

ក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បានសម្រេចចិត្តធ្វើការបោះទុនវិនិយោគ នៅក្នុងវិស័យថាមពលអគ្គិសនី ស្ថិតក្នុងទឹកដីរបស់ប្រទេសឡាវ ដើម្បីផលិតថាមពលបៃតង សម្រាប់យកទៅផ្ទត់ផ្គង់លក់ឱ្យពលរដ្ឋរបស់ឡាវ ក៏ដូចជាអូសចេញទៅលក់ឱ្យប្រទេសវៀតណាមផងដែរ។ ការសម្រេចបោះទុនវិនិយោគកនុងទំហំទឹកប្រាក់ប្រមាណ ដុល្លារសហរដ្ឋអាមេរិកនេះ ក៏ដើម្បីឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយកាត់បន្ថយការបំពុល ឬបំភាយឧស្ម័នពុលទៅកាន់បរិស្ថាន។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់ឱ្យដឹងថា គម្រោងមួយនេះគឺជាផែនការវិនិយោគខ្នាតយក្សរបស់ក្រុមហ៊ុនជប៉ុន ដែលមានភាពជឿជាក់ថា នឹងអាចបង្កើតទៅជាថាមពលបៃតងសម្រាប់ផ្គត់ផ្គង់ទៅដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាឆ្លងទៅកាន់ប្រទេសវៀតណាម។ គម្រោងនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលវៀតណាមផងដែរ ខណៈពេលដែលវៀតណាមកំពុងត្រូវការថាមពលអគ្គិសនីដើម្បីប្រើប្រាស់ ស្របពេលប្រទេសនេះកំពុងពង្រីក និងកំពុងប្រកួតប្រជែងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀត។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Mitsubishi បានឱ្យដឹងដូច្នេះថា គម្រោងស្ថានីយ៍ផលិតថាមពលដោយកម្លាំងខ្យល់នេះ នឹងចាប់ផ្ដើមការសាងសង់ និងរៀបចំគិតចាប់ពីឆ្នាំ២០២២ តទៅ ដោយគម្រោងនេះអាចមានលទ្ធភាពផលិតថាមពលអគ្គិសនីបានក្នុងអានុភាពប្រមាណ ៦០០ មេហ្គាវ៉ាត់ ចេញពីស្ថានីយ៍ចំនួន ២ ស្ថិតក្នុងខេត្ត Sekong និងខេត្ត Attapeu នៃភាគខាងត្បូងប្រទេសឡាវ។ គម្រោងនេះ នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន Impact Energy Asia Development Ltd. ដោយតាមផែនការដែលបានគ្រោងទុកអាចនឹងចាប់ផ្ដើមបើកដំណើរការគិតចាប់ពីឆ្នាំ ២០២៥ ខាងមុខតទៅ។

Mitsubishi គឺជាក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ និងមានគោលបំណងធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិស្ថានផែនដីឱ្យបាន ១០០% នាឆ្នាំ ២០៥០ ខាងមុខ ហេតុដូច្នេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងជប៉ុន ឡាវ វៀតណាម និងថៃ គម្រោងនេះ នឹងក្លាយទៅជោគជ័យដ៏សំខាន់មួយសម្រាប់ពលរដ្ឋ និងជាប្រយោជន៍របស់ផែនដីទាំងមូលផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន  Mitsubishi ពុំបានបញ្ជាក់ឱ្យបានដឹងអំពីទំហំវិនិយោគសរុបនៅឡើយនោះទេ ជុំវិញគម្រោងដ៏ធំមួយនេះ៕