សេដ្ឋកិច្ចអារ៉ាប់ ឆ្នាំ២០២២ នឹងមានកំណើន ៤.៩% ដោយសារការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈសកល

ឌូប៉ៃ៖ ឆ្នាំ២០២០ អារ៉ាប់បានខាតបង់សេដ្ឋកិច្ច ដោយសារតែការធ្លាក់ចុះនៃតម្រូវការប្រេងជាខ្លាំង មកពីការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ជាហេតុធ្វើឱ្យការធ្វើដំណើរជាសកលមានការថយចុះ និងទើបតែល្អប្រសើរឡើងវិញនាឆ្នាំ ២០២១។ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ សេដ្ឋកិច្ចអារ៉ាប់ និងល្អប្រសើរជាមួយនឹងកំណើនខ្ពស់ ដោយសារតែទីផ្សារប្រេងជួយជ្រុមជ្រែង។

ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដងថា តាមការព្យាករណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុឯករាជ្យ (KPMG និង Beltone) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់អារ៉ាប់ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ នឹងមានសន្ទុះ ៤.៩%។ កំណើន នាឆ្នាំក្រោយនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា មកពីមានតម្រូវការប្រេងជាសកល មានការកើនឡើងខ្ពស់ ខណៈក្នុងត្រីមាសទី៤ ឆ្នាំ២០២១ នេះកំណើននោះបានកើនឡើង និងកំពុងបន្តកើនឡើងរួចទៅហើយ ជាហេតុធ្វើឱ្យទីផ្សារប្រេងឡើងថ្លៃ។

ស្ថិតក្នុងការព្យាករណ៍របស់ក្រុមហ៊ុន KMPG និង Beltone បានឱ្យដឹងថា ឆ្នាំក្រោយ តម្លៃប្រេងឥន្ធនៈ នឹងបន្តឡើងថ្លៃ ដែលកម្រិតអតិបរមា អាចមានដល់ ១០%។ ការកើនឡើងនៃតម្លៃបន្ថែមសម្រាប់ឆ្នាំក្រោយនេះ មិនមែនដោយសារតែតម្រូវការច្រើនតែមួយមុខនោះទេ ដោយសារតែអង្គការ OPEC+ បានសម្រេច តាមរយៈកិច្ចព្រមព្រៀងពិសេស ដោយពុំបង្កើនទំហំនៃការបូមប្រេងនោះទេ ជាហេតុធ្វើឱ្យតម្លៃប្រេង នឹងបន្តកើនតម្លៃ ហើយវានឹងបង្កើនប្រាក់ចំណូលបន្ថែមទៅដល់ក្រុមហ៊ុនរកស៊ីប្រេង តែនឹងជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសជាច្រើន។

ក្រៅពីការកើនឡើងនៃតម្រូវការប្រេង ការនាំចេញផលិតផលជាច្រើនផ្សេងៗទៀតក្រៅពីប្រេង ទៅកាន់ទីផ្សារអន្តរជាតិ ក៏នឹងមានការកើនឡើងកាន់តែប្រសើរជាងឆ្នាំ ២០២១ នេះផងដែរ។ ជាក់ស្ដែង ក្នុងត្រីមាសទី៣ និងទី៤ នេះទំហំនៃការនាំចេញ និងទំហំនៃការនាំចូលបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយចិន គឺជាដៃគូសហការណ៍ ដ៏ធំ និងបានទទួលទិញផលិតផលរបស់អារ៉ាប់រួមច្រើនជាងគេ។ ទន្ទឹមនឹងការកើនឡើងទាំងការនាំចេញ និងនាំចូលនោះដែរ កម្រិតអថិផរណា (GDP) នឹងអាចកើនឡើងក្នុងអត្រា ២.៤% ទៀតផង។

កំណើនទាំងនោះ បានចូលរួមចំណែកជាពិសេសពីគោលនយោបាយរបស់រដ្ឋាភិបាលអារ៉ាប់ ដែលកាលពីឆ្នាំ ២០២០ ចូលមកឆ្នាំ ២០២១ នេះបានធ្វើវិសោធនកម្ម ក៏ដូចជាចេញគោលការណ៍ជាច្រើន ដើម្បីជម្រុញ និងលើកទឹកចិត្តឱ្យវិនិយោគិនអន្តរជាតិ ងាកមកមើលសេដ្ឋកិច្ចរបស់អារ៉ាប់ នៅគ្រប់វិស័យ ដោយនាំយកប្រទេសមួយនេះ ឱ្យក្លាយទៅជាបណ្ដុំសេដ្ឋកិច្ចដ៏សំខាន់នៅមជ្ឈិមបូព៌ា។ ការកើនឡើងនោះ ក៏នឹងកាត់បន្ថយអត្រាគ្មានការងាររបស់ពលរដ្ឋអារ៉ាប់បានមួយភាគធំទៀតផង ធ្លាក់ពី ៦.៥% ក្នុងឆ្នាំ ២០២១ ទៅ ៦.៣% នាឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើជំងឺកូវីដ ១៩ នៅតែបន្តផ្ទុះឡើងនាឆ្នាំក្រោយនេះ វាក៏នៅតែបន្តជាបញ្ហាប្រឈមធំមួយរបស់អារ៉ាប់ផងដែរ៕