គម្រោងសាងសង់ស្ពានឆ្លងទន្លេរថ្មីនៅម៉ិចស៊ីកូ ជាការឆ្លើយតបនឹងបញ្ហាគ្រោះធម្មជាតិនាថ្ងៃអនាគត

ក្រុមស្ថាបត្យករ OMA មានទីស្នាក់ការស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញនូវស្នាដៃគម្រោងថ្មីមួយទៀតរបស់ខ្លួន ជុំវិញការរៀបចំ ការសាងសង់ស្ពានថ្មីមួយ ឆ្លងកាន់ដងទន្លេរ Apatlaco River នៃប្រទេសមិចស៊ីកូ ដែលជាការស្ដារឡើងវិញនៃស្ពានឆ្លង ក្រោយពេលស្ពានចាស់ទទួលរងផលប៉ះពាល់ដោយសារតែគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១៧ កន្លងទៅ។

ស្ពានថ្មើជើងថ្មីមួយ មានឈ្មោះហៅជាផ្លូវការថា The Jojutla Bridge ត្រូវបានរៀបចំគូប្លង់ និងឌីហ្សាញឡើងជាថ្មី ក្រោមស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ក្រុមស្ថាបត្យករ មកពី OMA ដែលជាស្ថាប័នឯកជនមានភាពល្បីល្បាញមួយរបស់អាមេរិក ក្នុងការឌីហ្សាញ រៀបចំសំណង់អគារជាអាទិ៍។ ស្ពានថ្មីនេះ មានរចនាបទប្លែក ប្រើប្រាស់រចនាបទហៅថា (WEB) ផ្ដល់នូវចន្លោះនៅជាន់ខាងក្រោមរបស់ស្ពាន ដើរតួរជាទ្វារ ជាបង់សម្រាប់អង្គុយ ឬសំរាក អាចហាត់ប្រាណ និងជិះកង់ឆ្លងបានផងដែរ។ សម្រាប់ផ្នែកខាងលើគឺជាស្ពានធម្មតា មានភាពទូលាយជាង ងាយស្រួលសម្រាប់អ្នកចង់ឆ្លងកាត់លឿន។

The Jojutla មានប្រវែងសរុប ១៤៥ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ អាចឱ្យការធ្វើដំណើរឆ្លងកាត់ទន្លេ Apatlaco មានភាពងាយស្រួល ជាមួយនឹងរចនាបទរាងកោង ប្រៀបបានដូចជាឆ្លងដងទន្លេរ ២ ដូច្នោះដែរ ព្រោះស្ពាននេះផ្សាភ្ជាប់ទៅកាន់ត្រើយមួយទៀតនៃដងទន្លេរ ហើយផ្សាភ្ជាប់ទៅកាន់ផ្នែកម្ខាងទៀតនៃដងទន្លេរដដែលនោះ ដូចក្នុងរូបភាពខាងក្រោម។ ស្ពានមួយខ្សែនេះ ប្រើប្រាស់បច្ចេកទេសថ្មីៗ ដោយក្រាលបេតុង ២ ស្រទាប់ ដោយស្រទាប់ខាងលើត្រូវបានឱ្យឈ្មោះថាជាស្បែក ផ្ដល់ភាពស្និតស្នាលចំពោះការឆ្លងកាន់ និងស្រទាប់ខាងក្រោមធានាទៅដល់គុណភាពស្ពានសម្រាប់ការប្រើប្រាស់រយៈពេលវែង។

តាមការបញ្ជាក់របស់ក្រុមស្ថាបត្យករបានឱ្យដឹងថា ការរៀបចំឌីហ្សាញស្ពាននេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងជាញឹកញ៉ាប់នាពេលបច្ចុប្បន្ន ពិសេសទៅកាន់ថ្ងៃអនាគត។ ស្ពាននេះត្រូវបានរៀបចំ យ៉ាងយកចិត្តទុកដាក់ ដោយឈរលើគោលគំនិតទប់ទល់ទៅនឹងបញ្ហា ពិសេសគឺការរងផលប៉ះពាល់ពីក្រោះធម្មជាតិដូចជាទឹកជំនន់ និងរញ្ជួយដីជាដើម ដែលធានាថាស្ពានមួយនេះ អាចឆ្លើយតបទៅនឹងបញ្ហាទាំងនោះបាន ក្រោយហេតុការណ៍ផ្សេងៗកើតមានឡើង។

គម្រោងសាងសង់ស្ពានឆ្លើយតបទៅនឹងគ្រោះធម្មជាតិ និងមានលក្ខណប្លែកសម្រាប់ការឆ្លងកាត់ដោយថ្មើជើង និងជិះកង់នេះបានចាប់ផ្ដើមការដ្ឋានសាងសង់ហើយ តែគម្រោងទាំងមូលពុំទាន់បានបញ្ជាក់ថា នឹងបញ្ចប់ការសាងសង់នៅខែឆ្នាំណានៅឡើយទេ រាប់បញ្ចូលទាំងតម្លៃសាងសង់ផងដែរ៕