ការនាំចេញរបស់សឹង្ហបុរី ក្នុងត្រីមាសទី៣ បន្តកើនឡើងក្នុងអត្រាដល់ទៅ ៩% លើសពីការរំពឹងទុក

ការនាំចេញរបស់សឹង្ហបុរី នាឆ្នាំ២០២១ នេះ បានបន្តកើនឡើងពីមួយខែទៅមួយខែ ហើយពីមួយត្រីមាសទៅមួយត្រីមាសផងដែរ ក្រោមការបញ្ជាទិញពីសំណាក់ប្រទេសជាដៃគូ ស្របពេលពិភពលោកកំពុងបន្តដំណើរទៅមុខ ងើបចេញពីសម្ពាធនៃជំងឺកូវីដ ១៩។ សកម្មភាពនោះ បានញាំងឱ្យការនាំចេញផលិតផលរបស់សឹង្ហបុរី ទៅកាន់ទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់កាលពីត្រីមាសទី៣ កន្លងទៅ។

យោងតាមប្រភពព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ការនាំចេញផលិតជាច្រើន លើកលែងតែប្រេងឥន្ធនៈ ទៅកាន់ទីផ្សារអន្តរជាតិ បានបន្តកើនឡើងកាន់តែប្រសើរថែមទៀត បើធៀបទៅនឹងត្រីមាសទី២ កន្លងទៅ។ អត្រាកើនឡើងនោះមានរហូតដល់ទៅ ៩% បើធៀបទៅនឹងត្រីមាសទី៣ កាលពីឆ្នាំ ២០២០ ជាកំណើនច្រើនជាងការព្យាករណ៍ទុកទៅទៀត នោះក៏ដោយសារតែត្រូវការមានការកើនឡើងខ្លាំងពីអន្តរជាតិ ស្របពេលតម្លៃប្រេងអន្តរជាតិ បានកើនឡើងខ្ពស់ផងដែរ។

ទិន្នន័យចេញផ្សាយដោយសហគ្រាសសឹង្ហបុរី ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាល ហៅកាត់ថា (ESG) បានបង្ហាញថា ការកើនឡើងនៃការនាំចេញនាត្រីមាសទី៣ កន្លងទៅ ផលិតផលអេឡិចត្រូនិច ត្រូវបាននាំចេញច្រើនជាងគេ ស្ថិតក្នុងអត្រាកំណើនរហូតដល់ទៅ ១៥.៣% ឯណោះបើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ។ តួរលេខនេះ ក៏ជាការកើនឡើងរហូទដល់ទៅ ១៥.៧% បើធៀបទៅនឹងការនាំចេញនាត្រីមាសទី២ ដោយផលិតផលនាំចេញបានច្រើនជាងគេ គឺកុំព្យូទ័រ បន្ទះឈីប សៀគ្វី ត្រង់ស៊ីស្ទ័រ និងគ្រឿងបង្គុំអេឡិចត្រូនិចជាច្រើនផ្សេងទៀត។

ទន្ទឹមគ្នានោះដែរ ការនាំចេញផលិតផលមិនមែនអេឡិចត្រូនិច ក៏មានកំណើន ៧.១% ផងដែរ បើធៀបទៅនឹងឆ្នាំមុន ខណៈត្រីមាសទី២ មានកំណើន ៨.៥% ដោយការនាំចេញភាគច្រើន គឺជាគ្រឿងចក្រឯកទេស គីមីឥន្ធនៈ និងឱសថ។ ការបន្តមានភាពវិជ្ជមាន ជុំវិញការនាំចេញទៅកាន់ទីផ្សារបរទេសនេះ អាមេរិក គឺជាប្រទេសឈរលើតារាងទី១ ដែលបានទិញផលិតផលសឹង្ហបុរីច្រើនជាងគេ ទី២ គឺប្រទេសចិន តៃវ៉ាន់ និងកូរ៉េខាងត្បូង ខណៈការបញ្ជាទិញពីប្រទេសទាំង ២៧ នៃសមាជិកសហភាពអឺរ៉ុប បានធ្លាក់ចុះវិញ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សឹង្ហបុរី ក៏បានបង្កើនកម្រិត GDP របស់ប្រទេសពី ៦% ឡើងទៅ ៧% ផងដែរ ដោយយោងទៅតាមស្ថេរភាព និងកម្រិតសេដ្ឋកិច្ចជាក់ស្ដែងក្នុងរយៈពេល ៣ ត្រីមាសកន្លងទៅ ដោយរំពឹងថាត្រីមាសទី៤ សឹង្ហបុរី នៅតែបន្តមានលទ្ធផលវិជ្ជមានដដែល ជុំវិញការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស។ គួរបញ្ជាក់ថាគិតចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ សេដ្ឋកិច្ចសឹង្ហបុរីទាំងមូល មានការកើនឡើងក្នុងអត្រា ៧.១% បើធៀបទៅនឹង ៣ ត្រីមាសកាលពីឆ្នាំ ២០២០ កន្លងទៅ ជាអត្រាកំណើនច្រើនជាងការព្យាករណ៍ទុក៕