អូស្ត្រាលី បដិសេធការកាត់បន្ថយការប្រើប្រាស់ និងចែកចាយឥន្ធនៈហ្វូស៊ីល ទោះបីអន្តរជាតិកំពុងបង្វែទិសដៅ!

មែលប៊ន៖ សប្ដាហ៍កន្លងទៅនេះ ប្រទេសធំៗជាច្រើននៅជុំវិញពិភពលោកបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះចិន បានប្រកាសជាផ្លូវការជុំវិញការផ្ដាច់ជំនួយ ក៏ដូចជាធ្វើអាជីវកម្មឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម) ជាផ្លូវការ ទៅកាន់បណ្ដាប្រទេសជាមិត្ត តែនាយករដ្ឋមន្ត្រីអូស្ត្រាលី បែជាបដិសេធទៅវិញ។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា អូស្ត្រាលីកំពុងទទួលរងសម្ពាធយ៉ាងធំជុំវិញការកាត់បន្ថយប្រាក់ចំណូលរបស់ជាតិ ទៅលើបញ្ហាកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈប្រទេសមួយនេះ គឺជាអ្នកផ្គត់ផ្គង់ទីផ្សារធំជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយចែកចាយទៅកាន់បណ្ដាប្រទេសជាច្រើន។ បញ្ហានេះ ត្រូវបានលោក Scott Marrison នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី បានបដិសេធ ដោយមិនចង់ធ្វើការកាត់បន្ថយ តាមអ្វីដែលបណ្ដាប្រទេសធំៗក្នុងពិភពលោកចង់បាននោះទេ។

តាមរយៈកិច្ចសម្ភាសរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន SBS ក្នុងស្រុក បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងវាស៊ីនតោន កាលពីពេលកន្លងទៅនេះ លោក Morrison បានលើកឡើងថា បច្ចុប្បន្ននេះរដ្ឋាភិបាលរបស់លោកបានកំពុងធ្វើការរៀបចំផែនការ និងគម្រោងការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសហើយ តែបដិសេធជុំវិញការកាត់បន្ថយក្នុងការកាត់បន្ថយ ឬទប់ស្កាត់ការប្រើប្រាស់ ចាត់ចែង ឥន្ធនៈហ្វូស៊ីលនោះទេ។ លោកសង្កត់ធ្ងន់ថា មិនទាន់ឈានដល់ការកាត់បន្ថយ ឬដាក់ចេញគោលការណ៍ទៅដល់រោងចក្រក្នុងស្រុកនៅឡើយទេ ខណៈឥន្ធនៈហ្វូស៊ីលនេះក្នុងមួយឆ្នាំៗបានកើបសាច់ប្រាក់ចូលទៅជាចំណូលរបស់រដ្ឋបានយ៉ាងច្រើន។

នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ជាក់បន្ថែមទៀតថា យើងមិនចាំបាច់កាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនោះទេ ព្រោះថាការផ្លាស់ប្ដូរថ្មីនេះត្រូវចំនាយពេលជាច្រើន។ នៅពេលនេះយើងកំពុងធ្វើការងារយ៉ាងសំខាន់ទៅលើបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ក្នុងការផ្លាស់ប្ដូរឥន្ធនៈហ្វូស៊ីល ដោយ ២០ ឬ ៣០ ឆ្នាំទៅមុខទៀត យើងនឹងអាចឈានដល់ទៅការលុបចោល នូវការបំភាយឧស្ម័នពុលទាំងស្រុង។ ការលើកឡើងនេះ នឹងត្រូវលើកយកមកបកស្រាយ នៅក្នុងកិច្ចប្រជុំ COP26 លើទី ២៦ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ (UN) នាខែវិច្ឆិកា ខាងមុខនេះ នៅប្រទេសស្កុតលេន។

គួរបញ្ជាក់ផងដែរថា អូស្ត្រាលី ក៏មានផែនការដើរទៅរកប្រទេសគ្មានផ្សែងពុល ១០០% ដូចទៅនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោកផងដែរ តែការកាត់បន្ថយការប្រើប្រាស់ និងចែកចាយឥន្ធនៈហ្វុសស៊ីល អាចនឹងពិបាកសម្រាប់អូស្ត្រាលី ព្រោះថាធ្យូងថ្មនេះ គឺជាការនាំចេញធំជាងគេបំផុតរបស់ជាតិ។ ហេតុដូច្នេះការកាត់បន្ថយ នឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលរដ្ឋ ហើយនឹងប៉ះពាល់ជាបន្តបន្ទាប់ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃ នាពេលអនាគតរបស់ប្រជាពលរដ្ឋអូស្ត្រាលីផងដេរ នេះបើយោងតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី Barnaby Joyce៕