ប្រទេសឥណ្ឌូណេស៊ីមានផែនការអភិវឌ្ឍទេសចរណ៍នៅឧទ្យានភូមិសាស្ត្រសំខាន់ៗ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានឱ្យដឹងថា ឧទ្យានភូមិសាស្រ្តមួយចំនួន មិនត្រឹមតែជាកន្លែងសម្រាប់អប់រំកុមារប៉ុណ្ណោះទេ ប៉ុន្តែក៏មានសក្ដានុពលក្នុងការក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញផងដែរ។ លោក វីដូដូ បាននិយាយនៅក្នុងសុន្ទរកថាបើករបស់លោកនៅឯ សន្និសីទលើកទីពីរ ស្តីពី ឧទ្យានភូមិសាស្រ្តជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី22 ខែវិច្ឆិកាថា ឧទ្យាន ភូមិសាស្ត្រទាំងនោះអាចសមនឹងនិន្នាការទេសចរណ៍នាពេលបច្ចុប្បន្ននៃជំងឺកូវីដ19 រួមទាំងទេសចរណ៍ អេកូឡូស៊ី និងសុខភាព។

លោកបាននិយាយថា តាមរយៈនេះ អ្នកទេសចរអាចចូលរួមក្នុងការការពារបរិស្ថាននៃឧទ្យានភូមិសាស្ត្រ និងស្វែងយល់ពីប្រវត្តិភូមិសាស្ត្រ និងភាពចម្រុះវប្បធម៌។ លោកប្រធានាធិបតី វីដូដូ បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងរបស់ឧទ្យានភូមិសាស្រ្ត គឺជាគន្លឹះក្នុងការកំណត់ភាពជោគជ័យនៃការអភិវឌ្ឍឧទ្យានភូមិ សាស្រ្ត ហើយការគ្រប់គ្រងត្រូវតែមានការចូលរួមពីសកម្មជនឧទ្យានភូមិសាស្រ្ត អ្នកសិក្សា និងសហគមន៍ ដែលនៅជុំវិញ។ លោកបាននិយាយបន្តថា គំនិតច្នៃប្រឌិត និងរបកគំហើញជាក់ស្តែង គឺជាភាពចាំបាច់ ដើម្បីរក្សាតុល្យភាពនៃការអភិរក្សធម្មជាតិជាមួយនឹងសេដ្ឋកិច្ច។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ី លោក Binsar Pandjaitan បានរំពឹងថា ឧទ្យានភូមិសាស្ត្រនឹងក្លាយជា មេដែកទេសចរណ៍នាពេលអនាគត។

ប្រទេសឥណ្ឌូណេស៊ី គឺជាជម្រកនៃឧទ្យានភូមិសាស្ត្រពិភពលោកចំនួន 6 ដែលត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ ដែលរួមមានឧទ្យានភូមិសាស្រ្ត Belitong ឧទ្យានភូមិសាស្រ្ត Caldera Toba ឧទ្យានភូមិសាស្រ្ត Ciletuh-Pelabuhan Ratu ឧទ្យានភូមិសាស្រ្ត Rinjani ឧទ្យានភូមិសាស្រ្ត Sewu និងឧទ្យានភូមិសាស្រ្ត Batur។