ព័រទុយហ្គាល់ ក្លាយជាប្រទេសទី៤ នៅអឺរ៉ុប ដែលឈប់ប្រើប្រាស់ធ្យូងថ្មផលិតថាមពលអគ្គិសនីជារៀងរហូត!

ប្រទេសព័រទុយហ្គាល់ បានកែប្រែខ្លួនទៅជាប្រទេសជឿនលឿនមួយលំដាប់ទៀតហើយ ដោយសម្រេចលុបបំបាត់ចោលទាំងស្រុង នូវការប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន។ 

នៅទីបំផុត ប្រទេសព័រទុយហ្គាល់ បានក្លាយទៅជាប្រទេសទី៤ នៅក្នុងចំណោមសមាជិក សហភាពអឺរ៉ុប ហៅកាត់ថា (EU) ដែលលុបបំបាត់ចោលទាំងស្រុង នូវការប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតទៅជាថាមពលអគ្គិសនី ក្នុងការផ្គត់ផ្គង់ទៅដល់តម្រូវការក្នុងប្រទេស។ សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនេះ ដែលជាចក្ខុវិស័យ និងផែនការរយៈពេលវែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបំភាយឧស្ម័នពុលចូលក្នុងបរិយាកាស និងបម្រែបម្រួលអាកាសធាតុ។

ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដំណើរការដោយធ្យូងថ្មធំជាងគេរបស់ ព័រទុយហ្គាល់ ចម្ងាយប្រមាណជា ១៥០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងរដ្ឋធានា Portuguese ដែលជាស្ថានីយ៍ចុងក្រោយគេ ត្រូវបានបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការហើយ ក្នុងសប្ដាហ៍នេះ ក្រោមការសាទជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងបណ្ដាប្រទេសជាសមាជិក។ ការលុបចោលការប្រើប្រាស់ធ្យូងថ្មនេះ លោក  Francisco Ferreira អគ្គនាយកអង្គការ ZERO បានបង្ហាញចំណាប់អារម្មណ៍ថា នេះគឺជាសកម្មភាពដ៏សំខាន់ ដែលយើងកាត់ផ្ដាច់ខ្លួនយើងចេញពីការបំភាយឧស្ម័នពុល ហើយក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទៅដល់បរិស្ថានផែនដី។

ចាប់ពីការកាត់ផ្ដាច់ទាំងស្រុង នៃការប្រើប្រាស់ធ្យូងថ្មនេះ ប្រទេសព័រទុយហ្គាល់ នឹងចាប់ផ្ដើមប្រើប្រាស់ថាមពលបៃតងនៅតាមលំនៅឋាន និងអគារជាច្រើនលើផ្ទៃប្រទេស ដែលជាលទ្ធផលនៃការវិនិយោគអស់ទឹកប្រាក់រាប់សិបពាន់លានដុល្លារ របស់រដ្ឋាភិបាល ដែលបានចំនាយពេល ១ ទសវត្សរ៍ ក្នុងការវិនិយោគ និងបង្កើតទៅជាស្ថានីយ៍ដំណើរការដោយកម្លាំងខ្យល់ ស្ថានីយ៍សូឡា ផលិតថាមពលចេញពីកាំរស្មីព្រះអាទិត្យជាដើម។ 

គួរបញ្ជាក់ថា សមាជិកសហភាពអឺរ៉ុប ទី១ ដែលប្រកាសលុបចោលការប្រើប្រាស់ធ្យូងថ្ម ក្នុងការផលិតថាមពលអគ្គិសនីគឺប្រទេស Belgium ទី២ ប្រទេស Austria និងទី៣ ប្រទេស Sweden។ ប្រទេសព័រទុយហ្គាល់ ពុំមានធនធានធម្មជាតិនៅក្នុងស្រុកនោះទេ ដូចជាធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសមួយនេះ បានចំនាយថវិការជាច្រើន ទិញផលិតផលទាំងនោះចូលក្នុងប្រទេសដើម្បីប្រើប្រាស់ក្នុងសង្គម៕