ក្រសួងអប់រំ ប្រកាសត្រៀមបើកគ្រឹះស្ថានអប់រំគ្រប់កម្រិតលើផ្ទៃប្រទេស ចាប់ពីខែវិច្ឆិកា ខាងមុខនេះតទៅ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការហើយថា នឹងត្រៀមដាក់ឱ្យគ្រឹះស្ថានអប់រំគ្រប់កម្រិត នៅទូទាំងផ្ទៃប្រទេស បើកដំណើរការឡើងវិញ រាប់បញ្ចូលទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដើម្បីសង្គ្រោះវិស័យអប់រំរបស់កម្ពុជា ដែលបានបិទទ្វារជាង ១ ឆ្នាំកន្លងមកនេះ ដោយសារតែការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។

យោងតាមសេចក្ដីណែនាំ ចេញដោយក្រសួងអប់រំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបើកឱ្យគ្រឹះស្ថានអប់រំគ្រប់កម្រិត នៅលើផ្ទៃប្រទេស (ខេត្ត-ក្រុង) ឱ្យចាប់ផ្ដើមប្រតិបត្តិការឡើងវិញ ពោលគឺបើកដំណើរការបង្កាត់បង្រៀនសិស្សានុសិស្ស និស្សិត គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ សេចក្ដីណែនាំនេះ ត្រូវបានធ្វើឡើង ស្របពេលស្ថានការណ៍នៅកម្ពុជា បន្តមានភាពល្អប្រសើរឡើង ដោយចំនួនករណីឆ្លងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងចំនួនចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យ និងកុមារ មានចំនួនច្រើនរួចទៅហើយ។

ស្ថិតក្នុងសេចក្ដីណែនាំនោះ ក្រសួងអប់រំ បានបញ្ជាក់ទៀតថា បន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាប្រមាណ ៣០% បានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល និងមានការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។

ទន្ទឹមគ្នានោះដែរ ការបើកដំណើរការគ្រឹះស្ថានសិក្សា បានផ្តល់លទ្ធភាពឱ្យមានការធ្វើតេស្ត និងស្វែងរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាលដាលបានល្អប្រសើរ។ មិនតែប៉ុណ្ណោះ ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល ៧ថ្ងៃមុន ពីធីបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។

ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ នឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំង ការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន៕

 

 

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា